នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា មូលនិធិគម្រោងសហហិរញ្ញប្បទាននេះ មានទំហំទឹកប្រាក់ ១០០ លានដុល្លារអាមេរិក ដែលជាការផ្ដល់សហហិរញ្ញប្បទានបដិភាគស្មើគ្នារវាងធនាគារសហគ្រាសធុនតូច និងមធ្យម និងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។ ក្នុងនោះ គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមនៃគម្រោងនេះ មានចំនួន ៣៣ រួមមាន ធនាគារពាណិជ្ជចំនួន ២៣, ធនាគារឯកទេសចំនួន ២, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន ៥, និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ២។
សហគ្រាសខ្នាតតូច និងមធ្យមដែលអាចទទួលបានកម្ចីនេះ ត្រូវអនុវត្តទៅតាមលក្ខខណ្ឌដូចជា ឥណទានដែលយកទៅនោះ គឺសម្រាប់ប្រើប្រាស់ជាទុនបង្វិល មានទំហំអតិបរមា ២០ម៉ឺនដុល្លារ និង/ឬ ឥណទានសម្រាប់ប្រើជាចំណាយមូលធន មានទំហំអតិបរមា ៣០ម៉ឺនដុល្លារ ដោយអត្រាការប្រាក់ប្រចាំឆ្នាំអតិបរមា មាន៧% ខណៈដែលរយៈពេលនៃឥណទាន គឺមិនលើសពី៤ឆ្នាំនោះឡើយ។
ក្រសួងសេដ្ឋកិច្ច បញ្ជាក់ទៀតថា សហគ្រាសធុនតូច និងមធ្យម ដែលមានតម្រូវការឥណទាន អាចដាក់ពាក្យស្នើសុំឥណទាន ក្រោមគម្រោងសហហិរញ្ញប្បទាននេះបាន នៅតាមគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមណាមួយ ដោយគោរពតាមលក្ខខណ្ឌរបស់គម្រោងសហហិរញ្ញប្បទាន និងលក្ខខណ្ឌផ្ដល់ឥណទានរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមនីមួយៗ៕