ដំណើរទស្សនកិច្ច​ប្រេសិត​អាស៊ាននៅភូមា

របបយោធាភូមា​៖ ប្រេសិតអាស៊ានមិនទាន់​អាច​ចូលទស្សនកិច្ចនៅភូមាបាននៅឡើយទេ!


របបយោធាភូមា ដែលធ្លាប់បានសន្យាកាលពីចុងខែមេសាថា នឹងអនុញ្ញាតបើកផ្លូវឲ្យប្រេសិតពិសេសអាស៊ាន មកទស្សនកិច្ចក្នុងប្រទេសភូមានោះ ពេលនេះបានប្រែមកនិយាយថា ខ្លួននឹងមិនព្រមព្រៀងឲ្យមានប្រេសិតពិសេសរបស់អាស៊ានណាម្នាក់មកទស្សនកិច្ចក្នុងប្រទេសខ្លួនឡើយ រហូតដល់ខ្លួនអាចធ្វើឲ្យភូមាមានស្ថិរភាពឡើងវិញ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ពលរដ្ឋភូមាចុះផ្លូវធ្វើបាតុកម្ម ក្នុងថ្ងៃគម្រប់៣ខែនៃការធ្វើរដ្ឋប្រហារដោយយោធា - Reuters
ដោយ

អ្នកនាំពាក្យ​ក្រុមយោធាភូមា លោកឧត្ត​មសេនីយ៍ឯក ឃោង ទៀតសាន បានលើកឡើងក្នុង​សន្និសីទសារព័ត៌មានមួយ​ដែលផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋភូមាថា «បច្ចុប្បន្នយើងកំពុងផ្តោតសំខាន់លើសន្តិសុខ និងស្ថិរភាពក្នុងប្រទេស​របស់យើងប៉ុណ្ណោះ លុះត្រាតែយើងអាចរក្សា​សន្តិសុខស្ថិរភាពបាន ទើបយើងផ្តើម​គិតគូរពី​ទស្សនកិច្ច​របស់​ប្រេសិត(អាស៊ាន)។»

ឧត្ត​មសេនីយ៍រូបនេះបន្តថា៖«ពួកយើងនឹងពិចារណា​ លើដំណោះស្រាយ​ដែលអាស៊ានបាន​ផ្តល់ឲ្យក្រោយកិច្ចប្រជុំ​នៅហ្សាកាតា ប្រសិនបើពិនិត្យ​មើលទៅឃើញថាវា មានចក្ខុវិស័យដូចទៅនឹងអ្វីដែលយើងចង់បាន។»

គួររំឭកថា កាលពីថ្ងៃទី២៤មេសា  ប្រទេស​សមាជិកអាស៊ាន ទាំង១០ប្រទេស បានមកជួបប្រជុំគ្នា​​ជុំវិញការពិភាក្សា​រកដំណោះស្រាយ​សម្រាប់​វិបត្តិនៅភូមា និងកិច្ចការ​តំបន់សំខាន់ៗ​ផ្សេងទៀត។ ជាលទ្ធផល អាស៊ាន​​បាន​យល់​​ស្រប​​រួម​គ្នា​​ជា​ឯកច្ឆ័ន្ទ​លើ​ដំណោះស្រាយ​​៥​ចំណុចរួមមាន៖

១. ភាគី​ជម្លោះ​ត្រូវ​រក្សា​ភាព​អត់ធ្មត់​បំផុត និង​ត្រូវ​បញ្ឈប់​​អំពើ​ហិ​ង្សា​នៅ​ក្នុង​ប្រទេស​​ភូមា​ជា​បន្ទាន់

២. ភាគី​ជម្លោះ​ដែល​ពាក់ព័ន្ធ​ត្រូវ​ធ្វើការ​សន្ទនា​គ្នា រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ដោយ​ឈរ​លើ​ផលប្រយោជន៍​របស់​ប្រជាជន

៣.  ប្រេសិត​ពិសេស​របស់​អាស៊ាន​នឹង​ដើរតួ​នាទី ជួយ​សម្រួល​ដល់​ការ​សម្រុះសម្រួល​គ្នា និង​ដំណើរការ​សន្ទនា ដោយ​មានការ​គាំទ្រ​ពី​អគ្គលេខាធិការ​អាស៊ាន​

៤. អាស៊ាន​ត្រូវ​ផ្តល់​ជំនួយ​មនុស្សធម៌​ទៅ​ឲ្យ​ភូមា​តាម​រយៈ​មជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ាន​ដើម្បី​ជំនួយ​មនុស្សធម៌​និង​គ្រប់គ្រង​គ្រោះ​មហន្តរាយ ហៅ​កាត់​ថា AHA Centre

៥. ប្រេសិត​ពិសេស​ និង​គណៈប្រតិភូ​អាស៊ាន​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ភូមា​ដើម្បី​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់

យ៉ាងណាមិញ របបសឹកភូមាហាក់បង្ហាញការរារែ ក្នុងការអនុវត្ត​តាមដំណោះស្រាយ ដែលអាស៊ាន​ផ្តល់ឲ្យ។ គេសង្កេតឃើញថា ក្នុងចំណោមដំណោះស្រាយទាំង៥នេះ ពុំមានដំណោះស្រាយណាមួយត្រូវបានរបបសឹកយកមកអនុវត្តនៅឡើយទេ រាប់មកទល់នឹងខែឧសភានេះ។ 

ដោយឡែក នៅថ្ងៃ​អាទិត្យម្សិលមិញ ក្រុមយោធាភូមា បានចេញមកហៅរដ្ឋាភិបាល​​រួបរួមជាតិភូមាថា ជាក្រុមឧទ្ទាម និងចោទប្រកាន់ថា បានចូលដៃ​​ជាមួយទ័ពជនជាតិភាគតិច​មកបង្កអសន្តិសុខ។ ការចោទប្រកាន់បែបនេះ ក្រោយពីរដ្ឋាភិបាល​រួបរួមជាតិភូមា (NUG) បានប្រកាស​បង្កើត «កងកម្លាំងការពារ​របស់ប្រជាជន» ដើម្បីការពារអ្នកគាំទ្រ​របស់ខ្លួន​ពីការវាយប្រហារនិងអំពើហិង្សាដោយរបបយោធា។

យោង​តាម​ក្រុម​អ្នក​ឃ្លាំមើល​ក្នុង​ប្រទេស​បាន​ឲ្យ​ដឹង​ថា មាន​ជន​ស៊ី​វិល​កើនឡើងដល់ ៧៧០នាក់ ត្រូវ​បាន​កងទ័ព​ភូមា​សម្លាប់ ហើយ​មនុស្ស​ជាង ៣.៧០០ នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់និងឃុំខ្លួន នៅពេល​ដែល​ពលរដ្ឋ​ទាំងនោះ ធ្វើការបាតុកម្ម​ប្រឆាំង​នឹង​របបយោធា​ភូមា៕ 

None



អត្ថបទបន្ទាប់


អាជ្ញាធរក្រុងបាកកបន្ដបទបញ្ជាបិទបណ្ដោះអាសន្ន ៨ថ្ងៃបន្ថែមទៀត ខណៈស្ថានភាពកូវីដ-១៩មិនធូរស្រាល

បទបញ្ជាបិទទីក្រុងបាងកកបណ្ដោះអាសន្ន នឹងត្រូវអាជ្ញាធរថៃ ពន្យារពេលបន្ថែមទៀត ដល់ថ្ងៃទី ១៧ ខែឧសភា ដោយសារតែស្ថានភាពកូវីដ-១៩ នៅក្នុងប្រទេសនេះ ន…

អឺរ៉ុប និងឥណ្ឌាយល់ព្រមវិលចូលតុចរចា FTA ឡើងវិញហើយ ក្រោយផ្អាកអស់៨ឆ្នាំ

សហភាពអឺរ៉ុប និងឥណ្ឌា កាលពីចុងសប្ដាហ៍មុននេះ បានសម្រេចយល់ព្រមចាប់ដៃគ្នា វិលចូលតុចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីឡើងវិញហើយ បន្ទា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ