ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យឆ្លាស់វេននៃក្រសួងពាណិជ្ជកម្ម បានថ្លែងនៅក្នុងសន្និសិទសារព័ត៌មានស្តីពីបច្ចុប្បន្នភាព និងវឌ្ឍនភាពក្រសួងពាណិជ្ជកម្ម កាលពីពេលថ្មីនេះថា បច្ចុប្បន្នកម្ពុជានៅជួបការលំបាកខ្លះចំពោះទីផ្សារកសិផលមួយចំនួន។ ឯកឧត្តមបានមានប្រសាសន៍ថា« កូរ៉ូណាវីរុសនេះគឺវាប៉ះពាល់សឹងតែគ្រប់ប្រទេស ហើយប៉ះពាល់សេដ្ឋកិច្ចជាសកល អ៊ីចឹងបើខ្ញុំជម្រាបបងប្អូនថាទេ មើលទៅស្រុកខ្មែរយើងវាពិតជាមិនប៉ះពាល់ទេ អាហ្នឹងប្រហែលជាខ្ញុំមិននិយាយការពិត ដូច្នេះយើងត្រូវទទួលស្គាល់ថា ការប៉ះពាល់នេះវាកើតឡើងជាសកលសូម្បីតែផ្សារហ៊ុនធំៗក៏ធ្លាក់ចុះដែរ អានេះយើងសង្កេតឃើញអ៊ីចឹង»។
ឯកឧត្តមបានបន្ថែមថា «ចំពោះមៀនប៉ៃលិន កិច្ចការនេះវាមានតាំងពីយូរហើយ យើងតែងតែមានការព្រួយបារម្ភមុនកើតមានកូរ៉ូណាវីរុសទៀត ពីព្រោះយើងនាំចេញមៀនទៅតាមប្រទេសថៃ នាំទៅតាមវៀតណាមមួយចំនួនដែរ ដែលគេនាំតទៅប្រទេសចិន។ អ៊ីចឹងនៅពេលដែលប្រទេសទាំងអស់នោះបិទទ្វារខ្លួនឯង មិននាំទៅប្រទេសចិន គឺវាធ្វើឲ្យប៉ះពាល់ការទិញរបស់យើងមួយចំណែកដែរ។»
ទោះយ៉ាងណា ក្រសួងពាណិជ្ជកម្ម ជឿជាក់ថា កិច្ចការនេះអាចដោះស្រាយបានក្នុងរយៈពេលវែង ដោយសារអី? ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជាចិននេះមានកញ្ចប់នៃការចរចា ពោលគឺ មានក្រុមការងារចរចា រឿងអនាម័យនិងភូតគាមអនាម័យ ក្រុមការងារចរចាផ្នែក TBT ដែលក្រុមទាំង២នេះ ធ្វើកិច្ចការចរចា ដើម្បីសម្រួលកិច្ចការបច្ចេកទេស ក្នុងការនាំចេញឲ្យកាន់តែមានភាពងាយស្រួល ។
បើតាមការគូសបញ្ជាក់របស់មន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ ទៅថ្ងៃអនាគត រាជរដ្ឋាភិបាលមិនត្រឹមតែជំរុញឲ្យមានការនាំចេញផ្លែមៀនស្រស់ទៅក្រៅប្រទេសប៉ុណ្ណោះទេ តែក៏ជំរុញឲ្យមានការកែច្នៃមៀន ជាផលិតផលសម្រេចដើម្បីនាំចេញផងដែរ។
បើតាមការលើកឡើងរបស់ ឯកឧត្តម ប៉ែន សុវិជាតិ ហាក់មានសង្ឃឹមថា ក្រោយដំណើរទស្សនកិច្ចរបស់ សម្តេច ហ៊ុន សែន នៅក្នុងប្រទេសចិនហើយ កម្ពុជាអាចនឹងទទួលបានប្រយោជន៍បន្ថែមលើការវិនិយោគផ្នែកកសិកម្មពីចិន ដោយលោកបញ្ជាក់ថា កម្ពុជាជាមិត្តដ៏ល្អរបស់ចិន នៅក្បែរចិននៅពេលដែលចិនមានបញ្ហា ខណៈដែលបណ្តាប្រទេសមួយចំនួនបានដកខ្លួន នៅឆ្ងាយពីចិនទៅហើយនោះ។
ឯកឧត្តម ប៉ែន សុវិជាតិ គូសបញ្ជាក់ទៀតថា សម្រាប់ផលិតផលកសិកម្មដែលកម្ពុជាបាននាំចេញទៅក្រៅប្រទេសរួមមាន អង្ករ ដំឡូងមីក្រៀម ដំឡូងមីស្រស់ ម្សៅដំឡូងមី គ្រាប់ស្ចាយចន្ទី ពោត សណ្តែកសៀង ផ្លែស្វាយ ចេក ម្រេច បន្លែ និងដំណាំមួយចំនួនទៀត ដែលកសិកផលទាំងអស់នេះត្រូវបានចាត់ទុកថា ជាប្រភពនៃចំណូលសម្រាប់ប្រទេសកម្ពុជា។ ចំណែកទីផ្សារនាំចេញផលិតផលទាំងនេះ រួមមាន ទីផ្សារចិន អឺរ៉ុប ជប៉ុន បារាំង អាស៊ាន(ថៃ វៀតណាម ម៉ាឡេស៊ី ) និងបណ្តាប្រទេសមួយចំនួនទៀត៕