អ្នកជំនាញក្នុងវិស័យទេសចរណ៍គូសបញ្ជាក់ទៀតថា ការផ្តល់ឥណទានក្រោមគម្រោងសហហិរញ្ញប្បទានពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុដៃគូកន្លងមកហាក់មិនសូវចំ គោលដៅចង់បានរបស់រាជរដ្ឋាភិបាលនោះទេ ពោលគឺអាជីវកម្មដែលរងផលប៉ះពាល់មួយចំនួននៅតែមិនអាចទទួលបានកម្ចីគម្រោងនេះ ដោយសារលក្ខខណ្ឌតម្រូវមួយចំនួន។
លោក នៀវ សុគន្ធ នាយកប្រតិបត្តប្រតិបត្តិការនៃធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានគូសបញ្ជាក់ថាក្រោយដាក់ឲ្យដំណើរការអស់រយៈពេល១ខែកន្លងមកនេះ គម្រោងសហហិរញ្ញប្បទាន១៥០លានដុល្លាររបស់រាជរដ្ឋាភិបាលក្រោមកិច្ចសហការជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុដៃគូបានផ្តល់កម្ចីដល់អាជីវកម្មក្នុងវិស័យទេសចរណ៍បានជាង៦០ហើយ ដែលមានទំហំទឹកប្រាក់ប្រមាណ៩លានដុល្លារ។ គម្រោងសហហរិញ្ញប្បទាននេះត្រូវបានរាជរដ្ឋាភិបាលដាក់ចេញ ដើម្បីទ្រទ្រង់ និងស្តារអាជីវកម្មក្នុងវិស័យទេសចរណ៍ ដែលបានរងផលប៉ះពាល់ដោយសារឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។
ទន្ទឹមនឹងចាត់ទុកទំហំឥណទាន៩លានដុល្លារគ្រាន់តែជាការផ្តល់ក្នុងខែដំបូង មន្ត្រីជាន់ខ្ពស់ធនាគារ SME រូបនេះរំពឹងថា ការបញ្ចេញឥណទានក្រោមគម្រោងសហហិរញ្ញប្បទាននេះ នឹងមានការកើនឡើងបន្ថែមទៀតនៅខែបន្ទាប់ៗ។ លោករំពឹងថា នៅខែសីហានេះ គម្រោងសហហិរញ្ញប្បទាននេះនឹងអាចបញ្ចេញថវិកាបានចន្លោះពី១៥ទៅ២០លានដុល្លារ។ បើតាមការវាយតម្លៃរបស់លោក សុគន្ធ រដ្ឋាភិបាលត្រូវការពេលយ៉ាងតិច៨ខែ ដើម្បីបញ្ចប់ការផ្តល់ឥណទានក្រោមគម្រោងសហហិរញ្ញប្បទាន ដែលមានទំហំ១៥០លានដុល្លារនេះ។
ពាក់ព័ន្ធការផ្តល់កម្ចីក្រោមគម្រោងសហហិរញ្ញប្បទាន១៥០លានដុល្លារនេះដែរ ទាំងលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា និងលោក ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកសុទ្ធតែយល់ឃើញថា ការអនុវត្តការផ្តល់កម្ចីពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុជាដៃគូនៃគម្រោងសហហិរញ្ញប្បទានរបស់រដ្ឋ ហាក់ផ្ទុយពីសេចក្តីថ្លែងការណ៍រួមរវាងក្រសួងទេសចរណ៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចង់ផ្តល់កម្ចីដល់អាជីវកម្មទេសចរណ៍ដែលប៉ះពាល់ធ្ងន់ធ្ងរ។ បើតាមការអះអាងរបស់អ្នកជំនាញទាំងពីររូបនេះ ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ជាច្រើននៅតែមិនអាចទទួលបានកម្ចីពីគម្រោងនេះ ដើម្បីទ្រទ្រង់ដំណើរការ និងបើកដំណើរការអាជីវកម្មឡើងវិញ ដោយសារលក្ខខណ្ឌតម្រូវរបស់គ្រឹះស្ថានហិរញ្ញវត្ថុមានលក្ខណៈតឹងរ៉ឹង ជាពិសេសពាក់ព័ន្ធរបាយការណ៍ហិរញ្ញវត្ថុតែម្តង។ កត្តានេះហើយដែលជាមូលហេតុធ្វើឲ្យការបញ្ចេញហិរញ្ញប្បទានរបស់រដ្ឋនៅមានកម្រិត និងមិនចំគោលដៅ ដែលរដ្ឋរំពឹងទុក។
អ្នកជំនាញទាំងពីររូបខាងលើយល់ឃើញថា ប្រសិនបើគ្មានការបន្ធូរបន្ថយលើលក្ខខណ្ឌផ្តល់កម្ចី ហើយគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូបន្តអនុវត្តដូចបច្ចុប្បន្ន វានឹងធ្វើឲ្យប៉ះពាល់ដល់ការស្តារ និងជំរុញកំណើនទេសចរណ៍នៅកម្ពុជា ដែលកំពុងរើបឡើងវិញជាសន្សឹមៗ។ ប៉ុន្តែ ក្នុងករណីមានការបន្ធូរបន្ថយលក្ខខណ្ឌ អ្នកជំនាញជឿជាក់ថា គម្រោងនេះនឹងក្លាយជាចំណែកមួយដ៏ធំក្នុងការជួយទ្រទ្រង់ប្រតិបត្តិការ និងជំរុញកំណើនវិស័យទេសចរណ៍កម្ពុជា។
គួរបញ្ជាក់ថា គម្រោងសហហិរញ្ញប្បទាន១៥០លានដុល្លារ ដែលជាគម្រោងកម្ចីក្រោមការសហការរវាងរាជរដ្ឋាភិបាលជាមួយវិស័យឯកជន ដើម្បីទ្រទ្រង់ និងស្តារវិស័យទេសចរណ៍ ត្រូវបានដាក់ឲ្យដំណើរការកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។ គម្រោងនេះ មានគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុជាង១០ ជាដៃគូក្នុងការផ្តល់កម្ចីដល់អាជីវកម្មក្នុងវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ដោយសាររាតត្បាតនៃជំងឺកូវីដ-១៩។
របាយការណ៍ប្រចាំឆមាសទី១របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញឲ្យឃើញថា ដើម្បីរួមចំណែកជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុបានរៀបចំឥណទានឡើងដល់អ្នកខ្ចី ក្នុងវិស័យផ្សេងៗបានជាង២៦ម៉ឺន៨ពាន់គណនី ដែលមានទំហំទឹកប្រាក់ ៤ពាន់៥រយលានដុល្លារ។ ក្នុងនោះ ឥណទានក្នុងវិស័យទេសចរណ៍ជាង ២ម៉ឺន៤ពាន់គណនី ទទួលបានការរៀបចំឥណទានឡើងវិញ ដែលមានទំហំឥណទានជាង៨៣០លានដុល្លារ៕