យោងតាមក្រុមហ៊ុន មិត្តហ្វូន បេសកកម្មនេះគឺដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ក្នុងនោះរួមទាំងហេដ្ឋារចនាសម្ព័ន្ធបណ្ដាញទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធ IDC ដែលបំពាក់ដោយបច្ចេកវិទ្យាថ្មីនិងទំនើបបំផុត កសាងប្រព័ន្ធទូទាត់ប្រាក់អេឡិចត្រូនិក ផ្ដល់ដំណោះស្រាយផ្នែកបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ដល់ក្រសួងស្ថាប័នរដ្ឋាភិបាល ក្រុមហ៊ុនអាជីវកម្ម និងអាជីវកម្មកម្រិតគ្រួសារ ។
លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា នៅឆ្នាំនេះនិងបណ្ដាឆ្នាំទៅខាងមុខ មិត្តហ្វូន នឹងបង្កើតកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីអភិវឌ្ឍផលិតផលនិងដំណោះស្រាយផ្នែកបច្ចេកវិទ្យានិងឌីជីថលកាន់តែច្រើនថែមទៀត ដើម្បីបង្កើតទំនាក់ទំនងសង្គមឌីជីថល និងលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាជនកម្ពុជា ។
លោក ញ៉ុង ឌិនថន មានប្រសាសន៍យ៉ាងដូច្នេះថា «បច្ចេកវិទ្យាឌីជីថល គឺមិនអាចខ្វះបានទេនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់រូបនៅកម្ពុជា នាសម័យបច្ចុប្បន្ននេះ ហើយមិត្តហ្វូន ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយ នឹងផ្ដល់នូវដំណោះស្រាយគ្រប់បែបយ៉ាងដែលចាំបាច់ សម្រាប់ការបង្កលក្ខណៈដល់ការបង្កើតទំនាក់ទំនងសង្គមឌីជីថល ។»
លោក ញ៉ុង ឌិនថន បានបន្ថែមថា «នៅក្នុងក្រុមហ៊ុន មិត្តហ្វូន ភាពច្នៃប្រឌិតគឺជាគោលការណ៍ដឹកនាំការងាររបស់យើង ឈានទៅរកការពង្រីកផលិតផលកាន់តែច្រើនសម្បូរបែបថែមទៀត ។»
ក្នុងឆ្នាំកន្លងទៅ មិត្តហ្វូន បានធ្វើសហប្រតិបត្តិការជាមួយក្រសួងសំខាន់ៗចំនួនពីររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្ដល់ដំណោះស្រាយផ្នែកឌីជីថលនិងបច្ចេកវិទ្យាដល់ក្រសួងទាំងពីរនេះ សម្រាប់កែលម្អនិងលើកកម្ពស់វិស័យអប់រំនិងសុខាភិបាលនៅកម្ពុជា ។
មិត្តហ្វូន បានសហការជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីដាក់ពង្រាយដំណោះស្រាយឌីជីថលនៅក្នុងវិស័យគាំពារសុខភាព ។ កិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលនេះ នឹងឈានទៅរកការបង្កើតនូវប្រព័ន្ធបច្ចេកវិទ្យាសុខាភិបាល ដើម្បីជំរុញការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា និងលើកកម្ពស់ការបែងចែកធនធានវេជ្ជសាស្រ្តប្រកបដោយសមភាព និងកែលម្អការផ្ដល់សេវាកម្មដល់ប្រជាពលរដ្ឋ ។
ស្របពេលជាមួយគ្នានេះដែរ មិត្តហ្វូន ក៏បានចុះកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ ផងដែរ ដែលនឹងដាក់ពង្រាយប្រព័ន្ធព័ត៌មានគ្រប់គ្រងសាលារៀន (SIS) ទៅកាន់សាលារៀនចំនួន ៣០០០កន្លែង នៅទូទាំងប្រទេស ។ ក្រៅពីនេះ មិត្តហ្វូន ក៏បាននិងកំពុងអភិវឌ្ឍផលិតផលនិងដំណោះស្រាយឌីជីថលកាន់តែសម្បូរបែបថែមទៀតផងដែរ ដើម្បីបំពេញសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងវិស័យកម្សាន្ត ។
មិត្តហ្វូន គឺជាក្រុមហ៊ុនទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថលឈានមុខគេមួយនៅកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធបណ្ដាញធំជាងគេបំផុត មានស្ថានីយ៍ផ្សាយសេវាជាង ១១.០០០កន្លែង ខ្សែកាបអុបទិកប្រវែងជាង ២៣.០០០គីឡូម៉ែត្រ ដែលគ្របដណ្ដប់លើគ្រប់តំបន់លំនៅឋានទូទាំងប្រទេស និងផ្ដល់សេវាកម្មដល់ប្រជាជនកម្ពុជា ជិត ៩លាននាក់ ៕