ណាតូ និងប្រទេសជប៉ុនសន្យាពួតដៃគ្នា!

អង្គការណាតូ និងជប៉ុនប្រកាសរឹតចំណងសម្ព័ន្ធភាព ចំពោះមុខការគំរាមកំហែងជាប្រវត្តិសាស្ត្ររបស់ចិន និងរុស្ស៊ី


អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានសន្យារួមគ្នាកាលពីថ្ងៃអង្គារទី៣១ខែមករា ដើម្បីពង្រឹងទំនាក់ទំនងរវាងជប៉ុន និងសម្ព័ន្ធយោធាទាំង៣០ប្រទេសនេះ ដោយបានលើកឡើងរួមគ្នាថា ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បូករួម និងកិច្ចសហប្រតិបត្តិការយោធា ដែលកំពុងកើនឡើងរបស់ប្រទេសចិន បានបង្កើតបរិយាកាសសន្តិសុខដ៏តានតឹងបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២មក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
អង្គការណាតូ និងជប៉ុនប្រកាសរឹតចំណងសម្ព័ន្ធភាព ចំពោះមុខការគំរាមកំហែងជាប្រវត្តិសាស្ត្ររបស់ចិន និងរុស្ស៊ី

លោក Jens Stoltenberg ប្រមុខអង្គការណាតូ បានជំរុញឱ្យរដ្ឋអំណាចតូក្យូបង្កើនការគាំទ្រផ្នែកយោធារបស់ខ្លួនបន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន ហើយក៏បានបង្ហាញពីការព្រួយបារម្ភស្រដៀងគ្នាពីការកើនឡើងនៃឥទ្ធិពល ក៏ដូចជាភាពតានតឹងជាមួយប្រទេសចិនផងដែរ។ មេដឹកនាំទាំងពីរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ ពិភពលោកគឺស្ថិតនៅចំណុចប្រវតិ្តសាស្រ្តមួយ ដែលពោរពេញទៅដោយបរិយាកាសសន្តិសុខដ៏អាប់អួរ និងស្មុគស្មាញបំផុតចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី២។ ជាមួយគ្នានោះ លោក ស្តូលថេនបឺក និង លោក គីស៊ីដា បានលើកឡើងពីការព្រួយបារម្ភរួមគ្នាថា ការគំរាមកំហែងនុយក្លេអ៊ែររបស់រុស្ស៊ី សមយុទ្ធយោធារួមគ្នារវាងរុស្ស៊ី និងចិននៅជិតប្រទេសជប៉ុន និងការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺសុទ្ធសឹងជាបញ្ហា ដែលបង្កភាពឈឺក្បាលវិលមុខសម្រាប់ពិភពលោក។

ដោយឡែក អគ្គលេខាធិការអង្គការណាតូរូបនេះ បានប្រាប់អ្នកយកព័ត៌មានថា ជ័យជម្នះរបស់រុស្ស៊ីនៅអ៊ុយក្រែននឹងធ្វើឱ្យចិនមានភាពក្លាហានឡើងកាន់តែខ្លាំងក្នុងការឈ្លានពានតៃវ៉ាន់ដូចគ្នា ដោយថា សេណារីយ៉ូឥលូវនេះ គឺហាក់ស្តែងឡើងក្នុងរូបភាពសមយុទ្ធយោធាដែលមានលក្ខណៈសម្លុត និងគំរាមកំហែង លើដែនកោះប្រជាធិបតេយ្យមួយនេះកាន់តែខ្លាំង។

លោកបានបន្ថែមថា៖ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនមិនមែនគ្រាន់តែជាវិបត្តិនៅអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែវាជាបញ្ហាប្រឈមចំពោះសណ្តាប់ធ្នាប់ពិភពលោក ដោយទីក្រុងប៉េកាំងកំពុងឃ្លាំមើលយ៉ាងដិតដល់ និងរៀនអំពីមេរៀននេះ ដែលអាចមានឥទ្ធិពលលើការសម្រេចចិត្តនាពេលអនាគត។ អ្វីដែលកំពុងកើតឡើងនៅអឺរ៉ុបថ្ងៃនេះ អាចនឹងត្រូវកើតឡើងនៅអាស៊ីបូព៌ានៅថ្ងៃស្អែកក៏ថាបាន។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសចិននៅមិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើការលើកឡើងរបស់មេដឹកនាំកំពូលនៃសម្ព័ន្ធយោធាណាតូ ដែលកំពុងធ្វើទស្សនកិច្ចក្នុងប្រទេសជប៉ុននេះទេ។ ប៉ុន្តែ ចិនធ្លាប់បានបរិហាររិះគន់ណាតូថា កំពុងប្រឹងប្រែងពង្រីកដែនឥទ្ធិពលយោធា ទៅក្នុងតំបន់អាស៊ី។ ចំណែកឯរុស្ស៊ី ដែលបានចាត់ទុក សង្រ្គាមឈ្លានពានរបស់ខ្លួននៅអ៊ុយក្រែនថា ជាបេសកកម្មពិសេសនោះ បានចោទណាតូថា ការពង្រីកដែនយោធារបស់ខ្លួននៅអឺរ៉ុបគំរាមកំហែងសន្តិសុខរុស្ស៊ី។

សូមជម្រាបថា នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បានក្លាយជាមេដឹកនាំនៅអាស៊ីដំបូងគេ ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូកាលពីឆ្នាំមុនដោយធ្វើជាអ្នកសង្កេតការណ៍។ កាលពីខែធ្នូ ប្រទេសជប៉ុនក៏បានបង្ហាញផែនការពង្រីកសមត្ថភាពយោធាការពារជាតិរបស់ខ្លួន គឺបង្កើនការចំណាយ២%នៃGDP ក្នុងការអភិវឌ្ឍន៍វិស័យយោធា ដែលត្រូវបានគេមើលឃើញថា ជាការផ្លាស់ប្តូររមិននឹកស្មានមិនដល់មួយ ចាប់តាំងពីក្រោយសង្គ្រាមលោកលើកទី២មក៕




អត្ថបទបន្ទាប់


ក្រុមអាជីវករថា ចរន្តទិញលក់ដែក និងគ្រឿងសំណង់នៅកម្ពុជានៅតែបន្តធ្លាក់ចុះ បើទោះបីសេដ្ឋកិច្ចហាក់ល្អប្រសើរជាងមុនក្តី

ចរន្តទិញលក់ដែកនិងគ្រឿងសំណង់នៅកម្ពុជាមិនទាន់បានបង្ហាញសញ្ញាវិជ្ជមានខ្លាំងគួរឲ្យកត់សម្គាល់នោះទេ បើទោះបីសេដ្ឋកិច្ច និងការឆ្លងរាតត្បាតនៃជំងឺកូ…

អាជ្ញាធរចិនអះអាងថា ស្ថានភាពឆ្លងរាលដាលកូវីដ១៩នៅក្រោយបុណ្យចូលឆ្នាំចិនមានក្នុងកម្រិតទាប

អ្នកនាំពាក្យគណៈកម្មាធិការសុខភាពជាតិចិន លោក មី ហ្វឹង (Mi Feng) បានថ្លែងនៅក្នុងសេចក្ដីរាយការណ៍មួយកាលពីថ្ងៃច័ន្ទទី៣០ខែមករាថា ស្ថានភាពជំងឺ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ