តម្លៃប្រេងឆៅនៅទីផ្សារអង់គ្លេសបានហក់ឡើងដល់ទៅលើស១០០ដុល្លារអាមេរិកក្នុងមួយធុងបារ៉ែល ដែលមានការកើនឡើងជាង៧ដុល្លារបន្ថែមទៀត ខណៈពេលដែលប្រធានាធិបតីរុស្ស៊ីបានប្រកាសប្រុងជើងការក្នុងការប្រើអាវុធនុយក្លែអ៊ែររបស់ខ្លួន នៅគ្រាដែលសង្គ្រាមជាមួយអ៊ុយក្រែនកំពុងឆេះឆួលកាន់តែខ្លាំង។ ជាមួយគ្នានេះ ការដាក់កម្រិតលើការទូទាត់តាមប្រព័ន្ធធនាគារ ក៏បានបង្កើនការភ័យខ្លាចដល់អ្នកវិនិយោគផងដែរថា ការនាំចេញប្រេងពីរុស្ស៊ី ដែលជាប្រទេសផលិតប្រេងធំជាងគេបំផុតទី២ក្នុងពិភពលោកនោះ អាចនឹងត្រូវមានការរំខាន ខណៈដែលប្រទេសរុស្ស៊ី មានការផ្គត់ផ្គង់ប្រេងប្រហែល ១០% នៃការផ្គត់ផ្គង់សរុបរបស់ពិភពលោក។ ដោយឡែក តម្លៃប្រេងនៅអាមេរិកវិញ ក៏បានកើនឡើងជាង៤ដុល្លារ៥០សេនបន្ថែមទៀតដែរ នាំឲ្យប្រេង១ធុងបារ៉ែលកើនដល់ ជាង៩៦ដុល្លារអាមេរិក។
អ្នកវិភាគទីផ្សារបានអះអាងថា ការដាក់ទណ្ឌកម្មដោយអាមេរិក និងអឺរ៉ុប ក្នុងការដកធនាគាររុស្ស៊ីចេញប្រព័ន្ធទូទាត់សកល SWIFT គឺបានបង្កក្ដីបារម្ភកាន់តែខ្លាំងឡើងថា ការផ្គត់ផ្គង់ប្រេងនឹងត្រូវបានរំខាន នៅក្នុងរយៈពេលខ្លីខាងមុខនេះ។
ក្រៅតពីតម្លៃប្រេង យើងសង្កេតឃើញថា វិបត្តិនៅអ៊ុយក្រែន ក៏បានជំរុញឲ្យតម្លៃមាសកាលពីសប្ដាហ៍មុននេះ បានកើនឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ។ តម្លៃមាសសម្រាប់ទីផ្សារញ៉ូយក សហរដ្ឋអាមេរិក បានកើនឡើងដល់ ជិត២ពាន់ដុល្លារអាមេរិកក្នុងមួយឱន ស្មើនឹងជាង៨ជីមាស។ អ្នកជំនាញ បានព្យាករថាតម្លៃមាស អាចនឹងកើនឡើងដល់ជាង២ពាន់លានដុល្លារក្នុងមួយឱន អាស្រ័យលើភាពតានតឹងនៃវិបត្តិសង្គ្រាមនៅអ៊ុយក្រែន។
សូមបញ្ជាក់ថា ប្រទេសលោកខាងលិច ថ្មីៗនេះ បានដាក់ទណ្ឌកម្មថ្មីៗជាច្រើនទៅលើរុស្ស៊ី ដូចជាការដកធនាគាររុស្ស៊ីចេញពីប្រព័ន្ធទូទាត់សកល SWIFT និងការបិទដែនអាកាសពីសំណាក់សហភាពអឺរ៉ុបជាដើម។ ស្របពេលដែលប្រកាសពីការត្រៀមអាវុធនុយក្លេអែរ រុស្ស៊ីក៏បានប្រកាសថានឹងជម្លៀសប្រជាជនខ្លួនចេញពីសហភាពអឺរ៉ុបផងដែរ៕