វិស័យកសិកម្ម

អ្នកដាំខ្ទឹមបារាំង នៅខេត្តបន្ទាយមានជ័យ កំពុងត្រូវប៉ាន់ ក្រោយតម្លៃខ្ទឹមបារាំងហក់ឡើងខ្ពស់


កសិករដាំខ្ទឹមបារាំង នៅខេត្តបន្ទាយមានជ័យ កំពុងត្រូវប៉ាន់ ក្រោយតម្លៃខ្ទឹមបារាំង ហក់ឡើងខ្ពស់នៅក្នុងរដូវប្រមូលផលឆ្នាំនេះ។ បើតាមការអះអាងរបស់ក្រុមកសិករ បច្ចុប្បន្នខ្ទឹមបារាំងនៅខេត្តបន្ទាយមានជ័យ អាចលក់បានចន្លោះពី៤ពាន់រៀល ទៅ៥ពាន់រៀល ក្នុង១គីឡូក្រាម ដែលជាតម្លៃមួយអាចផ្គត់ផ្គង់ជីវភាពពួកគេបានល្អប្រសើរ ដោយកាលពីមុនអាចលក់បានត្រឹម២,៥០០រៀល ក្នុងមួយគីឡូក្រាមតែប៉ុណ្ណោះ។ តើមានកត្តាអ្វីជួយជំរុញឱ្យតម្លៃខ្ទឹមបារាំង នៅខេត្តបន្ទាយមានជ័យ ហក់ឡើងខ្ពស់បែបនេះ?
វិស័យកសិកម្ម
ដោយ

លោក ចាប សីម៉ា ប្រធានសហគមន៍បន្លៃប៉ៃតងពង្រកងវ៉ា នៅខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មានខេមបូណូមីសថា ការប្រមូលផលដំណាំខ្ទឹមបារាំងនៅឆ្នាំនេះ ហាក់មានទីផ្សារល្អ ដោយលក់បានតម្លៃចន្លោះពី៤,០០០រៀល ទៅ៥,០០០រៀល ក្នុង១គីឡូក្រាម ខណៈកាលពីឆ្នាំមុនអាចលក់បានត្រឹមតែ២,៥០០រៀល ក្នុង១គីឡូក្រាមតែប៉ុណ្ណោះ។ កត្តាដែលជំរុញឱ្យតម្លៃខ្ទឹមបារាំង ហក់ឡើងខ្ពស់បែបនេះ ក៏ដោយសារឆ្នាំនេះ ទិន្នផលខ្ទឹមបាំរាំងមានការថយចុះ បន្ទាប់ពីកសិករមួយចំនួនបានបោះបង់ការដាំដុះ។ បើតាមការលើកឡើងរបស់លោក ចាប សីម៉ា នៅមុនវិបត្តិជំងឺរាតដ្បាតកូវីដ-១៩ កសិករដាំខ្ទឹមបារាំង មានចំនួនប្រមាណ២០គ្រួសារ តែបច្ចុប្បន្ននៅសល់ត្រឹមតែ៥គ្រួសារប៉ុណ្ណោះ។ ប្រធានសហគមន៍រូបនេះបានបន្ថែមថា ការដាំដំណាំខ្លឹមបារាំងមានភាពលំបាក និងស្មុគស្មាញ មុននឹងបានប្រមូលផលយកទៅលក់។

​ជាមួយគ្នានេះ លោក វ៉ាន សាមីត កសិករដាំខ្ទឹមបារាំងម្នាក់នៅខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅឆ្នាំនេះ ការប្រមូលផលដំណាំខ្ទឹមបារាំង ហាក់មានអំណាយផលល្អជាងប៉ុន្មានឆ្នាំមុន ដោយតម្លៃខ្ទឹមបារាំងបច្ចុប្បន្ននេះអាចជួយផ្គត់ផ្គង់ដល់លោក និងក្រុមគ្រួសារបានល្អប្រសើរ។ យ៉ាងណាក៏ដោយ កសិកររូបនេះស្នើឱ្យរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធជួយទប់តម្លៃខ្ទឹមបារាំង ឱ្យនៅថេរត្រឹម៤០០០រៀលក្នុង១គីឡូក្រាម ដើម្បីអាចជួយដល់លោក និងកសិករផ្សេងទៀតនៅបន្តដាំដុះ។

​ស្រដៀងគ្នានេះដែរ លោក ម៉ៃ ស៊ី កសិករដាំខ្ទឹមបារាំងម្នាក់ទៀតនៅខេត្តបន្ទាយមានជ័យ បានលើកឡើងថា ក្រោយពេលផ្អាកដាំខ្ទឹមបារាំងប្រហែល៤ ទៅ៥ឆ្នាំកន្លងមក នៅឆ្នាំនេះ លោកបានចាប់ផ្ដើមដាំឡើងវិញដោយមើលឃើញថា អាចទទួលបានតម្លៃមួយល្អ។ បើតាមកសិកររូបនេះ តម្លៃខ្ទឹមបារាំងដែលលក់បានបច្ចុប្បន្នជាតម្លៃមួយអាចជួយផ្គត់ផ្គង់ដល់លោក និងក្រុមគ្រួសារបានគ្រប់គ្រាន់។

​ដោយឡែកលោកស្រី នី ធាវី ម្ចាស់ហាងឡាឡាហ្គាឌិន ដែលជាអ្នកទទួលទិញខ្ទឹមបារាំងពីកសិករនៅខេត្តបន្ទាយមានជ័យ បានលើកឡើងថា សម្រាប់ខ្ទឹមបារាំងដែលដាំដោយប្រជាកសិករខ្មែរមានរសជាតិឆ្ងាញ់ជាងខ្ទឹមបារាំងដែលនាំចូលពីក្រៅប្រទេស។ ជាមួយគ្នានេះ លោកស្រី ស្នើដល់ប្រជាពលរដ្ឋចូលរួមគាំទ្របន្លែខ្ទឹមបារាំងខ្មែរ ដើម្បីលើកទឹកចិត្តដល់កសិករឱ្យនៅបន្តដាំដុះទៀត។

​បើតាមប្រធានសហគមន៍បន្លៃប៉ៃតងពង្រកងវ៉ា ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នខ្ទឹមបារាំងនៅសហគមន៍ត្រូវបានឈ្មួញប្រមូលទិញទៅលក់បន្តនៅឯទីក្រុងភ្នំពេញ និងខេត្តសៀមរាប។ ខ្ទឹមបារាំងជាប្រភេទដំណាំ ដែលដាំមិនរើសដី ពោលគឺអាចដាំបានគ្រប់ស្ថានភាពដីមិនថាជាប្រភេទដីឥដ្ឋនោះទេ ឱ្យតែអ្នកដាំដឹងពីបច្ចេកទេសដាំដុះ គឺអាចទទួលបានទិន្នផលល្អក្នុងពេលប្រមូលផល៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើទីផ្សារគោរស់ មកទល់ពេលនេះ មានការប្រែប្រួលយ៉ាងណាហើយ?

មកទល់ពេលនេះ ទីផ្សារគោរស់ហាក់មានភាពល្អប្រសើរជាងមុនបន្តិចហើយ ដោយការលក់ទិញលក់មានភាពងាយស្រួលជាងមុន ខណៈតម្លៃក៏បានហក់ឡើងបន្តិចផងដែរ។ ជាក់…

បាណាម៉ា ចោទលោក ដូណាល់ ត្រាំ និយាយកុហកជុំវិញរឿងអាម៉េរិក គ្រប់គ្រងព្រែកជីកប៉ាណាម៉ាឡើងវិញ

ប្រធានាធិបតីប៉ាណាម៉ា លោក រ៉ូសេ រ៉ាអ៊ូ មូលីណូ (José Raúl Mulino) កាលពីថ្ងៃទី៥ ខែមីនា បានចោទប្រកាន់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ