មហាសន្និបាតអង្គការសហប្រជាជាតិនឹងបោះឆ្នោតនៅសប្តាហ៍នេះ លើសេចក្តីព្រាងសេចក្តីសម្រេច ចាត់វិធានការដាក់រុស្ស៊ីអោយនៅឯកោ។ សេចក្តីព្រៀងនេះ គ្មានប្រទេសណាមានអំណាចវេតូបានឡើយ ដោយហេតុថាវាស្ថិតនៅក្រោមមហាសន្និបាត និងមិនស្ថិតក្នុងរង្វង់នៃក្រុមប្រឹក្សាសន្តិសុខឡើយ។ អ្នកការទូតមកពីលោកខាងលិចរំពឹងថា ដំណោះស្រាយនេះ នឹងត្រូវបានមហាសន្និបាតអនុម័ត ដោយវានឹងត្រូវការសម្លេងគាំទ្រពីរភាគបី។
សម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ប្រតិកម្មពីអង្គការសហប្រជាជាតិ គឺជាឱកាសមួយដើម្បីបង្ហាញថា គ្មានប្រទេសណាមួយគាំទ្ររុស្ស៊ីឲ្យប្រព្រឹត្តិអំពើបង្ហូរឈាមនោះទេ។ មន្ត្រីទូតដែលជិតស្និទនឹងបញ្ហានេះ បានបង្ហើបថាមកទល់ពេលនេះ សេចក្តីព្រាងដំណោះស្រាយមានប្រទេស ៨០រួចហើយដែលបង្ហាញការគាំទ្រ ខណៈប្រទេសជាង១០០ផ្សេងទៀត នឹងត្រូវឡើងថ្លែងពីបញ្ហារុស្ស៊ីឈ្លានពានអ៊ុយក្រែន មុនពេលមហាសន្និបាតចាប់ផ្តើមបោះឆ្នោត។
គួរជម្រាបថា កិច្ចចរចាស្តីពីបទឈប់បាញ់រវាងមន្ត្រីរុស្ស៊ី និងអ៊ុយក្រែនបានបរាជ័យក្នុងការចរចាកាលពីថ្ងៃចន្ទ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា លោកសង្ឃឹមថា កិច្ចចរចាលើកក្រោយនឹងមិនត្រឹមតែធ្វើឱ្យមានការបញ្ឈប់ភ្លាមៗចំពោះការប្រយុទ្ធគ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្លូវឆ្ពោះទៅរកដំណោះស្រាយការទូតផងដែរ។
លោក Guterres ក៏បានព្រមានអំពីផលប៉ះពាល់នៃជម្លោះរវាងប្រទេសទាំងពីរ នឹងជះឥទ្ធិពល លើជនស៊ីវិល ដែលអាចក្លាយជាវិបត្តិមនុស្សធម៌ និងជនភៀសខ្លួនដ៏អាក្រក់បំផុតរបស់អឺរ៉ុបក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះ។
ជាក់ស្តែង ឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួនអង្គការសហប្រជាជាតិឲ្យដឹងថា ជនភៀសខ្លួនជាង ៥០ម៉ឺននាក់ បានភៀសខ្លួនពីអ៊ុយក្រែនទៅកាន់ប្រទេសជិតខាង ក្នុងនោះមានជាង ១៥ម៉ឺននាក់បានភៀសខ្លួនទៅប្រទេសប៉ូឡូញ។
សូមបញ្ជាក់ថា កិច្ចចរចាជុំទីពីររវាងរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានឲ្យដឹងដោយភាគីរុស្ស៊ីថា នឹងអាចធ្វើឡើងក្នុងពេល២ថ្ងៃទៀត៕