ពួកគេបានលើកឡើងយកត្រូវខ្លួនឯងថា ដំណើរការទិញដូរនេះមានតម្លាភាព សុចរិត និងជាតម្រូវការចាំបាច់បំផុត ដើម្បីពង្រឹងសន្តិសុខដែនសមុទ្ររបស់ខ្លួន ដោយមិនខ្វល់ថា អ្នកជិតខាងគិតយ៉ាងណានោះឡើយ។
សារព័ត៌មាន Kaosod របស់ថៃ បានទម្លាយឱ្យដឹងពីទីបញ្ជាការកងទ័ពជើងទឹកថៃថា ឧត្តមនាវីត្រី ប៉ារ៉ាច រតនាឆៃយ៉ាផាន (Parat Rattanachaiyaphan) អ្នកនាំពាក្យកងទ័ពជើងទឹកថៃបានចេញមុខអះអាងទាំងមោទនភាពពីវឌ្ឍនភាព នៃគម្រោងទិញនាវាចម្បាំងហ្វ្រីហ្គេត ដែលមានប្រសិទ្ធភាពប្រយុទ្ធកម្រិតខ្ពស់ ដោយបញ្ជាក់ថា ពេលនេះដំណើរការពិនិត្យសំណើជិតចប់សព្វគ្រប់ និងឈានដល់ការចុះកិច្ចសន្យាក្នុងពេលឆាប់ៗនេះហើយ។
អ្នកនាំពាក្យរូបនេះបានព្យាយាមបកស្រាយយ៉ាងវែងអន្លាយថា គម្រោងទិញនាវាចម្បាំងហ្វ្រ៊ីហ្គេត ថ្មីនេះ មានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍសមត្ថភាពប្រយុទ្ធរយៈពេលវែង និងដើម្បីការពារអធិបតេយ្យភាពរបស់ថៃ។ ការលើកឡើងបែបនេះបានធ្វើឱ្យមជ្ឈដ្ឋានទូទៅនឹកហួសចិត្ត ព្រោះកន្លងមកឱ្យតែឃើញកម្ពុជាអភិវឌ្ឍមូលដ្ឋានទ័ព ឬទិញសម្ភារៈយោធាបន្តិចបន្តួច ភាគីថៃតែងតែសម្តែងការព្រួយបារម្ភជ្រុលហួសហេតុ ដើរញុះញង់ និងព្យាយាមរារាំងមហាអំណាចមិនឱ្យលក់អាវុធឱ្យកម្ពុជា ហាក់ដូចជាចង់ឱ្យកម្ពុជាមានតែដៃទទេ មិនចង់ឱ្យអភិវឌ្ឍន៍វិស័យយោធា។
សូម្បីតែសមត្ថភាពពិតប្រាកដរបស់នាវាចម្បាំងថ្មីនេះ ក៏យោធាថៃលាក់លៀមមិនហ៊ានបង្ហើបឱ្យដឹងដែរ ដោយគ្រាន់តែប្រើពាក្យស្លោកនយោបាយបិទបាំងថា នេះមិនមែនជាការទិញដូរធម្មតាទេ ប៉ុន្តែជាការវិនិយោគលើទំនុកចិត្តសន្តិសុខនាពេលអនាគត។
គួររំលឹកថា នាវាចម្បាំងហ្វ្រ៊ីហ្គេត (Frigate) ដែលថៃកំពុងស្រេកឃ្លានចង់បាននេះ គឺជានាវាចម្បាំងប្រយុទ្ធលើផ្ទៃទឹកខ្នាតមធ្យម ដែលបំពាក់ដោយគ្រាប់រ៉ុកកែតអាវុធទំនើបៗ និងមានប្រព័ន្ធសេនស័រគ្រប់គ្រឿង ដែលមានសមត្ថភាពបំផ្លាញខ្មាំងសត្រូវប្រកបដោយគ្រោះថ្នាក់ ទាំងការវាយប្រហារលើអាកាស ការវាយកម្ទេចលើផ្ទៃទឹក និងការបើកយុទ្ធនាការប្រឆាំងនឹងនាវាមុជទឹក។
ការប្រឹងប្រែងពង្រឹងសព្វាវុធរបស់ថៃនាពេលនេះ វាបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីនយោបាយស្តង់ដាពីរ គឺខ្លួនឯងមានសិទ្ធិទិញនាវាចម្បាំងខ្នាតយក្សដើម្បីការពារខ្លួន តែបែរជាភ័យស្លន់ស្លោ និងដើរតួជាអ្នកហាមឃាត់ នៅពេលដែលប្រទេសជិតខាងចង់ពង្រឹងវិស័យការពារជាតិដើម្បីការពារទឹកដីខ្លួនឯងដូចគ្នា។ យុទ្ធសាស្ត្រដេញជើង និងចរិតច្រណែនឈ្នានីសបែបនេះ ប្រហែលជាមិនអាចប្រើការបានទៀតទេ នៅក្នុងសម័យកាល ដែលកម្ពុជាដឹងខ្លួនច្បាស់ថា អធិបតេយ្យភាពជាតិ ត្រូវការពារដោយកម្លាំងពិតរបស់ខ្លួន មិនមែនពឹងលើការសុំទោស ឬការយោគយល់ពីអ្នកជិតខាងនោះឡើយ៕
អត្ថបទៈ សួន ឡង់ទី