របាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២០ និងទស្សនវិស័យឆ្នាំ២០២១ របស់ធនាគារជាតិនៃកម្ពុជាដែលបានចេញផ្សាយនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងទៀតថា ទន្ទឹមនឹងការទទួលបានកំណើនងើបឡើងវិញក្នុងរង្វង់៤% នៅឆ្នាំក្រោយ២០២១ អត្រាអតិផរណារំពឹងថា មានកម្រិតក្រោម៣% ដែលជាកម្រិតទាបអាចគ្រប់គ្រងបាន ជាមួយនឹងស្ថិរភាពអត្រាប្ដូរប្រាក់ និងការរក្សាបានកម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិ។ ដោយឡែក ចំពោះស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា ក៏បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ដែរថា នឹងអាចសម្រេចបានពី ៤% ទៅ៦,៨%។
ទោះយ៉ាងណា ការព្យាករទាំងនេះ អាស្រ័យជាចម្បងលើប្រសិទ្ធភាពនៃថ្នាំបង្ការ, ល្បឿននៃការងើបឡើងវិញនៃកំណើនក្នុងប្រទេសជាដៃគូសេដ្ឋកិច្ចជាមួយកម្ពុជា និងការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចក្នុងស្រុក។
បើតាមធនាគារជាតិនៃកម្ពុជា នៅឆ្នាំ ២០២១ មូលនិធិរូបិយវត្ថុអន្តរជាតិរំពឹងថា សេដ្ឋកិច្ចពិភពលោក អាចងើបឡើងវិញ ប៉ុន្ដែមានភាពមិនស្មើសាច់នៅឡើយ និងអាចប្រឈមនឹងភាពមិនប្រាកប្រជាខ្ពស់។ បញ្ហាទាំងនេះ អាចនឹងបន្ដដាក់សម្ពាធលើវិស័យខាងក្រៅរបស់កម្ពុជា ដែលក្នុងនោះ វិស័យទេសចរណ៍ អាចបន្ដធ្លាក់ចុះដោយសារតែការទទួលបានថ្នាំបង្ការទាមទារនូវពេលវេលា, ការលេចចេញមេរោគកូវីដ-១៩ ប្រភេទថ្មី និងការភ័យខ្លាចក្នុងការចេញធ្វើដំណើររបស់ភ្ញៀវទេសចរអន្តរជាតិ និងការថយចុះប្រាក់ចំណូល និងសន្សំរបស់ពួកគេជាដើម។ វិស័យកម្មន្ដសាល រំពឹងថានឹងងើបឡើងជាលំដាប់ ជាពិសេសវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ខណៈវិស័យកសិកម្មរំពឹងថា នឹងបន្ដមានកំណើនល្អដូចឆ្នាំ២០២០ដែរ។
វិស័យសំណង់ និងអចលនទ្រព្យរំពឹងថា នឹងងើបឡើងសន្សឹមៗ ស្របពេលជាមួយនឹងកំណើនវិនិយោគផ្ទាល់ពីបរទេស, ការងើបឡើងវិញនៃចំណូល និងការរំពឹងទុកពីការរីកចម្រើនជារួមនាពេលអនាគត។ ម្យ៉ាងទៀត វិស័យសណ្ឋាគារ ភោជនីយដ្ឋាន ក៏ដូចជាវិស័យដឹកជញ្ជូន នឹងអាចបន្ដកើនឡើងវិញ ប៉ុន្ដែក្នុងល្បឿនយឺត ដោយសារតែការធ្លាក់ចុះទេសចរអន្តរជាតិ។
សូមបញ្ជាក់ថា តាមការអះអាងរបស់ធនាគារជាតិ នៅឆ្នាំ២០២០ វិស័យដែលទទួលរងការធ្លាក់ចុះខ្លាំងជាងគេ រួមមាន វិស័យទេសចរណ៍ ការនាំចេញសម្លៀកបំពាក់និងស្បែកជើង បន្ទាប់មកគឺវិស័យសំណង់និងអចលនទ្រព្យ ដែលមានសមាមាត្រគាំទ្រកំណើនរហូតដល់ទៅ ២ភាគ៣។
ដោយឡែក វិស័យដែលមានភាពធុនខ្លាំងជាងគេ គឺវិស័យកសិកម្ម និងហិរញ្ញវត្ថុ ដែលបានរួមចំណែករក្សានិរន្តរភាពអាជីវកម្មនិងការងារក្នុងកាលៈទេសៈដ៏លំបាកនេះ៕