ប្រការនេះ បានធ្វើឲ្យតម្លៃប្រេងនៅថ្ងៃចន្ទបានហក់ឡើងដល់ ១៣០ដុល្លារអាមេរិកក្នុងមួយធុងបារ៉ែល ខណៈអ្នកជំនាញព្យាករថានៅសប្ដាហ៍នេះ តម្លៃប្រេងនឹងហក់ឡើងដល់ ១៨៥ដុល្លារក្នុងមួយធុងបារ៉ែល។
តម្លៃប្រេងឆៅនៅអង់គ្លេសបានកើនឡើងបន្ថែម ជិត១៣ដុល្លារអាមេរិកបន្ថែមទៀត នៅថ្ងៃចន្ទនេះ ធ្វើឲ្យតម្លៃប្រេងមួយធុងបារ៉ែលកើនដល់ ១៣០ដុល្លារ ៨៤សេន ខណៈប្រេងឆៅនៅអាមេរិកវិញ កើនឡើង ជិត១០ដុល្លារបន្ថែមទៀត នាំឲ្យប្រេងមួយធុងបារ៉ែលមានតម្លៃ ១២៥ដុល្លារ ៦០សេន។
តម្លៃប្រេងដែលបានកើនឡើងនៅថ្ងៃនេះ គឺជាតម្លៃខ្ពស់មិនធ្លាប់មានគិតតាំងពីឆ្នាំ២០០៨មក។ តម្លៃប្រេងត្រូវបានគេមើលឃើញថា បានកើនឡើង៦៥% គិតតាំងពីដើមឆ្នាំ២០២២មក ខណៈដែលតម្លៃមុខទំនិញផ្សេងៗទៀតក៏ឡើងថ្លៃដែរ។ បញ្ហានេះបង្កឲ្យមានក្ដីបារម្ភអំពី ចំពោះកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ។
ជាក់ស្ដែង ប្រទេសចិន ដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតទី២ ក្នុងពិភពលោក នៅឆ្នាំនេះ បានដាក់គោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួនទាបជាងមុន មកនៅត្រឹម ៥,៥%ប៉ុណ្ណោះ។ តម្លៃប្រេងហក់ឡើងកាន់តែខ្ពស់ដ៏ឆាប់រហ័សនេះ គឺបន្ទាប់ពីមានសង្គ្រាមផ្ទុះឡើងនៅរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបង្កឲ្យមានផលវិបាក និងក្ដីបារម្ភខ្លាំងលើការផ្គត់ផ្គង់ប្រេង ខណៈបច្ចុប្បន្ន រុស្ស៊ីក៏ត្រូវបានប្រទេសលោកខាងលិចដាក់ទណ្ឌកម្មកាន់តែច្រើនឡើងៗ។
រុស្ស៊ីគឺស្ថិតនៅក្នុងចំណោមប្រទេសផលិត និងនាំចេញប្រេងដ៏ធំមួយក្នុងពិភពលោកដែរ ហើយបើតាមការវិភាគដោយអ្នកជំនាញពីធនាគារអាមេរិក បានឲ្យដឹងថា ប្រសិនបើការនាំចេញរុស្ស៊ី ត្រូវបានកាត់ផ្ដាច់ នោះវានឹងធ្វើឲ្យមានការខ្វះខាតប្រេងប្រហែល៥លានបារ៉ែល ឬអាចច្រើនជាងនេះ ដែលវានឹងនាំឲ្យតម្លៃប្រេងនឹងកើនឡើងទ្វេដង ពី១០០ដុល្លារ កើនដល់ ២០០ដុល្លារក្នុងមួយធុងបារ៉ែល។ បើតាមអ្នកជំនាញនៅក្នុងសប្ដាហ៍នេះ តម្លៃប្រេងអាចនឹងកើនដល់ ១៨០ដុល្លារអាមេរិកក្នុងមួយធុងបារ៉ែល៕