លោកស្រីបានគូសបញ្ជាក់ថា៖«យើងត្រូវតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីប្រឆាំងនឹងការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌មិនស្មើភាពគ្នារបស់ប្រទេសចិន ហើយយើងនឹងនាំយកវិនិយោគនៅក្នុងការផលិតត្រឡប់មកប្រទេសយើងវិញ»។
រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់អាមេរិករូបនេះ បានសង្កត់ធ្ងន់ទៀតថា សកម្មភាពរបស់ចិនគឺជាការប្រឆាំងនឹងការប្រកួតប្រជែង និងបានធ្វើឲ្យប៉ះពាល់ខ្លាំងដល់កម្មករនិយោជិត និងអាជីវកម្មរបស់អាមេរិក។ លោកស្រីបន្ថែមថា ការបង្ខិតបង្ខំ និងការរំលោភបំពានសិទ្ធិមនុស្សពីសំណាក់ប្រទេសចិន អាមេរិកអាចនឹងប្រើប្រាស់យន្ដការបញ្ជីខ្មៅ ឬកាត្វកិច្ចពន្ធគយ ទៅលើប្រទេសចិន នៅពេលកាលៈទេសៈមកដល់។
ស្របពេលនៃការលើកឡើងរបស់លោកស្រីក៏មានផងដែរ មន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៃរដ្ឋការលោកចូ បៃដិន បានលើកឡើងស្រដៀងគ្នាថា ពួកគេនឹងនៅតែបន្តគោលនយោបាយសេដ្ឋកិច្ចម៉ឺងម៉ាត់ជាមួយចិន ដូចអ្វីដែលអតីតប្រធានាធិបតីលោកដូណាល់ត្រាំធ្លាប់ធ្វើកន្លងមកដែរ។
ភ្លាមៗក្រោយមានការលើកឡើងជាបន្តបន្ទាប់ពីមន្ត្រីជាន់ខ្ពស់អាមេរិកដូចនេះ អ្នកពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានចេញមកធ្វើការឆ្លើយតបថា ប្រទេសចិននឹងប្តេជ្ញាបន្តវិធានការចាំបាច់ដូចគ្នា ដើម្បីការពារផលប្រយោជន៍របស់ក្រុមហ៊ុនចិន និងសេដ្ឋកិច្ចចិនទាំងមូល។
លោកថែមទាំងបានក្រើនរំឭកអាមេរិកទៀតថា គួរតែទាញមេរៀនពីរដ្ឋបាលលោកដូណាល់ត្រាំ និងកែកំហុសរបស់ខ្លួន ហើយពិនិត្យមើលថាតើ អាមេរិកបានខាតបង់អ្វីខ្លះកាលពីពេលកន្លងមកក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយចិន។
គួរជម្រាបជូនដែរថា សង្រ្គាមពាណិជ្ជកម្មរវាងចិននិងអាមេរិកបានផ្តើមឡើងតាំងពីឆ្នាំ២០១៨ ដែលកន្លងមកភាគីទាំងពីរក៏ធ្លាប់មានការចរចានិងរកបានដំណោះស្រាយខ្លះៗហើយដែរ ប៉ុន្តែជម្លោះមួយនេះ មិនទាន់អាចបិទបញ្ចប់បានទាំងស្រុងនៅឡើយទេ៕