
ដំបូងឡើយនៅល្ងាចថ្ងៃទី៣កុម្ភៈ ថ្នាក់ដឹកនាំអាកាសចរណ៍ជាតិមីយ៉ាន់បានប្រកាសថា ខ្លួននឹងផ្អាកជើងអស់ហើរទាំងអស់រហូតដល់ចុងខែឧសភាឆ្នាំ២០២១។ តែក្រោយមកអាកាសចរណ៍ជាតិមីយ៉ាន់ម៉ា បានចេញសេចក្តីប្រកាសព័ត៌មានវិញថា ខ្លួននឹងបើកឲ្យមានជើងហោះហើរធម្មតាវិញចាប់ពីថ្ងៃទី៤កុម្ភៈនេះតទៅ។
សេចក្តីប្រកាសព័ត៌មាននោះបានរៀបរាប់ថា៖«យើងសូមជូនដំណឹងដល់អ្នកដំណើររបស់យើងថាជើងហោះហើរក្នុងស្រុក និងអន្តរជាតិ នឹងចាប់ផ្តើមឡើងវិញតាមការគ្រោងទុកនៅថ្ងៃទី៤ ខែកុម្ភៈឆ្នាំ ២០២១ ដើម្បីភាពងាយស្រួលដល់អ្នកដំណើរក្នុងអំឡុងពេលរាតត្បាត Covid-19នេះ»។
ជុំវិញការបិទព្រលានយន្តហោះនេះ ត្រូវបានគេមើលឃើញថា ជាការដាក់បញ្ជាពីយោធាមីយ៉ាន់ម៉ា ដែលបានធ្វើរដ្ឋប្រហារលើរដ្ឋាភិបាលលោកស្រី Aung San Su Kyi កាលពីព្រឹកថ្ងៃច័ន្ទ ទី១កុម្ភៈ។ ទន្ទឹមនឹងនេះ ការបញ្ជាឲ្យបើកព្រលានយន្តហោះវិញនេះដែរ ត្រូវបានគេជឿថា ទំនងជាពួកយោធាមើលឃើញពីផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចមីយ៉ាន់ម៉ា ដែលកំពុងសង្កត់សង្កិនរួចស្រេចហើយពីកូវីដ១៩៕