នាឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានបង្ហាញពីការព្រួយបារម្ភ នូវស្ថានការណ៍នៃប្រទេសអាហ្វហ្កានីស្ថាន ដែលបានកើតឡើងនាពេលថ្មីៗនេះ ដែលវាស្រដៀងទៅនឹងប្រវត្តិសាស្ត្ររបស់កម្ពុជា កាលពី ៤៥ឆ្នាំមុន ពោលគឺនៅឆ្នាំ១៩៧៥ ដែលពួកខ្មែរក្រហម ចូលមកកាន់កាប់ទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា ដែលជាស្ថានភាព ដ៏សោកសៅបំផុតរបស់ ប្រជាជនកម្ពុជា។ ព្រឹត្តិការណ៍នេះ បានធ្វើឱ្យប្រទេសធ្លាក់ក្នុងភាពវឹកវរ និងបន្ទុចបង្អាក់ដល់ដំណើរការនៃអភិវឌ្ឍសេដ្ឋកិច្ចសង្គម កម្ពុជា នាពេលកន្លងមក។ ទន្ទឹមនេះ សម្ដេច ហ៊ុន សែន បានប្ដេជ្ញាដោយសង្កត់ធ្ងន់ថា សម្ដេចមិនឱ្យកម្ពុជា កើតមានហេតុការណ៍បែបនេះទៀតនោះទេ។
ដោយឡែក ចំពោះទិដ្ឋភាពភូមិសាស្ត្រនយោបាយ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានសម្ដេចតេជោ មើលឃើញថា កំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស ព្រមជាមួយនឹងការប្រែប្រួលតុល្យភាពអំណាចសកល និងការប្រកួតប្រជែងភូមិសាស្ត្រ នយោបាយ ដែលកាន់ស្មុគស្មាញ និងគ្រោះថ្នាក់។ សម្ដេច ហ៊ុន សែន បានលើកឡើងថា ស្ថិតក្នុងស្ថានភាពនេះ មានតែភាគីពាក់ព័ន្ធនៅក្នុងប្រទេសជម្លោះប៉ុណ្ណោះ ដែលអាចចូលរួមចំណែក កសាងសន្តិភាព និងប្រទេសជាតិបាន។ ក្នុងន័យនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះ «ភាពជាម្ចាស់ប្រទេស» ជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យ និងសន្តិភាពពេញលេញ ប្រកបដោយនិរន្តរភាព។
បន្ថែមលើនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ប្រទេសដទៃ មិនអាចមកបណ្ដុះគុណតម្លៃ និងប្រព័ន្ធនយោបាយឱ្យប្រទេសណាមួយបាននោះឡើយ ដោយសារមូលដ្ឋានគ្រឹះសំខាន់ទាំងនេះ ត្រូវការរីកលូតលាស់ជាលំដាប់លំដោយ ស្របទៅតាមបរិបទនយោបាយ,សេដ្ឋកិច្ច,សង្គមកិច្ច និងវប្បធម៌របស់ប្រទេសនីមួយៗ។ សម្ដេចតេជោ បានគូសរំលេច ទៀតថា នាដើមទស្សវត្សន៍ឆ្នាំ១៩៩០ កម្ពុជា មិនទាន់អាចសម្រេចបានសន្តិភាពពេញលេញនោះទេ បើទោះបីកម្ពុជា ចំណាយថវិកាប្រមាណ ២ពាន់លានដុល្លារក៏ដោយ លុះរហូតដល់ឆ្នាំ ១៩៩៨ ទើបកម្ពុជា អាចឈានទៅសម្រេចបានសន្តិភាពពេញលេញ៕