ប្រធានសេដ្ឋវិទូនៃទីភ្នាក់ងារ S&P Global Ratings ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោក Shaune Roache បាននិយាយថា នៅក្រោយការផ្ទុះឡើងនៃជំងឺឆ្លងរាតត្បាតកូវីដ១៩ រដ្ឋាភិបាលជាច្រើននៅទូទាំងពិភពលោកបានប្រកាសដាក់ចេញនូវវិធានការបញ្ចេញកញ្ចប់ថវិកាជាតិដ៏ច្រើន ដើម្បីគាំទ្រដល់សេដ្ឋកិច្ច ។ ប៉ុន្តែ ប្រទេសខ្លះ រួមទាំង សហរដ្ឋអាមេរិក បានបង្ហាញពីការថមថយចុះនូវការបញ្ចេញថវិកាជាតិ និងខ្លះ ថែមទាំងកំពុងពិចារណាដកវិធានការទាំងនោះទៅទៀត ។ លោក Roache និយាយថា ការធ្វើដូច្នេះ គឺជារឿងគ្រោះថ្នាក់ ពីព្រោះថា វិស័យជាច្រើននៃសេដ្ឋកិច្ចនៅតែស្ថិតនៅក្រោមការរឹតត្បិតនៅឡើយ ។
សេដ្ឋវិទូដដែល បាននិយាយថា លោករំពឹងថា វិធានការបញ្ចេញថវិកាជាតិដើម្បីជួយរុញច្រានកំណើនសេដ្ឋកិច្ចនឹងត្រូវបានគេអនុវត្តជាបន្ត រហូតដល់ឆ្នាំក្រោយទៀត ។ លោកថា ការបន្តបង្កើនចំណាយថវិកាជាតិ ពិតណាស់ថា វានឹងធ្វើឲ្យតុល្យការចំណាយថវិកាជាតិមិនល្អ ប៉ុន្តែ វាជាការចាំបាច់ដើម្បីកុំឲ្យអ្វីៗកាន់តែអាក្រក់ជាងនេះថែមទៀត ។
លោក Roache បានពន្យល់ថា ការបង្កើនចំណាយថវិកាជាតិ គឺសំខាន់ចាំបាច់នៅពេលដែលអាជ្ញាធរចាត់វិធានការរឹតត្បិតសកម្មភាពសេដ្ឋកិច្ចដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ នៅខណៈដែលគេពុំទាន់មានដំណោះស្រាយវេជ្ជសាស្ត្រណាមួយដើម្បីទប់ទល់នឹងជំងឺនេះ នៅឡើយនោះ ។
សេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករថា នឹងរើបឡើងវិញមកនៅកម្រិតកំណើនជាមធ្យម ៤% ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ប៉ុន្តែ កម្រិតនៃទិន្នផលសេដ្ឋកិច្ចនៅក្នុងស្ទើរតែគ្រប់ប្រទេសទាំងអស់ ត្រូវគេរំពឹងថា នឹងនៅតែមានកម្រិតទាបជាងកម្រិតកាលពីឆ្នាំ២០១៩ សម្រាប់រយៈពេលជាច្រើនឆ្នាំទៅមុខទៀត ៕ (ប្រភព៖ CNBC)