កិច្ចសន្យាទិញគម្លាតថ្លៃប្រេងឆៅនៅទីផ្សារអង់គ្លេស(Brent crude futures) បានធ្លាក់ចុះ ៨៩ សេន ឬ ជិត១% មកនៅត្រឹមតម្លៃ៩៧ដុល្លារ២៦សេន ក្នុងមួយបារ៉ែល បន្ទាប់ពីបានធ្លាក់ចុះ ១,៥%% ម្ដងរួចមកហើយ កាលពីថ្ងៃទី១២សីហា។ សន្ទស្សន៍តម្លៃប្រេងឆៅរបស់អាមេរិកឯណោះវិញ បានបង្ហាញពីការធ្លាក់ដូចគ្នាដែរ គឺធ្លាក់ចុះ ៨២សេន ឬ ជិត១% មកនៅត្រឹមតម្លៃ ជាង៩១ដុល្លារក្នុងមួយបារ៉ែលបន្ទាប់ពីការធ្លាក់ចុះ ២,៤% កាលពីថ្ងៃទី ១២សីហា។
សេដ្ឋកិច្ចរបស់ប្រទេសចិនបានធ្លាក់ចុះដោយមិននឹកស្មានដល់នៅក្នុងខែកក្កដា ខណៈដែលទិន្នផលរោងចក្រចម្រាញ់ប្រេងរបស់ចិនបានធ្លាក់ចុះមកនៅជាង១២លាន៥សែនបារ៉ែលក្នុងមួយថ្ងៃ ដែលជាកម្រិតទាបបំផុតមួយចាប់តាំងពីខែមីនា ឆ្នាំ២០២០មក។ នេះបើតាមទិន្នន័យរបស់រដ្ឋាភិបាលចិនបានបង្ហាញក្នុងពេលថ្មីៗនេះ។
សេដ្ឋវិទូឈ្មោះ Heron Lin នៅក្រុមហ៊ុន Moody បាននិយាយថា ទិន្នន័យផ្លូវការបានបង្ហាញថា តម្រូវការប្រេងកំពុងធ្លាក់ចុះ ខណៈដែលការដឹកជញ្ជូន និងតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងស្រុកបានជួបឧបសគ្គដោយសារតែតម្លៃបូមប្រេងកើនឡើងខ្លាំង។
ក្រុមហ៊ុនអារ៉ាប៊ីសាអូឌីត Saudi Aramco បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនទិន្នផលប្រេងឆៅរបស់ខ្លួនឱ្យដល់កម្រិតអតិបរមាចំនួន១២ លានបារ៉ែលក្នុងមួយថ្ងៃ ប្រសិនបើមានការស្នើសុំរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត។ នេះបើតាមអគ្គនាយកប្រតិបត្តិក្រុមហ៊ុននេះ គឺលោក Amin Nasser បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃទី ១៤សីហា។
បង្កើនផលិតកម្មប្រេងនេះ បន្ទាប់ពីក្រុមហ៊ុន Aramco មើលឃើញថា ការបន្ធូរបន្ថយការរឹតត្បិតលើជំងឺកូវីដ-១៩របស់ប្រទេសចិន និងការកើនឡើងនូវឧស្សាហកម្មអាកាសចរណ៍អាចបន្ថែមតម្រូវការប្រេងថែមទៀត។
គេងសង្កេតឃើញថា ទីផ្សារប្រេងពិភពលោកនៅតែខ្វះខាតការផ្គត់ផ្គង់ប្រេងយ៉ាងខ្លាំងនៅក្នុងដំណើរការនៃការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើការផ្គត់ផ្គង់ប្រេងឆៅ និងប្រេងដែលចម្រាញ់រួចរបស់រុស្ស៊ីនៅក្នុងរដូវរងារនេះ។
ក្រុមអ្នកវិភាគបាននិយាយថា វាអាចនឹងមានការផ្គត់ផ្គង់ប្រេងកាន់តែច្រើនប្រសិនបើអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកទទួលយកសំណើរបស់សហភាពអឺរ៉ុបដែលសុំឱ្យស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ព្រោះវានឹងដកទណ្ឌកម្មលើការនាំចេញប្រេងរបស់អ៊ីរ៉ង់៕
អត្ថបទ៖ សុខ ជា