ថ្លែងនៅក្នុង សន្និសីទស្តីពីការប្រកួតប្រជែង និងការប្រកាសពានរង្វាន់សាជីវកម្មទទួលខុសត្រូវផ្នែកសង្គម (CSR) ឆ្នាំ២០១៩ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជានាពេលថ្មីៗនេះ ឯកឧត្តម សុខ ចិន្ដាសោភា អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ការចូលរួមសកម្មភាពទំនួលខុសត្រូវសង្គមនេះ គឺជាការគិតគូរយូរអង្វែងរបស់ក្រុមហ៊ុន ហើយវាទាមទារឲ្យមានការយកចិត្តទុកដាក់លើ ៣ចំណុចធំៗ គឺទី១ យកចិត្តទុកដាក់ចំពោះបរិស្ថាន យកចិត្ដដាក់ចំពោះបុគ្គលិក និង យកចិត្តទុកដាក់ចំពោះកិច្ចការសង្គម។
បើតាម ឯកឧត្តម សុខ ចិន្ដាសោភា បានឲ្យដឹងថា ពាក្យថា ទំនួលខុសត្រូវសង្គម (CSR) នេះ គឺសំដៅដល់ម្ចាស់សហគ្រាស ដែលស្មគ្រចិត្ដបំពេញកាត្វកិច្ចល្អ លើសពីអ្វីដែលច្បាប់ប្រទេសកំណត់ទៅទៀត ពោលគឺមិនមែនរកស៊ីដើម្បីតែចំណេញមួយមុខនោះទេ តែក៏មានការទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងបរិស្ថានផងដែរ។
ឯកឧត្តម សុខ ចិន្ដាសោភាបាន លើកឧទាហរណ៍ជាក់ស្ដែងថា មានក្រុមហ៊ុនទេសចរណ៍មួយ មានគោលការណ៍ល្អ ដោយមិនប្រើប្រាស់ថង់ផ្លាស្ទិកនោះឡើយ ដើម្បីដល់ការពារបរិស្ថាន។ ហើយសូម្បីតែ ទឹកសុទ្ធដែលបុគ្គលិកមគ្គុសទេសទេសចរណ៍ក្រុមហ៊ុននោះទទួលទាន ក៏មិនប្រើដបផ្លាស្ទិកទៀត។ ទាំងនោះ គឺជាការបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះបរិស្ថាន ដែលត្រូវទទួលបានការលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាល។
ឯកឧត្តម សុខ ចិត្តសោភា បញ្ជាក់ទៀតថា «CSR ជាការគិតគូរយូរអង្វែង មិនមែនជាការចំណាយនោះទេ ហើយមែនទែនទៅវា ចំណេញជាងអាការដែលអត់យកចិត្តទុកដាក់ឆ្ងាយណាស់»។ ឯកឧត្តមបានលើកជាឧទាហរណ៍ ជាក់ស្ដែងមួយទៀតថា មានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន បានគិតគូពីសុខទុក្ខរបស់កម្មករ ដូចជាបានរៀបចំអាហារដ្ឋានដែលមានកម្រិតអនាម័យខ្ពស់ ដែលវាគឺជាការចូលរួមល្អ ទាំងច្បាប់ប្រទេសយើងមិនមានកំណត់នៅឡើយ តែក្រុមហ៊ុនបានធ្វើល្អលើសច្បាប់កំណត់ទៅទៀត។ នេះហើយជាអ្វីដែលច្បាប់វិនិយោគថ្មី ត្រូវគិតគូរលើកទឹកចិត្តដល់ក្រុមហ៊ុនទាំងនោះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម សុខចិន្ដា សោភា។
ឯកឧត្តម គូសបញ្ជាកយ៉ាងដូច្នេះថា «ពីមុនច្បាប់វិនិយោគអត់បានផ្ដល់ការលើកទឹកចិត្តទេ ប៉ុន្ដែ ច្បាប់ថ្មី ដែល CDC កំពុងរៀបចំនេះ នឹងលើកស្នើដល់រាជរដ្ឋាភិបាលផ្ដល់ការលើកទឹកចិត្តដល់ក្រុមហ៊ុនដែលបានអនុវត្តការងារ CSR នេះ»។
ក្រៅពីនេះ ទាក់ទងនឹងវិស័យដឹកជញ្ជូនវិញ ក៏ត្រូវបាន CDC កំណត់លើកជាសំណើសម្រាប់រាជរដ្ឋាភិបាលក្នុងការសម្រេចលើកទឹកចិត្តផងដែរ។
បើតាមឯកឧត្តម អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ថា «មកដល់ពេលនេះ យើងអត់ដែលបានលើកទឹកចិត្ត ដល់ក្រុមហ៊ុនដែលបានបរិច្ចាគគិតគូរដល់ការដល់ជញ្ជូនកម្មករ ចំណុចនេះ ច្បាប់អត់ដែលបានកំណត់សោះពីមុន។ ប៉ុន្ដែ ឃើញមានក្រុមហ៊ុនមួយចំនួន បានរៀបចំឡានដឹកជញ្ជូនកម្មករប្រកបដោយភាពថ្លៃថ្នូរ និងសុវត្ថិភាព ដែលទាំងនេះ វាក៏ស្ថិតក្នុងស្មារតីរបស់ CDC ក្នុងការលើកកម្ពស់ជំរុញ ឲ្យក្រុមហ៊ុនឈានទៅដល់ការអភិវឌ្ឍគោលការណ៍ CSR បាន»។
ទោះយ៉ាងណា ឯកឧត្តម សុខ ចិន្តាសោភា មិនទាន់អាចបញ្ជាក់បាននៅឡើយទេ ថាខាងរាជរដ្ឋាភិបាលនឹងផ្ដល់ការលើកទឹកចិត្តបែបណាខ្លះដល់ក្រុមហ៊ុន ដែលបានគិតគូពីទំនួលខុសត្រូវសង្គមនេះ ដោយសារតែសេចក្ដីព្រាងច្បាប់នេះ កំពុងស្ថិតនៅក្នុងការរៀបចំនៅឡើយ។
ក្រុមហ៊ុន ៥ ទទួលបាន ពានរង្វាន់សាជីវកម្មទទួលខុសត្រូវសង្គម
(CSR) ២០១៩
ក្នុងចំណោមក្រុមហ៊ុន ដាក់ពាក្យចូលរួមប្រកួត ចំនួន ១៧ និងមានអ្នកដាក់ពាក្យចំនួន ២៥ គណៈកម្មការវាយតម្លៃ បានរកឃើញក្រុមហ៊ុនចំនួន ៥ មកពីវិស័យផ្សេងគ្នា ទទួលបានពានរង្វាន់ សារជីវកម្មទទួលខុសត្រូវសង្គម (CSR) ពីសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំកម្ពុជា។ ក្រុមហ៊ុនទាំង ៥នោះ រួមមាន៖
១, ក្រុមហ៊ុន Chip Mong Insee ទទួលបានពានរង្វាន់«Jury's Choice-all Categories»
២, ក្រុមហ៊ុន Khmer Green Charcoal ទទួលបានពានរង្វាន់ «SME Categories»
៣, ក្រុមហ៊ុន Knai Bang Chatt ទទួលពានរង្វាន់ «Outstanding SME Categories»
៤, ក្រុមហ៊ុន Kulara water ទទួលពានរង្វាន់ «Large Categories»
៥, ក្រុមហ៊ុន Artisans Angkor ទទួលពានរង្វាន់ «Outstanding Large Achievement Categories»។
លោក Blaise Kilian នាយកប្រតិបត្តិ EuroCham Cambodia បានថ្លែងថា គោលបំណងនៃការរៀបចំឲ្យមានការប្រកួតប្រជែងសាជីវកម្មទទួលខុសត្រូវផ្នែកសង្គម (CSR) នេះ គឺដើម្បីជាការលើស្ទួយដល់ការទទួលខុសត្រូវក្នុងសង្គមពីសំណាក់ក្រុមហ៊ុនដែលជាវិស័យឯកជន។ លោកបន្ថែមទៀតថា នេះ ក៏ជាលើកទី១ហើយ ដែលសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជារៀបចំកម្មវិធីនេះឡើង ប៉ុន្ដែ កម្មវិធីនេះ ធ្លាប់បានរៀបចំចំនួន៣ដងរួចមកហើយ ដោយសមាគមធុរជនបារាំង។
បើតាមលោក ហៃ ភិរម្យ ដែលជាគណៈកម្មការមួយរូប ក្នុងចំណោមសមាសភាពគណៈកម្មការផ្សេងទៀត បានឲ្យដឹងថាដែរថា ក្រុមហ៊ុនដែលទទួលបានពានរង្វាន់ ត្រូវបានជ្រើសរើស ឆ្លងកាត់ការវាយតម្លៃយ៉ាងល្អិតល្អន់បំផុត ពីសមាជិកគណៈកម្មការពិសេស មានឯកឧត្តម សុខ ចិន្តា សោភា ជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក George EDGAR ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ជាសហប្រធាន៕