លោក កឹម សុខា ដែលបច្ចុប្បន្នកំពុងរងការចោទប្រកាន់ដោយតុលាការពីបទក្បត់ជាតិ អស់រយៈពេលជាង ២ឆ្នាំមកហើយនោះ បាននិយាយថា លោកបានចំណាយពេលវេលាជាងពីរទសវត្សរ៍មក បូជាសេចក្តីសុខផ្ទាល់ខ្លួននិងកម្លាំងកាយនិងចិត្ត ក្នុងការលើកកម្ពស់សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ លើកទី៧១នេះ លោក កឹម សុខា បាននិយាយតាមរយៈហ្វេសប៊ុក យ៉ាងដូច្នេះថា ”ការរំលោភសិទ្ធិមនុស្ស នាំមកនូវភាពអយុត្តិធម៌ បង្កការឈឺចាប់ បណ្តាលឲ្យមានការរើបម្រាស ហើយអាចនាំមកនូវអស្ថិរភាពសង្គម ដែលជាកត្តានាំឲ្យប៉ះពាល់ដល់សន្តិភាព។”
លោក កឹម សុខា បានបន្តថា “ការការពារសិទ្ធិមនុស្ស គឺជាការចាំបាច់ដើម្បីជៀសវាងកុំឲ្យមនុស្សត្រូវបង្ខំចិត្តជ្រើសរើសយកការប្រឆាំងនឹងការគៀបសង្កត់ រំលោភបំពានណាមួយ ដោយពឹងផ្អែកលើការរើបម្រាសបះបោរ។”
សំណុំរឿងរបស់លោក កឹម សុខា នឹងធ្វើការជំនុំជម្រះនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ ខណៈដែលសហគមន៍អឺរ៉ុបបានចាប់ផ្តើមដំណើរការនីតិវិធីផ្អាកជាបណ្តោះអាសន្ន នូវកម្មវិធីអនុគ្រោះពន្ធ EBA បន្ទាប់ពីមានការព្រួយបារម្ភអំពីលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស នៅកម្ពុជា។
ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិនេះដែរ អង្គការឃ្លាំមើលសិទ្ធិមនុស្ស នៅថ្ងៃអង្គារ ទី១០ ខែធ្នូនេះ បានអំពាវនាវដល់កម្ពុជាឱ្យទម្លាក់ការចោទប្រកាន់ប្រឆាំងនឹងលោក កឹម សុខា។
លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទិ្ធមនុស្ស (Human Rights Watch) បានមានប្រសាសន៍ថា “ករណីប្រឆាំងនឹងលោក កឹម សុខា តែងតែជាលេសគួរឱ្យសង្ស័យដើម្បីវាយប្រហារគណបក្សនយោបាយប្រឆាំង។”
លោក Phil Robertson បានបន្តថា “លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ចាំបាច់ត្រូវបង្ហាញដល់សហគមន៍អឺរ៉ុបថា លោកបានត្រៀមខ្លួនយ៉ាងពិតប្រាកដដើម្បីបញ្ចប់យុទ្ធនាការរបស់លោកក្នុងការគាបសង្កត់នយោបាយរបស់សំឡេងប្រឆាំង”៕