សព្វថ្ងៃ កសិដ្ឋានបង្កាត់ពូជត្រីមួយនេះ អាចរកចំណូលបានចន្លោះពី ១០ ទៅ ១២ម៉ឺនដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ពោលគឺប្រហែល ១ម៉ឺនដុល្លារក្នុងមួយខែ ។
ម្ចាស់កសិដ្ឋានបង្កាត់ពូជត្រី មានឈ្មោះថា ហង់ ហ៊ាង អាយុ ៦០ឆ្នាំប្លាយ បានចាប់ផ្តើមមុខរបរនេះតាំងពីឆ្នាំ២០០២ មកម្ល៉េះ ហើយបើគិតទល់នឹងពេលនេះ គឺមានរយៈ១៨ឆ្នាំហើយ ។
ផ្តើមចេញពីកសិករចិញ្ចឹមត្រីលក្ខណៈគ្រួសារតូចតាច លោក ហង់ ហៀង បានបែកគំនិតងាកមកបង្កាត់ពូជត្រីជាលក្ខណៈកសិដ្ឋានទ្រង់ទ្រាយធំ ដោយសារតែលោកមើលឃើញថា នៅប្រទេសកម្ពុជា មានតម្រូវការពូជត្រីខ្ពស់ ប៉ុន្តែ បែរជាមិនសូវមានអ្នកចេះបង្កាត់ ហើយនាំចូលតែពីប្រទេសជិតខាង ។
កសិដ្ឋានរបស់លោក ហង់ ហ៊ាង រៀបចំឡើងនៅលើផ្ទៃដីទំហំប្រមាណជាជាង ៣ហិកតា ដោយមានស្រះធំៗ ចំនួន១០ ស្រះតូចៗ ចំនួន១២ស្រះ ។
លោក ហង់ ហ៊ាង បានរៀបរាប់ប្រាប់ដូច្នេះថា ៖ «ការសម្រេចចិត្តថា ឲ្យទៅជាអ្នកបង្កាត់ពូជត្រីវិញហ្នឹងដោយសារតែការណែនាំពីរដ្ឋបាលជលផល ព្រោះថា កាលពីយើងនៅចិញ្ចឹមត្រីធម្មតា ហើយយើងទៅទិញកូនត្រីគេ ខ្ញុំឃើញថា មានអ្នកទៅទិញកូនត្រីច្រើនមែនទែន តែអ្នកផលិតកូនត្រីមានតិច ដល់អ៊ីចឹង វាមិនអាចបំពេញតម្រូវការដល់កសិករចិញ្ចឹមត្រីបាន ខ្ញុំក៏សម្រេចចិត្តចាប់ផ្តើមពីពេលនោះមក»។
កាលពីនៅចិញ្ចឹមត្រីលក្ខណៈគ្រួសារ លោក ហង់ ហ៊ាង អាចរកចំណូលបានត្រឹមតែមួយគ្រប់មួយគ្រាន់សម្រាប់ការផ្គត់ផ្គង់អាហារហូបចុកក្នុងគ្រួសារតែប៉ុណ្ណោះ តែក្រោយពីប្រែក្លាយមកជាកសិដ្ឋាន លោកអាចរកចំណូលបានចន្លោះពី ១០ ទៅ ១២ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ។
លោក ហ៊ាង បានបញ្ជាក់ថា «ក្នុងមួយឆ្នាំ ដែលយើងរកតាំងពីខែ១ រហូតដល់ពាក់កណ្តាលខែ១១ហ្នឹង អ៊ីចឹង បើយើងគិតទៅ កូនត្រីយើង ៦ ទៅ ៧លានក្បាល ហើយបើគិតជាចំណូលបានប្រមាណ ជា ១០ ទៅ១២ម៉ឺនដុល្លារ តែបើផាត់ថ្លៃចំណាយអស់ហើយ យើងសល់បាន ៥ ទៅ ៦ម៉ឺនដុល្លារដែរ [ក្នុងមួយឆ្នាំ]» ។
យ៉ាងណាមិញ មុននឹងឈានដល់ការបានចំណូលខ្ទង់រាប់ម៉ឺនដុល្លារបែបនេះ លោក ហង់ ហ៊ាង បានប្រាប់ថា លោកក៏ជួបបញ្ហាមិនតិចដែរ កាលពីពេលដែលចាប់ផ្តើមដំបូង ជាពិសេស ខាងផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេសខ្លះ នៅក្នុងការផលិតពូជត្រី ។
ដោយមិនរួញរានឹងឧបសគ្គ បើទោះបីជាខ្វះខាតដើមទុន និងការព្រួយបារម្ភពីភរិយារបស់លោក ជុំវិញរឿងបំណុលធនាគារខ្លះក៏ពិតមែន តែម្ចាស់កសិដ្ឋានបង្កាត់ពូជត្រី ហង់ ហ៊ាង មិនរាថយឡើយ ព្រោះលោកបានទទួលការបណ្តុះបណ្តាលបច្ចេកកសិកម្មពីនាយកដ្ឋានវារីវប្បកម្ម រដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផល ខេត្តតាកែវ ដែលលោកគិតថា ជាដើមទុនដ៏សំខាន់បំផុតក្នុងការចាប់មុខរបរនេះ។
ក្នុងចំណោមកសិករគំរូដទៃទៀត លោក ហង់ ហ៊ាង ក៏ត្រូវបានរដ្ឋបាលជលផលចាត់ទុកថា ជាកសិករជោគជ័យមួយរូបផងដែរ លើការងារផលិតកូនត្រី ព្រោះថា កូនត្រីដែលលោកបានផលិត មានគុណភាព និងសុខភាពល្អ ហើយមានកសិករមកពីជុំវិញប្រទេសកម្ពុជា មកទិញពូជត្រីបន្តពីលោកយកទៅចិញ្ចឹម។
ភាពជោគជ័យនេះ បានជំរុញឲ្យលោក ហង់ ហ៊ាង និងក្រុមគ្រួសារ មានគម្រោងនឹងបើកសាខាកសិដ្ឋានបង្កាត់ពូជត្រីមួយកន្លែងទៀត នៅក្នុងខេត្តតាកែវដូចគ្នា ដែលបច្ចុប្បន្ន លោកកំពុងតែប្រមូលទិញដីនៅស្រុកមួយ ក្នុងខេត្តតាកែវ ខណៈដែលតម្លៃដីធ្លីនៅក្បែរៗកសិដ្ឋានរបស់លោកមានការឡើងថ្លៃខ្លាំងពេក ៕