ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ បានកើនឡើងជារៀងរាល់ថ្ងៃដោយក្នុងមួយថ្ងៃមានជាង៣ពាន់ ទៅ៤ពាន់នាក់ ដែលវាបាននាំឲ្យប្រទេសនេះ បានជាប់ចំណាត់ថ្នាក់ទី៣ក្នុងពិភពលោក ដែលមានអ្នកស្លាប់ដោយសារកូវីដ-១៩ ច្រើនជាងគេបង្អស់ បន្ទាប់ពីអាមេរិក និងប្រេស៊ីល។
តួលេខគិតត្រឹមថ្ងៃទី ២៧ ខែឧសភា បង្ហាញថា នៅឥណ្ឌាអ្នកស្លាប់ដោយសារកូវីដ-១៩សរុប បានកើនឡើងដល់ជាង៣១ម៉ឺននាក់ហើយ ខណៈដែលអ្នកឆ្លងសរុបវិញមានជាង២៧លាននាក់។
ការធ្វើតេស្ដរកកូវីដ-១៩នៅឥណ្ឌា គឺមានកម្រិតនៅឡើយ ដែលវាត្រូវបានគេជឿថាថា មានអ្នកស្លាប់បាត់បង់ជីវិតដោយសារកូវីដ-១៩មួយចំនួនទៀត មិនបានធ្វើតេស្ដរកកូវីដ-១៩នោះទេ ដូច្នេះហើយ តួលេខអ្នកស្លាប់ដែលមិនបានធ្វើតេស្ដរកកូវីដ-១៩នេះ គឺមិនបានដាក់បញ្ចូលក្នុងតួលេខផ្លូវការរបស់រដ្ឋាភិបាលនោះទេ។
តាមការប៉ាន់ស្មានរបស់កាសែត New York Times បានឲ្យដឹងថា នៅឥណ្ឌាចំនួនអ្នកស្លាប់ដោយសារកូវីដសរុបមកទល់ពេលនេះ អាចមានដល់ទៅជិត ៦០ម៉ឺននាក់ ខណៈដែលតួលេខផ្លូវការបង្ហាញថា មានតែជាង៣១ម៉ឺននាក់។
តាមការប៉ាន់ស្មានរបស់កាសែតអាមេរិកដដែលនេះ បានឲ្យដឹងទៀតថា តាមសេណារីយ៉ូទី១ដែលទំនងអាចកើតឡើង ចំនួនអ្នកស្លាប់សរុបពិតប្រាកដនៅឥណ្ឌាអាចនឹងបន្ដមានដល់ ១លាន៦សែននាក់ ហើយសម្រាប់សេណារីយ៉ូអាក្រក់បំផុតវិញ អាចនឹងមានដល់ទៅ ៤លាន២សែននាក់។ New York Times បានអះអាងដែរថា ការវិភាគប៉ាន់ស្មានរបស់ខ្លួននេះ គឺមានការចូលរួមពីអ្នកជំនាញរាប់សិបនាក់ឯណោះ។
កាសែតអាមេរិកមួយនេះ បានលើកឡើងជាការប្រៀបធៀបថា នៅអាមេរិកមានអ្នកស្លាប់ដោយសារកូវីដ-១៩ច្រើនជាងគេលើពិភពលោក ប្រមាណជិត៦០ម៉ឺននាក់ តែគេនៅតែមានការសង្ស័យថាចំនួននេះ គឺនៅតែមានតិចជាងចំនួនពិតជាក់ស្ដែង ខណៈដែលនៅអាមេរិកមានប្រជាជនសរុប៣៣២លាននាក់។ រីឯ ឥណ្ឌាវិញមានប្រជាជនជិត ១ពាន់៤រយលាននាក់ មានអ្នកស្លាប់តែប្រមាណជាង ៣១ម៉ឺននាក់ ដូច្នេះហើយ ទើបគេដាក់ការសន្និដ្ឋានថាអ្នកស្លាប់ដោយសារកូវីដ-១៩នៅឥណ្ឌា អាចនឹងមានលើសនេះឆ្ងាយណាស់។
ថ្មីៗនេះ អង្គការសុខភាពពិភពលោកក៏បានលើកឡើងដែរថា ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ពិតប្រាកដនៅលើពិភពលោក អាចនឹងមានខ្ពស់ជាងការរាយការណ៍ដល់ទៅ ២ ឬ៣ដង ពោលគឺអាចមានប្រមាណពី ៦លាន ទៅ១០លាននាក់នៅទូទាំងពិភពលោក។
គួររំឭកបន្ដិចដែរថា កាលពីដើមខែនេះ មានការរាយការណ៍ជាច្រើនពីប្រទះឃើញការលេចចេញនូវសាកសពរាប់រយ ដែលគេបានកប់ចោលរាក់ៗនៅក្បែរច្រាំងទន្លេនៅក្នុងប្រទេសឥណ្ឌា ដែលក្នុងនោះ មានសាកសពខ្លះ ត្រូវបានគេសង្ស័យថា គឺជាអ្នកដែលបានស្លាប់ដោយសារតែកូវីដ-១៩ ហើយគ្រួសាររបស់ពួកគេបានយកសាកសពមកកប់ចោលនៅច្រាំងទន្លេនេះ ដោយសារតែមានការរឹតបន្ដឹងខ្លាំង ចំពោះការបូជាសាកសពអ្នកកើតកូវីដ-១៩ ពីសំណាក់អាជ្ញាធរ៕