ចរចាសន្តិភាព

អាម៉េរិក ផ្លាស់ប្ដូរល្បែងយុទ្ធសាស្ត្រដោយបោះដៃចូលចរចាសន្តិភាពនៅមីយ៉ាន់ម៉ា ដើម្បីដោះដូរយករ៉ែកម្រ


ឯកសារយុទ្ធសាស្ត្រសម្ងាត់របស់ក្រសួងការបរទេសអាម៉េរិក ដែលទើបចេញផ្សាយនៅលើគេហទំព័រផ្លូវការបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីល្បែងទូតសន្តិភាពរបស់ក្រុងវ៉ាស៊ីនតោន នៅប្រទេសមីយ៉ាន់ម៉ា។ អាម៉េរិក មិនត្រឹមតែចង់ពង្រីកឥទ្ធិពលនយោបាយរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងតម្រង់ទិសដៅ ដើម្បីទទួលបានសិទ្ធិកាន់កាប់ និងទាញយកធនធានរ៉ែកម្រនៅក្នុងទឹកដីពោរពេញដោយសង្គ្រាមស៊ីវិលមួយនេះ។
ចរចាសន្តិភាព
ដោយ

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃទី៣ ខែវិច្ឆិកា ថា មន្ត្រីជាន់ខ្ពស់អាម៉េរិក កំពុងបើកកិច្ចចរចាស្ងាត់ៗជាមួយរដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា ដែលដឹកនាំដោយលោក មីន អ៊ុងឡាំង (Min Aung Hlaing) ដែលបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុង សានស៊ូជី កាលពីឆ្នាំ២០២១។ ការចាប់ដៃគ្នាឡើងវិញរវាងក្រុងវ៉ាស៊ីនតោន និងរបបសឹកមីយ៉ាន់ម៉ា ដែលមានវត្តមានលោក ម៉ៃឃើល វ៉ែន (Michael Vance) មន្ត្រីស៊ើបការណ៍សម្ងាត់ជាន់ខ្ពស់អាម៉េរិកជាតួអង្គសំខាន់នេះ គឺជារបត់ដ៏ធំមួយ នៃការផ្លាស់ប្ដូរគោលនយោបាយការបរទេសអាម៉េរិក បន្ទាប់ពីបានដាក់របបយោធានេះឱ្យនៅឯកោជាច្រើនឆ្នាំ។ ស្នូល នៃកិច្ចចរចាស្ងាត់ៗទាំងនេះ គឺការស្វែងរកសិទ្ធិចូលទៅកាន់កាប់ និងទាញយកប្រភពធនធានរ៉ែកម្រ ដែលបច្ចុប្បន្នភាគច្រើនស្ថិតក្នុងតំបន់ជម្លោះ ហើយកំពុងត្រូវបាននាំចេញទៅកាន់ប្រទេសចិន។
ឯកសារយុទ្ធសាស្ត្របេសកកម្មអាម៉េរិក ប្រចាំមីយ៉ាន់ម៉ា បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនរំពឹងទុកឱ្យក្រុមហ៊ុនអាម៉េរិក អាចចូលទៅឈរជើងយ៉ាងរឹងមាំតាមរយៈការចូលរួមចរចាជាមួយក្រុមប្រដាប់អាវុធចម្រុះ រួមទាំងក្រុមគាំទ្រប្រជាធិបតេយ្យ និងក្រុមឧទ្ទាមជនជាតិភាគតិច ដែលបានតស៊ូប្រយុទ្ធប្រឆាំងនឹងកងទ័ពរដ្ឋាភិបាលជាច្រើនទសវត្សរ៍មកហើយ។ ផ្អែកតាមផែនការ អាម៉េរិកនឹងខិតខំជំរុញឱ្យមានបទឈប់បាញ់ ដើម្បីបើកផ្លូវឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពជាអចិន្ត្រៃយ៍ នៅត្រឹមឆ្នាំ២០៣០។ បេសកកម្មនេះ រួមមាន ការបង្កើតវេទិកាពហុភាគីយ៉ាងហោចណាស់៣ក្រុម ដើម្បីសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងជាក់ស្តែង និងការកំណត់ព្រំដែន ដែលជាសោរដ៏សំខាន់ក្នុងការបើកច្រកចូលទៅកាន់ប្រភពធនធានរ៉ែកម្រដ៏មហាសាល។
មិនតែប៉ុណ្ណោះ ទីក្រុងវ៉ាស៊ីនតោន ក៏បម្រុងបង្កើនការនាំចេញពីមីយ៉ាន់ម៉ា មកកាន់សហរដ្ឋអាម៉េរិក ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មផងដែរ។ ស្ថានទូតអាម៉េរិក បានកំណត់គោលដៅចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការវិនិយោគធំៗយ៉ាងហោចណាស់៣ ដែលមានតម្លៃលើសពី៥លានដុល្លារក្នុងមួយកិច្ចព្រមព្រៀងសម្រាប់ក្រុមហ៊ុនអាម៉េរិក។
ទន្ទឹមនឹងនេះ ឯកសារដដែលក៏បានផ្តល់អាទិភាពខ្ពស់លើកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងមជ្ឈមណ្ឌលឆបោកតាមអនឡាញ ដែលកំណត់គោលដៅលើពលរដ្ឋអាម៉េរិក ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមីយ៉ាន់ម៉ា ក្នុងការបញ្ជូនពលរដ្ឋមីយ៉ាន់ម៉ាពីសហរដ្ឋអាម៉េរិកត្រឡប់ទៅស្រុកកំណើតវិញផងដែរ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ទោះស្ថានភាពសេដ្ឋកិច្ចយ៉ាប់ តែការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ចាយលុយយ៉ាងសម្បើមរហូតដល់ជិត១២ពាន់លានដុល្លារ

ខណៈពេលដែលពលរដ្ឋអាម៉េរិកជាច្រើនកំពុងត្អូញត្អែរពីការលំបាកផ្នែកជីវភាព វិបត្តិអតិផរណា និងតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ ផ្ទុយទៅវិញយុទ្ធនាការបោះ…

​​ ជម្លោះការទូតរវាងចិន និងហ្វីលីពីន ឡើងកម្តៅខ្លាំង ក្រោយទីក្រុងម៉ានីល បដិសេធការដេញថ្លៃគម្រោងស្ពានតម្លៃជិត៤ពាន់លានដុល្លាររបស់ក្រុមហ៊ុនរដ្ឋចិន

កម្តៅជម្លោះនយោបាយការទូតរវាងហ្វីលីពីន និងចិន បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន និងការសម្រេចចិត្តរបស់ក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ