លោក អាប់ភីស៊ីត

អតីតនាយករដ្ឋមន្ត្រីថៃ​​​ ព្រមានថា ផែនការខ្ចីលុយជាង១២ពាន់លានដុល្លាររបស់រដ្ឋបាល​លោក អានុទីន អាចក្លាយជាបន្ទុកធ្ងន់ដល់ពលរដ្ឋថៃ ទៅថ្ងៃអនាគត​


អតីតនាយករដ្ឋមន្ត្រីថៃ លោក អាប់ភីស៊ីត វេចាជីវ៉ា (Abhisit Vejjajiva) បាន​ព្រមានធ្ងន់ៗ​ថា ផែនការខ្ចីប្រាក់របស់រដ្ឋាភិបាលថៃ ក្នុងទំហំរហូតដល់ជាង​១២ពាន់​លានដុល្លារអាម៉េរិក រួមទាំងគម្រោងផ្លូវដឹកជញ្ជូនដ៏មហិច្ឆតា Land Bridge តម្លៃ៣១ពាន់​លានដុល្លារអាម៉េរិក អាចនឹងបង្កជាបន្ទុកហិរញ្ញវត្ថុធ្ងន់ធ្ងររយៈពេលវែងដល់ពលរដ្ឋថៃ និងអ្នកបង់ពន្ធនៅ​ក្នុង​ប្រទេស​នេះ​​នាថ្ងៃខាងមុខ។ ​នេះបើ​យោ​ងតាមការចុះផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។
លោក អាប់ភីស៊ីត
ដោយ

អតីតនាយករដ្ឋមន្ត្រីថៃ លោក អាប់ភីស៊ីត វេចាជីវ៉ា (Abhisit Vejjajiva) ដែលបច្ចុប្បន្នជាប្រធានគណបក្សប្រជាធិបតេយ្យ បានចេញមុខព្រមានថា ផែនការរបស់រដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល ក្នុងការខ្ចីលុយជាង១២ពាន់លានដុល្លារអាម៉េរិក រួមទាំងគម្រោងដ៏មហិមា Land Bridge តម្លៃ៣១ពាន់លានដុល្លារអាម៉េរិក អាចក្លាយជាបន្ទុកធ្ងន់លើពលរដ្ឋថៃ នាពេលអនាគត។
ការព្រមាននេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលថៃ បានចេញអនុក្រឹត្យអនុញ្ញាតឱ្យក្រសួងហិរញ្ញវត្ថុ ខ្ចីប្រាក់រហូតដល់ជាង១២ពាន់លានដុល្លារអាម៉េរិក នៅត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៧ ដើម្បីដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច និងសង្គម ដែលបង្កឡើងដោយការកើនឡើងនៃតម្លៃថាមពលពិភពលោក និងការផ្លាស់ប្តូរប្រព័ន្ធថាមពលរបស់ប្រទេស ហើយក៏ធ្វើឡើងដោយក្ដីបារម្ភអំពីទំហំចំណាយដ៏សម្បើមសម្រាប់គម្រោងផ្លូវដឹកជញ្ជូនដ៏មហិច្ឆតា Land Bridge តម្លៃ៣១ពាន់លានដុល្លារអាម៉េរិកផងដែរ។
ក្នុងចំណោមថវិកាសរុបប្រមាណជាង១២ពាន់លានដុល្លារ នឹងត្រូវយកទៅអនុវត្តវិធានការជួយសម្រាលបន្ទុកប្រជាពលរដ្ឋ កសិករ និងអាជីវកម្ម ដែលរងផលប៉ះពាល់ពីវិបត្តិថាមពល។ ចំណែកថវិកា ដែលនៅសល់នឹងត្រូវប្រើសម្រាប់គម្រោងផ្លាស់ប្តូរថាមពលរយៈពេលវែងដូចជាការអភិវឌ្ឍថាមពលកកើតឡើងវិញ ការលើកកម្ពស់រថយន្តអគ្គិសនី (EV) ការសាងសង់ស្ថានីយសាកភ្លើង និងការបណ្តុះបណ្តាលកម្លាំងពលកម្ម។
ទោះជាយ៉ាងណា អតីតនាយករដ្ឋមន្ត្រីថៃ លោក អាប់ភីស៊ីត បានអះអាងថា រដ្ឋាភិបាលគួរតែស្តាប់យោបល់ និងស្វែងរកវិធានការដែលអាចអនុវត្តបាន ដោយមិនចាំបាច់បង្កើនបំណុលជាតិនោះឡើយ។ លោកបានស្នើឱ្យក្រសួងថាមពលអនុវត្តតាមការសន្យារបស់ខ្លួនក្នុងការដោះស្រាយបញ្ហាប្រាក់ចំណេញខ្ពស់ខុសប្រក្រតីរបស់បណ្ដារោងចក្រចម្រាញ់ប្រេង និងកែប្រែប្រព័ន្ធកំណត់តម្លៃប្រេងដែលបច្ចុប្បន្នភ្ជាប់ទៅនឹងតម្លៃយោងរបស់ប្រទេសសិង្ហបុរី។
លោកព្រមានថា ប្រសិនបើរដ្ឋាភិបាលថៃ មិនដោះស្រាយឫសគល់នៃបញ្ហាដែលធ្វើឱ្យប្រេង និងថាមពលឡើងថ្លៃទេ នោះរដ្ឋនឹងត្រូវចំណាយថវិកាយ៉ាងច្រើនសម្រាប់វិធានការបណ្តោះអាសន្ន ខណៈបង្កើតបំណុលរយៈពេលវែងសម្រាប់មនុស្សជំនាន់ក្រោយឱ្យទទួលរ៉ាប់រងសងជំនួស។
លោក អាប់ភីស៊ីត ក៏បានសង្កត់ធ្ងន់ដែរថា ការរក្សាប្រព័ន្ធបច្ចុប្បន្ន និងការព្យាយាមទប់ស្កាត់តម្លៃប្រេងលក់រាយតាមរយៈមូលនិធិប្រេងឥន្ធនៈ នឹងធ្វើឱ្យបន្ទុកហិរញ្ញវត្ថុនៅតែធ្លាក់ទៅលើប្រជាពលរដ្ឋដដែល។ ជុំវិញសំណើពាក់ព័ន្ធនឹងគម្រោងនេះ លោកបានបញ្ជាក់ថា ការសម្រេចចិត្តចុងក្រោយ គឺស្ថិតនៅលើការពិចារណារបស់ប្រធានរដ្ឋសភាថៃ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ប្រទេសចំនួន២៧​កំពុងស្វែងរកជំនួយពីធនាគារពិភពលោក ដើម្បីសង្គ្រោះសេដ្ឋកិច្ច​

មានប្រទេសសរុបយ៉ាងហោចណាស់ចំនួន២៧ត្រូវបានរាយការណ៍ថា កំពុងរងគ្រោះដោយវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងររហូតដល់ដុនដាបដកឃ្លាមិនរួច និងបង្ខំចិត្តស្…

តើសង្គ្រាមអ៊ីរ៉ង់ បានបង្កការលំបាកដល់ពលរដ្ឋអាម៉េរិក យ៉ាងណាខ្លះ?

សង្គ្រាមអ៊ីរ៉ង់ បានរុញច្រានតម្លៃប្រេង និងឧស្ម័នឱ្យហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ដែលជាហេតុធ្វើឱ្យវិបត្តិអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ