ជាក់ស្ដែង តាមការរាយការណ៍ដោយសារព័ត៌មានរ៉យទ័របានឲ្យដឹងថា កូរ៉េខាងជើង បានបញ្ជូនយន្ដហោះទៅដឹកសម្ភារៈសុខាភិបាលផ្សេងៗពីប្រទេសចិន ដោយការទទួលជំនួយពីចិននេះ គឺធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋឯកោមួយនេះបានរកឃើញករណីឆ្លងកូវីដ១៩ជាលើកដំបូងក្នុងប្រទេសខ្លួន។
ជើងហោះហើរអន្តរជាតិមួយចំនួនរបស់កូរ៉េខាងជើង បានចាប់ផ្ដើមហោះហើរឡើវិញ បន្ទាប់ពីបានបិទតាំងពីមានកូវីដ១៩រាតត្បាតនៅទូទាំងពិភពលោកអស់រយៈពេលជាង២ឆ្នាំកន្លងមក។ ប៉ុន្ដែ ជើងហោះហើរអន្តរជាតិនេះ មិនមែនជាការដឹកអ្នកដំណើរទេ ប៉ុន្ដែ វាជាការហោះហើរទៅកាន់ប្រទេសចិន ដើម្បីទៅដឹកសម្ភារវេជ្ជសាស្ត្រនានា ដើម្បីប្រើប្រាស់ទប់ទល់នឹងកូវីដ១៩ ដែលកំពុងលុយនៅក្នុងរដ្ឋឯកោមួយនេះ។ តាមសេចក្ដីរាយការណ៍ ពីសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនយាប់ បានឲ្យដឹងថា យន្ដហោះ៣គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Koryo របស់កូរ៉េខាងជើង បានហោះហើរចាកចេញពីព្យុងយ៉ាង ទៅកាន់ទីក្រុងសៀនយ៉ាងរបស់ចិននៅថ្ងៃទី១៦ឧសភា ហើយបានហោះហើរត្រឡប់មកវិញជាមួយនឹងសម្ភារបរិក្ខាវេជ្ជាសាស្ត្រជាច្រើន នៅថ្ងៃបន្ទាប់នោះ។
ប្រភពព័ត៌មានពីសារព័ត៌មានយ៉ុនហាប់បានបន្ថែមថា កូរ៉េខាងជើងអាចនឹងបន្ដបញ្ជូនយន្ដហោះ ទៅដឹកសម្ភារវេជ្ជសាស្ត្រពីប្រទេសចិនបន្ថែមទៀត ដ្បិតថា ការដឹកជញ្ជូនកន្លងមកនេះ មិនទាន់គ្រប់គ្រាន់នោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា ខ្លួនមិនបានដឹងពីការរាយការណ៍របស់សារព័ត៌មានជុំវិញនឹងរឿងកូរ៉េខាងជើងទទួលយកជំនួយសុខាភិបាលពីចិននោះទេ ហើយអ្នកនាំពាក្យរូបនេះ ក៏មិនបានបញ្ជាក់ពីរឿងជំនួយរបស់ចិនដែលផ្ដល់កូរ៉េខាងជើងនោះដែរ។ ក៏ប៉ុន្ដែ ប្រទេសចិននាពេលកន្លងទៅនេះ បាននិយាយថា នឹងជួយកូរ៉េខាងជើងប្រយុទ្ធទប់ទល់នឹងកូវីដ១៩ ប្រសិនបើមានការស្នើសុំ។
ប្រឈមមុខនឹងការឆ្លងរាលដាលនៃកូវីដ១៩កាន់តែខ្លាំង កូរ៉េខាងជើងបានចល័តទ័ពរបស់ខ្លួន រួមទាំងបុគ្គលិកយោធាពេទ្យចំនួន ៣០០០ នាក់ សម្រាប់ចែកចាយថ្នាំរៀងរាល់ ២៤ ម៉ោង ជាមួយនឹងក្រុមផ្តល់ដំណឹងចំនួន 500 ដើម្បីបញ្ជាក់ពីប្រសិទ្ធភាពនិងព្យាបាលអ្នកជំងឺ។
ចាប់តាំងពីការទទួលស្គាល់ជាលើកដំបូងរបស់ខ្លួនអំពីការផ្ទុះឡើងនៃ COVID-19 កូរ៉េខាងជើងបានរាយការណ៍ថាមានអ្នកជំងឺដែលមានរោគសញ្ញាគ្រុនក្តៅចំនួន ១,៧២ លាននាក់ រួមទាំងអ្នកស្លាប់ចំនួន ៦២នាក់ហើយគិតត្រឹមល្ងាចថ្ងៃអង្គារនេះ៕