ក្រុមអ្នកតវ៉ាបានប្រមូលផ្ដុំគ្នានៅក្នុងទីក្រុងយ៉ាំងហ្គូន ដែលជារដ្ឋធានីពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសមីយ៉ាន់ម៉ា។ ក្រុមអ្នកតវ៉ាទាំងនោះ បានកាន់ប៉ោងពណ៌ក្រហម ដែលជាពណ៌តំណាងឲ្យគណៈបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អោង សានស៊ូជី ហើយពួកគេក៏បានស្រែកថា «យើងមិនចង់បានរបបយោធាផ្ដាច់ការទេ! យើងចង់បានប្រជាធិបតេយ្យ!»។
យោធាមីយ៉ាន់ម៉ា បានដណ្ដើមអំណាចតាំងពីព្រលឹមថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ដែលនាំឲ្យមានបញ្ហផ្លាស់ប្តូរលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ ហើយសហគមន៍អន្តរជាតិក៏បានផ្ទុះការថ្កោលទោសទៅកាន់ការធ្វើរដ្ឋប្រហារនេះជាបន្ដបន្ទាប់ផងដែរ។
នៅព្រឹកថ្ងៃសៅរ៍ទី ៦ ខែកុម្ភៈ គេឃើញមានក្រុមមនុស្សជាច្រើនបានប្រមូលផ្ដុំគ្នា ដែលមកពីគ្រប់តំបន់នៃទីក្រុងយ៉ាំងហ្គន មកជួបជុំគ្នានៅតំបន់ Hledan Township ដោយមានអ្នកខ្លះដើរតាមផ្លូវ។ ពួកគេបានគ្រវីទង់គណៈបក្សរបស់លោកស្រី អោង សានស៊ូជី និងបានលើកម្រាមដៃបី ដែលជានិមិត្តសញ្ញាក្នុងការប្រឆាំងនឹងការធ្វើរដ្ឋប្រហារដោយក្រុមយោធា។