វិស័យពាណិជ្ជកម្ម

បម្រាមនាំចេញរបស់ចិន កំពុងធ្វើឱ្យមីយ៉ាន់ម៉ា ជួបវិបត្តិខ្វះថ្នាំពេទ្យ ប្រេងឥន្ធនៈ និងស្បៀងអាហារ


តំបន់មួយចំនួននៅប្រទេសមីយ៉ាន់ម៉ា ដែលមានប្រជាជនសរុបជាង៥៤លាននាក់ កំពុងជួបវិបត្តិខ្វះស្បៀងអាហារ ថ្នាំពេទ្យ ប្រេងឥន្ធនៈ និងទំនិញប្រើប្រាស់សំខាន់ៗផ្សេងទៀតដោយសារតែប្រទេសចិនបានដាក់បម្រាមលើការនាំចេញទៅកាន់មីយ៉ាន់ម៉ា បន្ទាប់ពីមានការកើនឡើងនូវការប្រយុទ្ធគ្នាក្នុងរដ្ឋកាជីន និងរដ្ឋសាន នៅភាគខាងជើង ដែលស្ថិតនៅជាប់ព្រំដែនចិន និងការបង្ក្រាបរបស់របបយោធាមីយ៉ាន់ម៉ា ទៅលើទំនិញនាំចូលដោយខុសច្បាប់ពីចិន និងថៃ ដែលជាប្រទេសជិតខាង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក ឌឹ អឺរ៉ាវ៉ាឌី (The Irrawaddy)។
វិស័យពាណិជ្ជកម្ម
ដោយ

របបយោធាមីយ៉ាន់ម៉ា ដែលកំពុងជួបវិបត្តិខ្វះសាច់ប្រាក់ធ្ងន់ធ្ងរបានដាក់ការរឹតបន្តឹងលើការអនុញ្ញាតឱ្យនាំចេញ និងនាំចូលទំនិញ ដើម្បីកាត់បន្ថយតម្រូវការប្រើប្រាស់រូបិយប័ណ្ណបរទេស។ កាលពីពេលថ្មីៗនេះ របបយោធាមីយ៉ាន់ម៉ា ក៏បានបើកប្រតិបត្តិការបង្រ្កាបការនាំចូលទំនិញឆ្លងកាត់ព្រំដែនគោកផងដែរ ដោយអះអាងថា ពាណិជ្ជកម្មខុសច្បាប់នេះ ជាមធ្យោបាយផ្តល់ហិរញ្ញវត្ថុដល់ក្រុមប្រឆាំងនឹងរដ្ឋាភិបាល​។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តយូណាន នៃប្រទេសចិន ក៏បានផ្អាកការនាំចេញគ្រឿងឧបភោគបរិភោគ ទំនិញប្រើប្រាស់ក្នុងផ្ទះ គ្រឿងអេឡិចត្រូនិក គ្រឿងម៉ាស៊ីន បន្ទះសូឡា និងសម្ភារសំណង់ឆ្លងកាត់ព្រំដែនរបស់ខ្លួនទៅកាន់ប្រទេសមីយ៉ាន់ម៉ា ផងដែរ កាលពីថ្ងៃទី២២ ខែតុលា។

ប្រទេសមីយ៉ាន់ម៉ា ពឹងផ្អែកយ៉ាងខ្លាំងលើប្រទេសថៃ និងប្រទេសចិន សម្រាប់ទំនិញសំខាន់ៗជាច្រើនប្រភេទរាប់ចាប់ពីស្បៀងអាហាររហូតដល់ជីកសិកម្ម។ យោងតាមសេចក្ដីរាយការណ៍មួយបានឱ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា ក៏កំពុងជួបបញ្ហាខ្វះខាតគ្រឿងប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃផងដែរដូចជាប្រេងឆា កាហ្វេ មីកញ្ចប់ ថ្នាំដុសធ្មេញ និងសាប៊ូ ជាដើម។

ដើម្បីដាក់សម្ពាធលើកងទ័ពឧទ្ទាមជនជាតិដើមភាគតិច ដែលកំពុងប្រយុទ្ធប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា ប្រទេសចិន បានបិទច្រកព្រំដែនឆ្លងកាត់ជាមួយទីក្រុងនានារបស់មីយ៉ាន់ម៉ា ដែលកាន់កាប់ដោយក្រុមឧទ្ទាមក្នុងរដ្ឋកាជីន ក៏ដូចជាច្រកព្រំដែនផ្សេងៗទៀតនៅក្នុងរដ្ឋសានភាគខាងជើងផងដែរ។

អាជីវកម្មជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងជួបការលំបាកយ៉ាងខ្លាំង ដោយសារវិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយសាររដ្ឋប្រហារយោធា កាលពីអំឡុងឆ្នាំ២០២១។ ម្ចាស់អាជីវកម្មភាគច្រើនបានលើកឡើងថា ស្ថានការណ៍វិវត្តចុងក្រោយនេះអាចជះផលប៉ះពាល់ដល់ក្រុមហ៊ុនសំណង់នានា និងបណ្តាលឱ្យបាត់បង់ការងារជាច្រើននៅក្នុងវិស័យនេះ។

សូមបញ្ជាក់ថា របបយោធាមីយ៉ាន់ម៉ា ក៏បានបង្រ្កាបទ្រង់ទ្រាយធំលើទំនិញនាំចូលខុសច្បាប់នៅក្នុងរដ្ឋការ៉េន និងរដ្ឋមន ក៏ដូចជាតំបន់ម៉ាន់ដាឡាយផងដែរ ដោយបានឆ្មក់ចូលឃ្លាំងទំនិញនានា និងរឹបអូសយកទំនិញទាំងនោះ។ នេះបើយោងតាមបណ្ដាម្ចាស់អាជីវកម្មនៅក្នុងតំបន់ម៉ាន់ដាឡាយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ទុរេនខ្មែររំពឹងអាចហក់ចូលទីផ្សារចិន នៅឆ្នាំក្រោយ ខណៈអ្នកដាំរំពឹងធ្វើឱ្យតម្លៃទុរេនកាន់តែល្អប្រសើរ

ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម បានគូសបញ្ជាក់ថា មកទល់ពេលនេះកម្ពុជា បានរៀបចំនីតិវិធីបែបបទពាក់ព័ន្ធផលិតផលទុរេនរួចរាល់ហើយ នៅឡើយរង់ចាំ…

វៀតណាមដាក់គោលដៅជំរុញការជួញដូរភាគហ៊ុនឲ្យឈានដល់២00ពាន់លានដុល្លារនៅឆ្នាំក្រោយ

វៀតណាម ដែលជាប្រទេសភូមិផងរបងជាមួយកម្ពុជា បានដាក់ផែនការ ដើម្បីជំរុញការអភិវឌ្ឍទីផ្សារភាគហ៊ុនឱ្យឈានដល់២០០ពាន់លានដុល្លារនៅត្រឹមឆ្នាំក្រោយ។ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ