នាយកដ្ឋានជម្រុញឧស្សាហកម្មថៃ បានគូសបញ្ជាក់ថា វិធានការថ្មីនេះ គឺគ្របដណ្តប់លើ វិស័យម្ហូបអាហារ ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ និងសម្លៀកបំពាក់ជាដើម ហើយមានអាជីវកម្មជាង ៧៧០កន្លែង មានសិទ្ធិទទួលបានការពន្យារពេលបង់ពន្ធនេះ ក្នុងនោះមាន អាជីវកម្មជាង ៥៥០កន្លែង អាចស្នើសុំការពន្យារពេលបង់ពន្ធរហូតដល់ទៅ ១២ខែពេញ ដែលមានតម្លៃសរុបប្រមាណ ៤លានដុល្លារអាមេរិក។
លោក ណាតាប៉ុល អគ្គនាយកនៃនាយកដ្ឋានជម្រុញឧស្សាហកម្មថៃ បានគូសបញ្ជាក់ថា សហគ្រាសធុនតូចនិងមធ្យម ហើយនឹងសហគ្រាសក្នុងសហគមន៍ជាច្រើន បានផ្អាកផលិតកម្មរបស់ពួកគេ ជួបប្រទះនឹងបញ្ហាការលុបចោលការកម្ម៉ង់បញ្ជាទិញ ហើយវត្ថុធាតុដើម ក៏ជិតអស់ ដោយសារតែបញ្ហាមេរោគកូវីដ១៩។
លោក បន្តថា ភាគច្រើនប្រាក់ចំណូល និងប្រាក់ចំណេញរបស់ពួកគេ ធ្លាក់ចុះខ្លាំង ហើយសហគ្រាស និងអាជីវកម្មជាច្រើន មិនមានលទ្ធភាពទប់ទល់នឹងការចំណាយនោះទេ និងត្រូវការជំនួយជាបន្ទាន់។
យ៉ាងណាក៏ដោយ ក្រសួងឧស្សាហកម្មថៃ បានពង្រីកវិសាលភាពប្រាក់កម្ចីដល់ សហគ្រាសធុនតូចនិងមធ្យម ប្រមាណ ២៥០០ស្ថាប័នបន្ថែមទៀត គ្របដណ្តប់លើ ៧៧ខេត្ត ជាមួយទឹកប្រាក់សរុបជាង ១១លានដុល្លារអាមេរិក ដោយកំណត់មនុស្សម្នាក់ អាចខ្ចីបានប្រមាណ ៦ពាន់ដុល្លារអាមេរិក។
សូមជម្រាបថា វិស័យសហគ្រាសធុនតូចនិងមធ្យម នឹងសហគ្រាសបែបសហគមន៍ថៃ ជាខ្អឹងខ្នងដ៏សំខាន់របស់ សេដ្ឋកិច្ចប្រទេសថៃ ដែលរួមចំណែក ៨០% នៃ GDP សរុបរបស់ប្រទេសថៃ៕