ក្រុមហ៊ុនអាកាសចរណ៍ Nok Air បានដាក់ផែនការស្ដារនីតិសម្បទាអាជីវកម្មទៅកាន់អាជ្ញាធរថៃកាលពីថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីបានលើកពេល២ដងនាពេលមក ហើយឥឡូវនេះកំពុងរង់ចាំការពិភាក្សានិងបោះឆ្នោតអនុម័តបន្ដពីខាងម្ចាស់បំណុល។
តាមការរាយការណ៍ពីសារព័ត៌មាន បាងកកប៉ុស្ដិ៍ បានឲ្យដឹងថា កាលពីខែកញ្ញាឆ្នាំ២០២០ ក្រុមហ៊ុនអាកាសចរណ៍ Nok Air ត្រូវបានគេរាយការណ៍ថា មានប្រាក់ចំណូលប្រមាណជាង១៥៣លានដុល្លារ ធ្លាក់ចុះជិត៥០% ធៀបនឹងខែកញ្ញាឆ្នាំមុន ហើយក្រុមហ៊ុននេះ ក៏បានប្រកាសពីការខាតបង់ដល់ទៅជាង១២៤លានដុល្លារអាមេរិកផងដែរ។ គិតត្រឹមខែ មិថុនាឆ្នាំ២០២០ បំណុលរបស់ក្រុមហ៊ុន Nok Air មានដល់ទៅជាង១ពាន់លានដុល្លារអាមេរិក។
ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ដែលបានដាក់ផែនការស្ដារនីតិសម្បទាអាជីវកម្មនោះ ត្រូវបានម្ចាស់បំណុលសម្រេចបោះឆ្នោតឲ្យក្រុមហ៊ុននេះ ឆ្លងផុតការប្រកាសក្ស័យធនហើយ ដោយអនុញ្ញាតឲ្យមានការស្ដារផែនការអាជីវកម្មឡើងវិញ។
ក្រុមហ៊ុន Thai Ariways នេះ ក៏ត្រូវបានគេដឹងថា មានជំពាក់បំណុលច្រើនណាស់ដែរ ដល់ទៅជាង១៣ពាន់លានដុល្លារអាមេរិកឯណោះ។
សូមបញ្ជាក់ថាវិស័យអាកាសចរណ៍ថៃ កំពុងរងទុក្ខកាន់តែខ្លាំងឡើងៗហើយ ក្រោយរលកឆ្លងកូវីដ-១៩នៅថៃបន្តរីករាលដាលមិនទាន់ស្រាកស្រាន្ដនៅឡើយ។ ហើយថ្មីៗនេះ សមាគមអាកាសចរណ៍ថៃ ដែលមានសមាជិកក្រុមហ៊ុនអាកាសចរណ៍ចំនួន៧ កំពុងជំរុញការស្នើសុំជួបជាមួយនឹងនាយករដ្ឋមន្ត្រីថៃលោកប្រយុទ្ធ ចាន់អូចារ ដើម្បីស្នើរដ្ឋឲ្យជួយទម្លាក់ប្រាក់កម្ចី ដែលមានការប្រាក់ទាប សម្រាប់ពួកគេ ដើម្បីអាចមានលទ្ធភាពបន្ដដង្ហើមរស់តទៅមុខទៀតបាន៕