បើតាមសេចក្ដីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ការលើកទឹកចិត្តការប្រើប្រាស់សេវាអេឡិចត្រូនិក ជំនួសឲ្យការប្រើប្រាស់មូលប្បទានបត្រនេះ គឺដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ Covid-19 ដែលកំពុងរីករាលដាល និងដើម្បីធានាសុវត្ថិភាព និងការពារហានិភ័យនានា ដែលអាចកើតមានឡើងដោយយថាហេតុ។
ជាមួយគ្នានេះដែរ លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ធ្លាប់បានលើកឡើងដែរថា អំឡុងពេលដែលកម្ពុជាក៏ដូចជាពិភពលោកទាំងមូល ជួបប្រទះនូវបញ្ហារីករាលដាលនៃ Covid-19 នេះ លោកថា វាក៏ជាឱកាសសម្រាប់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិករីកធំធាត់ដែរ ព្រោះអ្វី? ព្រោះថា សេវាអេឡិចត្រូនិកនេះ នឹងជួយឲ្យអ្នកប្រើប្រាស់ ក៏ដូចជាពលរដ្ឋ កាន់តែមានទំនុកចិត្ត និងសុវត្ថិភាពជាងមុន ស្របពេលដែលបច្ចុប្បន្ន ប្រជាពលរដ្ឋកំពុងតែខ្វាយខ្វល់ពីបញ្ហាសុខភាព ដែលអាចឆ្លងនូវជំងឺផ្សេង។
លោក បណ្ឌិត អ៊ិន ចាន់នី មានប្រសាសន៍ថា «ខ្ញុំរំឭកបន្ដិចថា កាលនៅប្រទេសចិន ដែលឌីជីថលចាប់ផ្ដើមដើរដំណើរនៅពេលដែល ដំណើរការល្អហ្នឹង មានការប្រើប្រាស់ទូលំទូលាយហ្នឹង នៅពេលដែលមានព័ត៌មានពីជំងឺសារ ណ៎! ហើយមនុស្សមានការខ្វាយខ្វល់ពីការកាន់ក្រដាសប្រាក់។ អញ្ចឹងធ្វើឲ្យ WeChat, Alipay ពេលនោះ ចាប់ផ្ដើមដើរយ៉ាងសកម្ម។»ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដារូបនេះ បានបញ្ជាក់បន្ថែមទៀតថា «អញ្ចឹងការប្រើប្រាស់ក្រដាសប្រាក់ហ្នឹងក៏អាចជាចំណែកមួយដែរ។ ខ្ញុំមិនចង់យកឱកាសនេះ ទៅផ្សាយថាកាន់ក្រដាសប្រាក់ទៅឆ្លង (Covid-19) អត់ទេ! ព្រោះវត្ថុដែលមានការប៉ះហើយបញ្ជូនពីដៃមួយទៅដៃមួយដែលយើងខ្វល់ហ្នឹង គួរតែប្រើមធ្យោបាយឌីជីថលទៅ កុំឲ្យមានការសង្ស័យ។ ឌីជីថលអាចជួយក្នុងការទូទាត់បង់ថ្លៃសេវាអីផ្សេងៗ ជៀសវាងការប្រើអ្វីដែលធ្វើឲ្យយើងខ្វល់»។
ទោះយ៉ាងណា អ្នកជំនាញធនាគាររូបនេះ សង្កត់ធ្ងន់ថា ការលើកឡើងខាងលើនេះ មិនមែនបានន័យថា ក្រដាសប្រាក់ វាជាប្រភពចម្លងមេរោគ Covid-19 នោះទេ ប៉ុន្ដែ បើសិនជាអ្នកប្រើប្រាស់មានការខ្វាយខ្វល់ ឬសង្ស័យ គឺអាចជ្រើសរើសប្រើការទូទាត់តាមឌីជីថល ដែលមានសុវត្ថិភាព និងទំនុកចិត្តខ្ពស់។ មិនតែប៉ុណ្ណោះ ពលរដ្ឋក៏មិនគួរមានការភ័យខ្លាចខ្លាំងហួសហេតុពេករហូតមិនហ៊ានចេញលក់ដូរ ឬប្រកបរបអាជីវកម្មរបស់ខ្លួននោះដែរ។
សូមបញ្ជាក់ដែរថា បើតាម របាយការណ៍ពី ធនាគារជាតិនៃកម្ពុជាធ្លាប់បានឲ្យដឹងថា ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល នៅកម្ពុជាក្នុងឆ្នាំ២០១៩ នេះ មានកំណើនរហូតដល់ជាង៣៧ភាគរយ ជាមួយនឹងទំហំទឹកប្រាក់ប្រមាណជាង ២ពាន់លានដុល្លារ និងរំពឹងថា បន្តកំណើតរហូតដល់ជាង ៥៧ ភាគរយ ក្នុងឆ្នាំ២០២០ ជាមួយនឹងទំហំទឹកប្រាក់ជាង ៣ពាន់លានដុល្លារ៕