ប្រទេសថៃ

លោក ភីថា លីមចារឿនរ៉ាត បង្ហាញពីបំណងបើកផ្លូវឲ្យបក្ស ភឿថៃ ដឹកនាំក្រុមចម្រុះ ៨បក្ស ដើម្បីបង្កើតរដ្ឋាភិបាល


លោក ភីថា លីមចារឿនរ៉ាត មេដឹកនាំគណបក្សឆ្ពោះទៅមុខ ដែលជាគណបក្សឈ្នះឆ្នោតកាលពីខែឧសភា បានអះអាងថា រូបលោកនៅមិនទាន់បោះបង់ឱកាសដឹកនាំក្រុមចម្រុះ ៨បក្សបង្កើតរដ្ឋាភិបាលទេ ប៉ុន្តែនៅក្នុងករណីលោកបរាជ័យ គណបក្សភឿថៃ នឹងទទួលការគាំទ្រពីបក្សរបស់លោក ដើម្បីបង្កើតរដ្ឋាភិបាលស៊ីវិលមួយ ។ លោក ភីថា កំពុងតែប្រើប្រាស់បណ្តាញសង្គមជំរុញលើកទឹកចិត្តឲ្យប្រជាជនដាក់សំពាធ ដើម្បីឲ្យព្រឹទ្ធសភាគាំទ្របេក្ខភាពលោកជានាយករដ្ឋមន្រ្តី នៅក្នុងការបោះឆ្នោតសភាជុំទី២នៅថ្ងៃទី ១៩ ខែ កក្កដា ខាងមុខ ។
ភឿថៃអាចមានឱកាសដឹកនាំរដ្ឋាភិបាលស៊ីវិលបើ ភីថា លីមចារឿនរ៉ាត បរាជ័យនៅសភាជាថ្មី
ដោយ

តាមសេចក្តីរាយការណ៍របស់សារព័ត៌មានថៃ បានឲ្យដឹងថា លោក ភីថា លីមចារឿនរ៉ាត មេដឹកនាំគណបក្សឆ្ពោះទៅមុខ បានអំពាវនាវដល់សាធារណជន​ឱ្យជួយលោក និងគណបក្សរបស់លោកនៅក្នុងការធ្វើឲ្យព្រឹទ្ធសមាជិក តែងតាំងដោយ​យោធាផ្លាស់ប្តូរបេះដូងរបស់ពួកគេ ប៉ុន្តែលោកបានអះអាងផងដែរថា ប្រសិនបើបរាជ័យ​ក្នុងការក្លាយជាមេដឹកនាំរដ្ឋាភិបាលចម្រុះ លោកនឹងបើកផ្លូវឱ្យ គណបក្ស ភឿថៃ ដែលជា​គណបក្សទទួលការគាំទ្រពីប្រជាជនលំដាប់ទី២នោះ ចូលមកបន្ដដឹកនាំក្រុមចម្រុះ ទាំង៨គណបក្សវិញ ដើម្បីព្យាយាមបង្កើតរដ្ឋាភិបាលថ្មី។

លោក បាននិយាយថា “សមាជិកសភានៃគណបក្សឆ្ពោះទៅមុខទាំងអស់ត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ”។

ពាក់ព័ន្ធនឹងការបោះឆ្នោតសម្រាប់តំណែងនាយករដ្ឋមន្រ្តីនៅក្នុងសភានៅថ្ងៃទី ១៩ ខែ កក្កដា លោកភីថា បាននិយាយថា ប្រជាពលរដ្ឋគួរតែផ្ញើសារទៅកាន់សមាជិកព្រឹទ្ធសភា តាមគ្រប់​មធ្យោបាយ ដែលអាចធ្វើបាន ដើម្បីបញ្ចុះបញ្ចូលព្រឹទ្ធសមាជិកថៃឱ្យគាំទ្រលោក។

លោកបានអះអាងថា នៅពេលនេះ គណបក្សឆ្ពោះទៅមុខកំពុងតែប្រយុទ្ធ​នៅក្នុង​សមរភូមិ​តស៊ូមតិ ដើម្បីបង្កើត "រដ្ឋាភិបាលរបស់ប្រជាជន" ។

លោកបានថ្លែងថា សមរភូមិទីមួយគឺការបោះឆ្នោតជុំបន្ទាប់នៅក្នុងសភា ដើម្បីជ្រើសរើស​នាយករដ្ឋមន្ត្រីថ្មី ហើយទីពីរ គឺជាការជំរុញរបស់គណបក្សក្នុងការកែប្រែរដ្ឋធម្មនុញ្ញ និងដកសមាជិកព្រឹទ្ធសភាពីអំណាច ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រី។

លោកបានបញ្ជាក់នៅក្នុងសម្រង់សំដីដើមថា “ ក្នុងសមរភូមិទាំងពីរ យើងមិនអាចឈ្នះបានទេ លុះត្រាតែ​យើងអាចប្តូរចិត្តសមាជិកព្រឹទ្ធសភាឲ្យឈរជាមួយប្រជាជន” ។

លោកបានបន្តថា «គណបក្សឆ្ពោះទៅមុខ និងរូបលោក តែម្នាក់ឯង មិនអាចផ្លាស់ប្តូរចិត្ត​សមាជិកព្រឹទ្ធសភា ដើម្បីត្រួសត្រាយផ្លូវសម្រាប់រដ្ឋាភិបាលប្រជាជនបានទេ។ យើង ត្រូវការកម្លាំង​ពីអ្នកទាំងអស់គ្នាក្នុងបេសកកម្មនេះ។»

សូមរំឭកថា នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៣ ខែ កក្កដា លោកភីថា បានបរាជ័យ​ក្នុងការទទួលបានការគាំទ្រភាគច្រើនពីសមាជិកសភាចំនួន ៥០០ នាក់ និងសមាជិក​ព្រឹទ្ធសភា ដែលតែងតាំងដោយយោធាចំនួន២៥០រូប ដោយលោកទទួលបានត្រឹមតែ៣២៤ សម្លេង ខណៈដែលបេក្ខនាយករដ្ឋមន្រ្តី គឺត្រូវការការគាំទ្រយ៉ាងហោចណាស់ ៣៧៥ សម្លេង នៃសម្លេងឆ្នោតសរុបចំនួន ៧៤៩ សំឡេងប៉ុណ្ណោះ។

នៅក្នុងការបោះឆ្នោតជុំទីមួយនេះ ក្នុងចំណោមសមាជិកសភានិងព្រឹទ្ធសភាដែលមានវត្តមាន ៧០៥ រូប សម្លេងប្រឆាំង គឺមាន ១៨២ សម្លេង និង អនុប្បវាទ ១៩៩ សម្លេង ។

នៅក្នុងពេលបច្ចុប្បន្ននេះ ក្រុមចម្រុះ៨បក្សដែលគាំទ្រលោក ភីថា គឺមានសមាជិក​សភាទាំង​អស់សរុប ៣១៣ រូប នៅក្នុងនោះ គណបក្សឆ្ពោះទៅមុន របស់លោក ភីថា មាន ១៥១ រូប ហើយគណបក្សភឿថៃ ដែលគេស្គាល់ថា ថៃក្រហមនោះ គឺមាន ១៤១ រូប នៅក្នុងសភា៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ការស្ទង់មតិបង្ហាញថា ជនជាតិអាមេរិកភាគច្រើនមានទុទិដ្ឋិនិយម ចំពោះលទ្ធិប្រជាធិបតេយ្យនៅអាមេរិក, ហេតុអ្វី?

យោងតាមការស្ទង់មតិថ្មីដែលធ្វើឡើងដោយមជ្ឈមណ្ឌល Associated Press-NORC សម្រាប់កិច្ចការស្រាវជ្រាវសាធារណៈ បានបង្ហាញថា មានត្រឹមតែមនុស្សម្នាក់ប៉ុណ្…

ទីផ្សាររថយន្តជជុះនៅវៀតណាម កំពុងស្ថិតក្រោមសម្ពាធ ដោយសាររថយន្តថ្មីតម្លៃកាន់តែថោកជាងមុន

ក្រុមអាជីវកម្មលក់ថយន្ដនៅក្នុងប្រទេសវៀតណាមបានអះអាងថា ទីផ្សារថយន្ដជជុះ បានមើលឃើញ ស្ថានភាពមិនសូវល្អប៉ុន្មានទេ នៅមួយរយៈចុងក្រោយនេះ ពោលគឺចាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ