ប្រធានសមាគមភ្នាក់ងារទេសចរណ៍ថៃ លោក ស៊ីឌីវាច (Sisdivachr) បាននិយាយថា ការសម្រេចចិត្តអ្វីក៏ដោយ ដែលរាជរដ្ឋាភិបាលត្រូវធ្វើដើម្បីទប់ទល់នឹងការផ្ទុះឡើងថ្មីនៃការឆ្លងកូវីដ១៩ គឺដោយសារតែរាជរដ្ឋាភិបាលគ្មានជម្រើសផ្សេងពីនេះនោះទេ។ ទោះយ៉ាងណា អ្នកជំនាញរូបនេះ បានអំពាវនាវឲ្យមានការចូលរួមទាំងអស់គ្នាក្នុងការគោរពយ៉ាងតឹងរ៉ឹងនូវវិធានការសុខាភិបាល រួមទាំងការតម្រូវឲ្យទេសចរអន្តរជាតិចូលប្រទេសថៃ ត្រូវតែធ្វើចត្តាឡីស័កជាដើម។ លោកបានបញ្ជាក់ពី សេណារីយ៉ូថ្មីដែលបានព្យាករទុកថា ឧស្សាហកម្មទេសចរណ៍ទំនងជាមិនទទួលបានអត្ថប្រយោជន៍ពីថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិននៅឆ្នាំក្រោយ ដែលនឹងចាប់ផ្តើមនៅដើមខែកុម្ភៈនោះឡើយ។
ទន្ទឹមនេះ បើយោងតាមក្រសួងសុខាភិបាលសាធារណៈ ប្រសិនបើជំងឺកូវីដ១៩ រីករាលដាលកាន់តែខ្លាំង និងឆាប់រហ័ស សេណារីយ៉ូករណីល្អបំផុតអាចនឹងឃើញករណីថ្មីចំនួន ១ម៉ឺននាក់ជាមធ្យមនៅពាក់កណ្តាលខែកុម្ភៈ ប៉ុន្តែនៅក្នុងសេណារីយ៉ូករណីដ៏អាក្រក់បំផុត ចំនួនករណីឆ្លងអាចនឹងឈានដល់លើស ៣ម៉ឺននាក់ក្នុងមួយថ្ងៃ។
ប្រធានសមាគមន៍ភ្នាក់ងារទេសចរណ៍ដដែលរូបនេះបានបញ្ជាក់ថា
នៅពេលសហគមន៍ពិភពលោកកាន់តែព្រួយបារម្ភអំពីមេរោគអូមីក្រុង នោះស្ថានភាពទេសចរណ៍កាន់តែមានការប្រែប្រួលយ៉ាងខ្លាំង
និងមិនអាចទាយទុកជាមុនបាននោះទេ។
តែយ៉ាងណាមិញ សកម្មភាពទេសចរណ៍អាចនឹងត្រលប់មកវិញ ប្រសិនបើអ្នកជំងឺដែលឆ្លងអូមីក្រុងភាគច្រើនជាសះស្បើយ ដោយរោគសញ្ញាស្រាល ហើយស្ថានភាពទាំងមូលប្រែជាមានគ្រោះថ្នាក់តិចជាងការរំពឹងទុក នោះមនុស្សនឹងបន្តការធ្វើដំណើររបស់ពួកគេដូចធម្មតាឡើងវិញ។
សូមជម្រាបថា វិស័យទេសចរណ៍ថៃនៅខែមករា និងខែកុម្ភៈខាងមុខនេះ ត្រូវបានគេរំពឹងថា ជាខែដែលសកម្មភាពទេសចរណ៍ទាំងក្នុង និងក្រៅប្រទេសមានភាពស្ងប់ស្ងាត់ ខណៈដែលជើងហោះហើរត្រូវបានលុបចោលជាបណ្តើរៗក្នុងអំឡុងពេលពីរខែដំបូងនៃឆ្នាំ ២០២២៕
អត្ថបទ៖ ស៊ើង និមល់