តាមរយៈលិខិតដដែលនេះ បានបញ្ជាក់ទៀតថា ការកែច្នៃរថយន្ត ដោយមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងគ្មានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូន បានបណ្តាលឱ្យប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យានយន្ដ និងបានធ្វើឱ្យប្រែប្រួលអត្តសញ្ញាណសម្គាល់របស់រថយន្ត ហើយសកម្មភាពនេះបានផ្ទុយពីមាត្រា១៩ នៃអនុក្រឹត្យលេខ១៨០ អនក្រ.បក ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៨ ស្តីពីការគ្រប់គ្រងយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ត។ ដើម្បីធានានូវសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព និងការគ្រប់គ្រងយានយន្តធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានជម្រាបជូនដល់ម្ចាស់រថយន្តទាំងអស់ និងម្ចាស់យានដ្ឋានកែច្នៃដំឡើងរថយន្តគ្រប់ប្រភេទដូចជា៖
១. រថយន្តដែលបានកែច្នៃដំឡើងម៉ូដែលរថយន្ត ដែលប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យាន ដូចជាប្រព័ន្ធចង្កូត ប្រព័ន្ធទ្រ សាក់ស៊ី និងគ្រោងតួ ដែលគ្មានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូនំ គឺមិនអនុញ្ញាតឱ្យចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬចុះបញ្ជីផ្តល់បណ្ណសម្គាល់និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះឡើយ។
២. យានដ្ឋានកែច្នៃដំឡើងរថយន្ត ដែលធ្វើសកម្មភាពកែច្នៃដំឡើងម៉ូដែលរថយន្ត ដែលប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យាន និងមិនបានស្នើសុំការអនុញ្ញាតកែច្នៃដំឡើង ក្រសួងសាធារណការនិងដឹកជញ្ជូន នឹងចាត់វិធានការចុះបិទផ្អាកសកម្មភាពធ្វើអាជីវកម្មនៅទីតាំងយានដ្ឋាននោះ៕
អត្ថបទ សោម ស្រីពេជ្រ