
ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills បានព្យាករថា អាផាតម៉ិនថ្មីចំនួន១ម៉ឺនខ្នងនឹងវាយលុកទីផ្សារនៅទីក្រុងហូជីមិញ នៅឆ្នាំ២០២៥នេះ ដោយ៨០%នៃអាផាតម៉ិនថ្មីនេះនឹងមានតម្លៃលើសពី២,៥៤០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េ ហើយនៅសល់ប៉ុន្មានភាគរយទៀតនឹងមានតម្លៃចាប់ពីជិត២ពាន់ដុល្លារឡើងទៅ។
ចំណែកក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ One Housing បានព្យាករមុននេះថា នៅឆ្នាំនេះនឹងមានអាផាតម៉ិនថ្មីចន្លោះពី១ម៉ឺនទៅ២ម៉ឺនយូនីតសម្រាប់លក់ ក្នុងនោះ៨៨%នៃអាផាតម៉ិនថ្មីនេះ មានតម្លៃប្រហែល២,៣៥០ដុល្លារ ឬខ្ពស់ជាងនេះ ហើយប្រហែល៧០%នៃអាផាតម៉ិនសរុបនឹងស្ថិតនៅទីប្រជុំជនភាគខាងកើតនៃទីក្រុងហូជីមិញ។
កង្វះខាតការផ្គត់ផ្គង់លំនៅឋានថ្មីៗ បានក្លាយជាបញ្ហាប្រឈមសម្រាប់ទីក្រុងដ៏ធំបំផុតរបស់វៀតណាមមួយនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយការផ្គត់ផ្គង់នាពេលខាងមុខភាគច្រើននឹងស្ថិតក្នុងគម្រោងចាស់ៗ ដែលអនុវត្តនៅដំណាក់កាលបន្តបន្ទាប់ទៀត។ កាលពីឆ្នាំមុន តម្លៃអាផាតម៉ិនជាមធ្យមក្នុងរង្វង់៣,៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយកើនឡើង១៥% បើធៀបនឹងឆ្នាំ២០២៣។
លោកស្រី ហ្គាំង ហ្វិន (Giang Huynh) ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន Savills បាននិយាយថា ការធ្លាក់ចុះតម្លៃអចលនទ្រព្យនេះកំពុងហុចឱកាសដល់មនុស្សវ័យក្មេង និងកម្មករដែលមានប្រាក់ចំណូលទាបក្នុងការទទួលបានផ្ទះសម្រាប់រស់នៅ។ ប្រជាជនវៀតណាម កំពុងផ្លាស់ប្តូរទៅរស់នៅតាមតំបន់ជាយក្រុងកាន់តែច្រើនឡើងដោយសារតម្លៃផ្ទះបានកើនឡើងនៅក្នុងទីក្រុងនេះ ហើយសូម្បីតែនៅតំបន់មិនសំខាន់មួយចំនួនក៏ពិបាកនឹងស្វែងរកលំនៅឋានដែលមានតម្លៃសមរម្យផងដែរ៕
អត្ថបទ៖ សុខ មង្គល