រដ្ឋបាលគយទូទៅចិន បានបញ្ជាក់ថា នៅក្នុងខែមេសានេះ ប្រទេសចិន បានធ្វើការនាំចេញទំនិញ ជិត ២០០ពាន់លានដុល្លារអាមេរិក សម្រេចបាននូវកំណើន ៨% សបញ្ជាក់ឲ្យឃើញថា ការធ្វើពាណិជ្ជ កម្មក្រៅប្រទេសរបស់ចិន នៅតែមានស្ថិរភាព ទោះបីមានវិបត្តិកូវីដ-១៩ក៏ដោយ។
បើតាមការចេញផ្សាយរបស់ សារព័ត៌មាន South China Morning Post បានឲ្យដឹងថា កំណើននៃការនាំចេញរបស់ប្រទេសចិន បានយកឈ្នះលើ ការព្យាករនានា ជាពិសេសការព្យាករពីសំណាក់សារព័ត៌មាន Bloomberg ដែលថា ការនាំចេញរបស់ចិន នឹងធ្លាក់ចុះ ១១% ដោយសារតែ គ្មានតម្រូវការនៅលើ ទីផ្សារសកលលោករហូតទាល់តែបញ្ហាមេរោគកូវីដ-១៩ បញ្ចប់។
ទោះយ៉ាងណា តម្រូវការប្រើប្រាស់នៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះ គឺមានការថមថយចុះ ជាមូលហេតុបណ្តាលឲ្យ ការនាំចូលទំនិញពីក្រៅប្រទេស មានការធ្លាក់ចុះ ១១% ដែលធ្វើឲ្យ ប្រទេសចិន សម្រេចបាននូវ អតិរេកពាណិជ្ជកម្មជិត ៤៥ពាន់លានដុល្លារអាមេរិក ក្នុងខែមេសានេះ កើនឡើងពី ២០ពាន់លានដុល្លារអាមេរិក កាលពីខែមីនា កន្លងទៅ។ដោយឡែក មានមតិជាច្រើនបានលើកឡើងថា កំណើនការនាំចេញក្នុងខែមេសានេះ គឺដោយសារតែ ការជំរុញការនាំចេញឧបករណ៍ បរិក្ខារប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ប៉ុណ្ណោះ ហើយកំណើននេះ គឺមានកម្រិតទាបណាស់ ក្នុងការជួយដល់កំណើនសេដ្ឋកិច្ចប្រទេសចិនជារួម។
សេដ្ឋវិទូចិន មកពី ស្ថាប័ន Oxford Economics បានលើកឡើងថា កំណើននេះ នឹងធ្លាក់ចុះទៅវិញក្នុងពេលឆាប់ៗ ដោយសារតែ តម្រូវការប្រើប្រាស់នៅជុំវិញសកលលោក កំពុងតែរងគ្រោះដោយ វិធានការបិទទីក្រុង និងគម្លាតសង្គម។
សូមជម្រាបថា ប្រទេសចិន នៅតែបន្តដាក់ចេញនូវ វិធានការសំខាន់ៗជាច្រើន ដើម្បីជួយដល់ ក្រុមហ៊ុនពាណិជ្ជកម្មបរទេស អាចបន្តបើកដំណើរការផលិតកម្មឡើងវិញ ក្នុងអំឡុងពេលទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ផងដែរ៕