ការអះអាងរបស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មយ៉ាងដូច្នេះ គឺបន្ទាប់ពីមានការចុះផ្សាយ និងចែកចាយជាបន្តបន្ទាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយថាក្រុមហ៊ុន Tesla របស់អាមេរិកបានចូលមកវិនិយោគរកស៊ីនៅកម្ពុជា។
តាមការចែកចាយតៗគ្នារបស់អ្នកប្រើប្រាស់បណ្ដាញសង្គម ក៏មានភ្ជាប់ជាមួយនឹងរូបភាពអគារតាំងបង្ហាញលក់រថយន្ដមួយកន្លែង ដែលមានដាក់ឈ្មោះធំៗថា Tesla ដែលធ្វើឲ្យក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមយល់ថា គឺជារបស់ក្រុមហ៊ុន Tesla អាមេរិក ដែលបានចូលរកស៊ីនៅក្នុងទីផ្សារកម្ពុជា។
ទាក់ទងនឹងរឿងនេះ ឯកឧត្ដម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានអះអាងប្រាប់ខេមបូណូមីសកាលពីថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២១ នេះថា លោកបានឲ្យក្រុមការងារឆែកមើលរួចហើយ ប៉ុន្ដែ គ្មានឈ្មោះក្រុមហ៊ុន Tesla របស់មហាសេដ្ឋីអាមេរិក Elon Musk បានចុះបញ្ជីនៅក្នុងក្រសួងពាណិជ្ជកម្មកម្ពុជានោះទេ។
កាលពីប្រហែល១ខែកន្លងទៅនេះ មានការភ្ញាក់ផ្អើលពីសាធារណៈជន និងអ្នកសារព័ត៌មាន ដោយសារតែឃើញមានអគារក្រុមហ៊ុនមួយមានទីតាំងនៅតាមបណ្តោយមហាវិថីសហព័ន្ធ ដោយដាក់ឈ្មោះថា Tesla (ថេសឡា) ដែលដូចទៅនឹងក្រុមហ៊ុនផលិតរថយន្តអគ្គីសនីរបស់អាមេរិក Tesla (ថេសឡា) របស់លោកមហាសេដ្ឋី Elon Muskដែរ។
ប៉ុន្តែ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ាង ថៃ បានប្រាប់ខេមបូណូមីសតាមប្រព័ន្ធតេឡេក្រាមថា មានក្រុមហ៊ុនឈ្មោះ Tesla ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មដែរ ប៉ុន្ដែមិនមែនជាក្រុមហ៊ុនសាខារបស់ Tesla របស់លោក Elon Musk នោះទេ។
ឯកឧត្តម ស៊ាង ថៃ បញ្ជាក់ទៀតថា ៖«ខ្ញុំបានឲ្យមន្រ្តីជំនាញ គេសិក្សាស្រាវជ្រាវ ឃើញថា មានក្រុមហ៊ុន ដែលមានចុះឈ្មោះ ដាក់ថា Tesla Industries មួយ និងមួយទៀតគឺ ឈ្មោះ Tesla Engineering and Construction ហើយក្រុមហ៊ុនហ្នឹងមិនមែនជាក្រុមហ៊ុនរបស់ លោក ELON MUSK ទេ ព្រោះថាក្រុមហ៊ុន Tesla ដែលបានចុះបញ្ជីនោះ ទីតាំងអាស័យដ្ឋានរបស់គេ ដាក់ថានៅមហាវិថីព្រះមុនីវង្ស ចំណែក ក្រុមហ៊ុន Tesla ដែលប្រទះឃើញនោះ គឺនៅផ្លូវសហព័ន្ធរុស្សី ដូចនេះ បើសិន ក្រុមហ៊ុនទាំង២នេះ ជាក្រុមហ៊ុនតែមួយ ត្រូវតែមកសុំ[ចុះ]បញ្ជីទៀត ព្រោះទីស្នាក់[ការ]ខុសគ្នា »។
ខេមបូណូមីស បានទាក់ទងនឹងទៅកាន់ទំព័រហ្វេសប៊ុក ដែលមានឈ្មោះថា Tesla Cambodia ដែរ ហើយអ្នកដែលគ្រប់គ្រងទំព័រហ្វេសប៊ុកនេះ បានឆ្លើយតបតាមរយៈសារ Messenger ថា «ខ្ញុំមិនមែនជាម្ចាស់ក្រុមហ៊ុនទេ សូមរង់ចាំមើលពេលបើកសម្ពោធផ្លូវការទៅ»។
ខេមបូណូមីស ក៏បានផ្ញើអ៊ីម៉ែលទៅកាន់ក្រុមហ៊ុន Tesla នៅប្រចាំអូស្ត្រាលី និងតំបន់អាស៊ីដែរ ប៉ុន្ដែ មិនទាន់ទទួលបានការឆ្លើយតបអ្វីនោះទេ។
សូមជម្រាបថា Tesla គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីល្បាញមួយនៅលើពិភពលោក ជារបស់កំពូលមហាសេដ្ឋី Elon Musk ដោយបច្ចុប្បន្នក្រុមហ៊ុនផ្លូវការ Tesla មានសាខានៅតាមប្រទេសប្រមាណជិត ៤០ប្រទេស ហើយក្នុងនោះសម្រាប់ប្រទេសសមាជិកអាស៊ានវិញ គឺមានតែសឹង្ហបុរីតែមួយគត់៕