យ៉ាងណាមិញកិច្ចប្រជុំនេះ មិនអាចទៅមុខដោយរលូនបានទេ ដោយសារប្រទេសចិនបានប្រើប្រាស់សិទ្ធិវេតូរបស់ខ្លួន ដែលជាសិទ្ធិក្នុងការច្រានចោល ឬជំទាស់ នូវសេចក្ដីសម្រេចរួម របស់ក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការប្រជាជាតិ។ តាមរយៈសិទ្ធិវេតូនេះ ចិនបានរារាំងការចេញសេចក្តីថ្លែងការណ៍រួមរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងការ ថ្កោលទោសរដ្ឋប្រហារដោយក្រុមយោធាភូមា។ ប្រការនេះ បាននាំឲ្យអង្គការសហប្រជាជាតិ មិនអាចរកដំណោះស្រាយ និងដាក់សម្ពាធអ្វីបានឡើយលើក្រុមយោធាភូមា។
យ៉ាងណាក៏ដោយចុះ លោក អាតូនីអូ ហ្គាត់ធឺរេស (Antonio Guterres) អគ្គលេខាធិការក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ បានសន្យាថា លោកនឹងមិនចុះចាញ់ឡើយ ដោយលោកនឹងខិតខំប្រមូលផ្តុំសម្លេងពីសហគមន៍អន្តរជាតិដទៃទៀត ដើម្បីរកវិធីដាក់សម្ពាធលើរបបយោធាភូមាឲ្យទាល់តែបាន។
លោកបានគូសបញ្ជាក់ថា៖ «យើងនឹងធ្វើអ្វីៗគ្រប់យ៉ាង ដែលយើងអាចធ្វើបាន ដើម្បីប្រមូលគ្រប់តួអង្គសំខាន់ៗនិងសហគមន៍អន្តរជាតិ ដាក់សម្ពាធលើពួកយោធានៅមីយ៉ាន់ម៉ាដើម្បីធ្វើឱ្យប្រាកដថារដ្ឋប្រហារនេះបានបរាជ័យ។ វាជារឿងមួយដែលមិនអាចទទួលយកបានទេ ដែលយោធាបានសម្លាប់ប្រជាធិបតេយ្យ ដែលកើតចេញពីការបោះឆ្នោតរបស់ពលរដ្ឋមីយ៉ាន់ទាំងមូល»
ហេតុអ្វីចិនរាររាំងមិនឲ្យដាក់សម្ពាធលើមីយ៉ាន់ម៉ា?
អ្នករាយណ៍ការព័ត៌មានពិសេសរបស់ទីភ្នាក់ងារសារព័ត៌មាន BBC បានពន្យល់ថា តិចក្តី ឬច្រើនក្តី ចិនទទួលបានផលប្រយោជន៍ពី ការធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី១កុម្ភៈ។ បើក្រលេកមើលពីគោលនយោបាយការបរទេសរបស់ប្រទេសចិននៅពេលនេះ គឺចិនកំពុងផ្តល់សញ្ញានៃការគាំទ្រការកាន់អំណាចរបស់ក្រុមយោធាភូមា ទោះបីជាចិនដឹងច្បាស់ហើយថា ការធ្វើរដ្ឋប្រហារយោធាបែបនេះ មិនមែនជារឿងល្អប៉ុន្មានទេ។ លើសពីនេះទៅទៀត ក្នុងពេលកន្លងមក ចិនជាប្រទេសជិតខាងមីយ៉ាន់ម៉ា ដែលឹជាដៃគូសហការរកស៊ីយ៉ាងជិតស្និទ្ធរវាងគ្នា ហើយបច្ចុប្បន្នចិនក៏កំពុងមានវិនិយោគទុនយ៉ាងច្រើនសម្បើមនៅមីយ៉ាន់ម៉ាផងដែរ។ ហេតុនេះហើយទើបចិន មិនអាចអនុញ្ញាតឲ្យសហគមន៍អន្តរជាតិ ដាក់សម្ពាធណាមួយ និងជាពិសេស ទណ្ឌកម្មសេដ្ឋកិច្ចទៅលើមីយ៉ាន់ម៉ាបានទេ ដែលវាអាចជាការខាតបង់មួយដ៏ធំដល់ប្រទេសចិន៕