ជាក់ស្ដែង ថ្មីៗនេះ ក្រសួងកសិកម្ម ទើបតែបានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នាមួយ ស្តីពី « ការនាំចេញផលិតផលសម្បុកត្រចៀកកាំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន » ជាមួយមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ក្នុងគោលបំណងជួយជំរុញការបើកទីផ្សារចិនដែលជាទីសារធំជាងគេលើពិភពលោក ឲ្យទទួលយកផលិតផលសម្បុកត្រចៀកកាំជាផ្លូវការពីកម្ពុជា ដែលធានាបាននូវស្តង់ដាផលិត គុណភាពផលិតផល និងសុវត្ថិភាពសម្រាប់សុខភាពសាធារណ: ព្រមជាមួយនឹងការឆ្លើយតបទៅតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យនៃអគ្គនាយកដ្ឋានគយចិនផងដែរ។
នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពី «ការនាំចេញផលិតផលសម្បុកត្រចៀកកាំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន» នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ទឹកមាត់ត្រចៀកកម្មកម្ពុជាកន្លងមក ផលិតសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងមានការនាំចេញក្នុងបរិមាណតិចតូច និងក្រៅផ្លូវការប៉ុណ្ណោះ។ ឯកឧត្តមបន្ថែមថា ការចុះអនុស្សរណៈយោគយល់គ្នានេះ នឹងជួយបើកទីផ្សារចិនដែលជាទីសារធំជាងគេឲ្យទទួលយកផលិតផលមួយនេះជាផ្លូវការ ធានាបាននូវស្តង់ដាផលិត គុណភាពផលិតផល និងសុវត្ថិភាពសម្រាប់សុខភាពសាធារណ: ដែលឆ្លើយតបបានតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យនៃអគ្គនាយកដ្ឋានគយចិន។
គួរជម្រាបថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ អគ្គនាយកដ្ឋានកសិកម្មបានទទួលជួបពិភាក្សាការងារជាមួយមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ដែលជាតំណាងមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុង Xiamen នៃខេត្ត Fujian ហើយមជ្ឈមណ្ឌលនេះកំពុងសហការជាមួយក្រុមហ៊ុន Southeast Yandu (Xiamen) Industrial Development Co., Ltd រៀបចំផែនការវិនិយោគក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធប្រមូលទិញ និងកែច្នៃសម្បុកត្រចៀកកាំនៅកម្ពុជាដើម្បីនាំចេញទៅប្រទេសចិន និងមានបំណងផ្តល់កិច្ចសហការជួយកម្ពុជាក្នុងការរៀបចំឯកសារចរចាបើកទីផ្សារនេះ រួមទាំងធ្វើជាអន្តរការីសម្របសម្រួលការងារនេះជាមួយរដ្ឋបាលគយចិន (GACC)ផងដែរ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកិសកម្ម បានឲ្យដឹងថាតាមស្ថិតិរបស់រដ្ឋបាលព្រៃឈើក្នុងឆ្នាំ២០២០ នៅទូទាំងប្រទេសមានផ្ទះត្រចៀកកាំចំនួន ៨៧២ផ្ទះ និងអាចផ្តល់ផលចន្លោះពី១តោនទៅ១តោនកន្លះក្នុងមួយខែ។ ជាមួយគ្នានេះ សម្បុកត្រចៀកកាំទើបប្រមូល មានតម្លៃចាប់ពី៧រយ ទៅ ៩រយដុល្លារក្នុងមួយគីឡូក្រាម និងសម្បុកត្រចៀកកាំដែលអាចបរិភោគបាន មានតម្លៃចាប់ពី ១ពាន់៥រយ ទៅ២ពាន់ដុល្លារក្នុងមួយគីឡូក្រាម៕