ទស្សនៈ​ពី​មិត្តអ្នកអាន

ទស្សនៈ ៖ រៀបចំ​ផ្ទះ​សម្បែង​សាជាថ្មី...


ក្នុងក្បួន​សឹក​ពោលថា៖ សង្រ្គាម​ផ្លូវ​ឆ្ងាយ ត្រូវ​រៀបចំ​ផ្ទះ​សម្បែង​ជា​មុន​សិន។ ក្បួន​សេដ្ឋកិច្ច ក៏​ដូចគ្នា៖ ត្រូវ​ផលិត​ឲ្យ​គ្រប់​ឆ្នាំង​សិន ចាំ​យក​ទៅ​លក់។ ក្នុង​ពេល​ច្របូក​ច្របល់​បែប​នេះ ជាពេល​ដែល​យើង​ត្រូវ​រៀបចំ​ក្រុម​គ្រួរសារ ផ្ទះ​សម្បែង សេដ្ឋកិច្ច​ផ្ទៃក្នុង​ប្រទេស​ឲ្យ​បាន​ស្រួល​បួល។
មាន​ពាក្យ​ខ្មែរ​មួយ​ឃ្លា​និយាយ​ថា៖ "ផលិត​ឲ្យ​គ្រប់​ឆ្នាំង​សិន បើ​នៅ​សល់ ចាំ​លក់"។ រូបភាពតំណាង​អង្គការ Oxfam

យើង​ត្រូវ​រៀន​មេរៀន​នេះ ហើយ​ត្រូវ​ចងចាំ​ទុក​ជានិច្ច​ថា៖ ចង្រ្កាន​ផ្ទះ​ឯង ពឹង​ទឹក​នៅ​ទន្លេ អង្ករ​នៅ​ជា​ស្រូវ​នៅ​ស្រែ ត្រី​នៅ​បឹង ភ្លើង​នៅ​ភ្នំ បន្លែ​នៅ​ចម្ការ គឺ​មិន​ស្រួល​ទេ។ យើង​ត្រូវ​ធ្វើ​យ៉ាងណា ឲ្យ​ទឹក​នៅ​ពេញ​ពាង ត្រី​ត្រូវ​ប្រស់​ពេញ​អាង អង្ករ​ពេញ​បេ បន្លែ​ពេញ​កញ្ច្រែង ទើប​ជា​ទី​ទំនុក​ចិត្ត និង​ភាព​កក់ក្តៅ​ដល់​ក្រុម​គ្រួសារ។ នៅសល់​ពី​ការហូបចុក លើស​ពី​តម្រូវការ​ក្នុង​គ្រួសារ ចាំ​គិតគូរ​កែច្នៃ​លក់​ដូរ​ចេញ​ទៅ​ក្រៅ យក​លុយ​កាក់​ទិញ​របស់​របរ ដែល​ជា​តម្រូវការ​បន្ទាប់​បន្សំ​ផ្សេៗង។

ក្នុងគ្រួសារ សមាជិក​គ្រួសារ​ជា​អ្នក​ដាំដុះ ផលិត​ចំណី​ចំណុក​ទុក​ដាក់​សម្រាប់​ក្រុម​គ្រួសារ។ សម្រាប់​ប្រទេស​ជាតិ គឺ​អាជីវកម្ម​នីមួយៗ ជាពិសេស អាជីវកម្ម សិប្បកម្ម​ខ្នាត​តូច​និង​មធ្យម​ជា​កម្លាំង​ចលករ ក្នុង​ការផលិត​ចំណី​ចំណុក​ផ្គត់ផ្គង់​ក្នុង​ស្រុក និង សល់​ប៉ុន្មាន លក់​ចេញ​ទៅ​ក្រៅ។ 

ខាង​ក្រោម​នេះ​ជា​គំនិត​ខ្លះៗ ដើម្បី​កាត់​បន្ថយ​ការចំណាយ​លើ​ថ្លៃ​ប្រតិបត្តិការ និង​បង្កើន​ប្រសិទ្ធភាព និង​និរន្តរភាព​អាជីវកម្ម៖

ក) បង្រួម​ការចំណាយ​លើ​ធនធាន​មនុស្ស ឲ្យ​មក​ចំណាយ​ចំ​លើ​មនុស្ស​ដែល​មាន​ធនធាន(ជំនាញ) ដូចជា៖

ក.១) ផ្នែក​ហិរញ្ញវត្ថុ មាន​មនុស្ស​តែ ៣​នាក់​យ៉ាងច្រើន។ គឺ​មេ​ហិរញ្ញវត្ថុ ផ្នែក​ប្រតិបត្តិការ​ហិរញ្ញវត្ថុ (គណនេយ្យករ) និង​ផ្នែក​ទំនាក់ទំនង​ហិរញ្ញវត្ថុ (អ្នក​ទារលុយ និង​សង​លុយ)។ 

ក.២) ផ្នែក​គ្រប់គ្រង​ធនធាន​មនុស្ស ប្រើតែ​មនុស្ស ២​នាក់​បានហើយ។ គឺ​មេ​ផ្នែក​ធនធាន​មនុស្ស និង​មន្រ្តី​រដ្ឋបាល។ ហើយ ធាតុ​ចាំបាច់ គឺ​ប្រព័ន្ធ​បច្ចេក​វិទ្យា​សម្រាប់​គ្រប់គ្រង​ធនធាន​មនុស្ស ដែល​មាន​មុខងារ ដូចជា គ្រប់គ្រង​ប្រាក់ខែ គ្រប់គ្រង​ការវាយ​តម្លៃ​លទ្ធផល​ការងារ ការគ្រប់គ្រង​ខ្សែ​សង្វាក់​ការងារ​ជាដើម។ ប្រព័ន្ធនេះ តម្លៃ​មិន​គួរ​លើស​ពី​ ៥​ពាន់​ដុល្លារទេ សម្រាប់​ក្រុមហ៊ុន​ខ្នាត​តូច ហើយ​អាច​បង់​រំលោះ​បាន។

ក.៣) ប្រតិបត្តិការ​ផ្ទៃក្នុង (Internal business process) ត្រូវតែ​ធ្វើ​ស្វ័យ​ប្រវត្តិកម្ម និង​អេឡិចត្រូនិក​និយម (ដូចជា ឯកសារ​ស៊ីញ៉េ គួរតែ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ក៏ដូចជា​ការអនុម័ត​កិច្ចការ​ផ្ទៃក្នុង ជាដើម)។

ប្រព័ន្ធ​ដែល​មាន​ស្រាប់ ហើយ​មាន​តម្លៃទាប អាច​យក​ទៅ​ប្រើ​បាន៖

ក.៣.១) ផ្នែក​ហិរញ្ញវត្ថុ អាច​ប្រើប្រាស់ Quickbook Online តម្លៃ​ប្រហែល ២០​ដុល្លារ/១ខែ។

ក.៣.២) ផ្នែក​ធនធាន​មនុស្ស ក៏​អាច​ប្រើ QuickBook Payroll បាន។ ១ខែ ប្រហែល ១៥ដុល្លារ។

ក.៣.៣) ផ្នែក​រដ្ឋបាល និង​ឯកសារ​ផ្សេងៗ អាចប្រើ DocSign ឬ HelloSign បាន។

ក.៣.៤) ផ្នែក​គ្រប់គ្រង​ផែនការ និង​យុទ្ធសាស្រ្ត​អាជីវកម្ម អាច​ប្រើ​កម្មវិធី LivePlan បាន។ តម្លៃ​ប្រហែល ២០ដុល្លារ​/១ខែ។

ក.៣.៥) ផ្នែក​ផ្លូវច្បាប់ និង​គោល​នយោបាយ អាចប្រើ Business-in-box បាន។ ១​ឆ្នាំ​ប្រហែល ២០០​ដុល្លារ។

ក.៣.៦) ផ្នែក​គ្រប់គ្រង​សាច់ប្រាក់ គួរតែ​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​អេឡិចត្រូនិក។ ដូចជា Internet Banking របស់​ធនាគារ អេស៊ីលីដា និង iBanking របស់ ABA។ ប្រព័ន្ធ​ទាំងនេះ អាច​ឲ្យ​យើង​ធ្វើ​ប្រតិបត្តិការ ដោយ​មាន​ប្រព័ន្ធ​អនុម័ត តាម​ក្បួន​ខ្នាត​គ្រប់គ្រង​ហិរញ្ញវត្ថុ​ត្រឹមត្រូវ។

ខ) កែច្នៃសង្វាក់​ផលិតកម្ម​ឲ្យ​ទៅ​ជា​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​ពេញលេញ ដើម្បី​បង្កើន​ផលិតភាព​ឲ្យ​បាន​លឿន។ ឧ. ពីមុន ប្រើ​មនុស្ស ១០នាក់ ផលិត​បាន ១០០​គក/ថ្ងៃ។ ត្រូវ​ប្រើ​មនុស្ស ១០​នាក់ ផលិត​ឲ្យ​បាន ១ម៉ឺន​គក/ថ្ងៃ ដោយ​មាន​ម៉ាស៊ីន​ផលិតកម្ម​ជំនួយ។ ក្នុង​ដំណាក់កាល​នេះ ជា​ពេលវេលា​ល្អ​បំផុត ក្នុង​ការស្វែងរក​ដើមទុន​ពី​ធនាគារ ឬ​ពី​ភ្នាក់ងារ​ប្រតិបត្តិករ​​ហិរញ្ញវត្ថុ ដែល​ជា​សេនាធិការ​រដ្ឋាភិបាល ដូចជា RDB និង SME Bank ព្រោះ​រដ្ឋាភិបាល បាន​បញ្ចេញ​កញ្ចប់​ថវិកា​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ក្នុង​អត្រា​ការប្រាក់​ទាប​បំផុត។

គ) ត្រូវ​វិនិយោគ​ក្នុង​ការបណ្តុះ​បណ្តាល​បុគ្គលិក ពី​បុគ្គលិក​ដែល​ជា​«ធនធាន​មនុស្ស» ឲ្យ​ក្លាយ​មក​ជា​«មនុស្សធនធាន»។ 

ឃ) ត្រូវ​ចូលរួម​ជា​សមាជិក​សមាគម ឬ​សហគមន៍ នៅក្នុង​វិស័យ​តែមួយ​ដើម្បី​ប្រមូល​សំឡេង​ក្នុង​ការនិយាយ ឬ​ស្នើ​សុំ​ទៅ​រដ្ឋាភិបាល ឬ​ភាគី​ពាក់ព័ន្ធ។

ង) ផ្នែក​លក់ គឺ​បង្រួម​ការលក់​ជំពាក់ ហើយ​មក​ពង្រីក​ការលក់​យក​លុយ​សុទ្ធ។ សុខចិត្ត​លក់​បាន​ចំណេញ​តិច តែ​មិន​ពិបាក​ចិត្ត​រឿង​លុយ​គេ​ជំពាក់ ជាពិសេស ក្នុង​ដំណាក់កាល​ជួប​វិបត្តិ​បែប​នេះ។ ត្រូវ​ចាំ​ថា អាជីវកម្ម​យើង​ចាប់ពី​ពេល​នេះ​ទៅ ត្រូវតែ​ជា​អាជីវកម្ម «លក់ដូរ​ផលិតផល ឬ​សេវាកម្ម» មិនមែន​អាជីវកម្ម​ប្រាក់​កម្ចី​ទេ។ បើ​គេ​ចង់​ជំពាក់ ឲ្យ​គេ​ជំពាក់​ធនាគារ​ចុះ។ 

ច) ត្រូវ​ចងក្រង​សមាគម ឬ​សហគមន៍​​សង្វាក់​ផលិតកម្ម ក្នុង​វិស័យ​របស់​ខ្លួន ដើម្បី​ជួយ​ជ្រោមជ្រែង​គ្នា។ ឧ. នៅ​ក្នុង​សមាគម​នោះ (១) ត្រូវ​មាន​អង្គភាព​ជំនាញ​ក្នុង​ការ​ផ្តល់ទុន (ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ)។ (២) ត្រូវ​មាន​អ្នក​ផលិត​វត្ថុធាតុ​ដើម ដូចជា កសិករ​ដាំ​បន្លែ។ (៣) ត្រូវមាន​អ្នក​ប្រមូល​ទិញ​វត្ថុ​ធាតុ​ដើម (ទិញ​បន្លែ​ស្រស់​ពីកសិករ) យក​មក​ឲ្យ​​អ្នក​កែច្នៃ។ (៤) ត្រូវ​មាន​អ្នក​កែច្នៃ​វេច​ខ្ចប់។ (៥) ត្រូវ​មាន​អ្នកទិញ​យក​ទៅ​ចែកចាយ ឲ្យ​អ្នកលក់រាយ ពី​អ្នកកែច្នៃ។ (៦) ត្រូវ​មាន​អ្នក​លក់រាយ។ (៧) ត្រូវ​មាន​អ្នក​ប្រើប្រាស់។ (៨) ត្រូវ​មាន​អ្នក​សម្របសម្រួល​សង្វាក់​ផលិតកម្ម​ទាំងមូល។

នេះជា​គំនិត​ត្រួសៗ ដើម្បី​ពង្រឹង​​ស្ថិរភាព​អាជីវកម្ម ក្នុង​ពេលវិបត្តិ​​កូវីដ១៩ និង​ក្រោយ​ពេល​វិបត្តិ​កូវីដ១៩ និង ជា​ដរាប​ទៅ​ផង។ មាន​ពាក្យ​ខ្មែរ​មួយ​ឃ្លា​និយាយ​ថា៖ "ផលិត​ឲ្យ​គ្រប់​ឆ្នាំង​សិន បើ​នៅ​សល់ ចាំ​លក់"។ អ៊ីចឹង បើ​សេដ្ឋកិច្ច​ដុនដាប​ខ្លាំង យ៉ាងហោច​ណាស់ យើង​អាច​ផ្គត់ផ្គង់​ការហូបចុក​ក្នុង​គ្រួសារ​យើង​បាន៕

សម្គាល់៖ អត្ថបទ​នេះ​ឆ្លុះ​បញ្ចាំង​ទស្សនៈ​របស់​ស្មេរ មិនមែនជា​ទស្សនៈ​របស់​សារព័ត៌មាន ខេមបូណូមីស ទេ។




អត្ថបទបន្ទាប់


គិតត្រឹមថ្ងៃនេះ ចំនួនអ្នកជាសះស្បើយកើនដល់១០៣នាក់ ក្នុងចំណោមអ្នកឆ្លងសរុប១២២នាក់

ព័ត៌មាន
នៅថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា មិនមានករណីឆ្លងថ្មីបន្ថែមទៀតទេ កាលពីថ្ងៃទី១៧ ខែមេសានេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបទាំងអស់មា…

ថ្ងៃនេះ ករណី​ជាសះស្បើយកើនដល់ ១០៥ ក្នុងចំណោម​ករណី​ឆ្លង​សរុប ១២២; នៅសល់អ្នកជំងឺ​កូវីដ១៩ តែ ១៧នាក់ទេ កំពុងព្យាបាលបន្ត!

ព័ត៌មាន
នៅថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា មិនមានករណីឆ្លងថ្មីបន្ថែមទៀតទេ កាលពីថ្ងៃទី១៨ ខែមេសានេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបទាំងអស់មា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ