-
វិធីងាយៗដើម្បីកាត់បន្ថយជាតិគីមីពុលដែលនៅជាប់នឹងបន្លែ -
មួយឆ្នាំៗ កម្ពុជានាំចូលបន្លែជាង២០០លានដុល្លារ ខណៈកសិករក្នុងស្រុកថ្ងូររឿងអត់ទីផ្សារ -
កម្ពុជាត្រូវការបន្លែជិត១លានតោនក្នុងមួយឆ្នាំៗ ប៉ុន្តែ ភាគច្រើននាំចូលពីវៀតណាមនិងថៃ -
វៀតណាមនាំបន្លែផ្លែឈើខ្លួនចេញ ប៉ុន្តែប្រជាជនវៀតណាមចូលចិត្តប្រើបន្លែផ្លែឈើនាំចូលពីថៃនិងចិន -
ពលរដ្ឋវៀតណាមផ្អើលដាំបន្លែសរីរាង្គតាមគ្រួសារ ព្រោះបារម្ភពីបន្លែមានជាតិគីមី
តើត្រូវត្រួតពិនិត្យដូចម្តេចដើម្បីអាចដឹងថា បន្លែណាមានជាតិគីមី ឬបន្លែណាគ្មានជាតិគីមី?
មុននឹងជួបវេជ្ជបណ្ឌិតជំនាញ ខេមបូណូមីស សូមនាំមិត្តអ្នកអានធ្វើដំណើរទៅឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្តាល ចម្ងាយប្រមាណ៤០គីឡូម៉ែត្រភាគខាងត្បូងទីក្រុងភ្នំពេញ។ ក្នុងភូមិប៉ារ៉ែន ឃុំស្វាយប្រទាល មានពលរដ្ឋស្ទើរគ្រប់ខ្នងផ្ទះ កំពុងមានភាពមមាញឹកដាំបន្លែ ដោយស្រ្តីខ្លះកំពុងបោចស្មៅនិងជ្រួយដីលើរងស្ពៃ ខណៈបុរសកំពុងលើករងជាជួរ ដើម្បីដាំបន្លែថ្មីៗបន្ថែមទៀត។
ភូមិនេះបានក្លាយជាចម្ការបន្លែ និងក្លាយជាកន្លែងផ្គត់ផ្គង់បន្លែដ៏ធំមួយ សម្រាប់ផ្សារដើមគ និងផ្សារនាគមាស។
លោកយាយ ជា ហឿន អាយុ៦៧ឆ្នាំ ម្ចាស់ចម្ការបន្លែនៅជាប់ទន្លេបាសាក់ បានឲ្យដឹងថា រយៈពេល១ខែ ទើបស្ពៃលោកយាយទទួលបានផល ដោយទទួលបានប្រាក់ចំណូលប្រចាំខែ២លានរៀល។
ក្រឡេកមើលទៅរងបន្លែលោកយាយវិញ លោកយាយមើលបណ្តើរនិងរៀបរាប់ពីវិធីដាំបន្លែប្រាប់ ខេមបូណូមីស ថា ក្នុងមួយខែ លោកយាយត្រូវទិញអាចម៍គោ ជី និងថ្នំាគីមីអស់ជិត ២០០ដុល្លារ ដើម្បីថែរក្សាបន្លែឲ្យមានទិន្នផលខ្ពស់។
ជីដូន ជា ហឿន រៀបរាប់ប្រាប់ថា ៖ «ខ្លះគេបាញ់ថ្នាំភ្លាម រួចកាត់យកលក់តែម្តង តែយាយអត់ទេ បាញ់ថ្នាំបានបួនប្រាំថ្ងៃ ទើបកាត់លក់។ អ៊ីចឹងបានថា អ្នកភ្នំពេញស៊ីមិនដូចអ្នកចម្ការទេ អ្នកចម្ការបើបាញ់ថ្នាំអ៊ីចឹងអត់ស៊ីទេ ពួកខ្ញុំមិនស៊ីទេ។ ពេលខ្លះស៊ីដែរ ពេលបាញ់ថ្នាំរួច ទុករហូតដល់១០ថ្ងៃអីនោះ ទើបស៊ី»។
ទាក់ទងនឹងតម្លៃវិញ ជីដូន ជា ហឿន បានរៀបរាប់ថា តម្លៃស្ពៃចង្កឹះ មួយគីឡូក្រាម ជួនកាល បាន ៥០០រៀល ឬ ១០០០រៀល ហើយមានពេលខ្លះទៀត ក៏ហក់ឡើងរហូតដល់ ៤០០០រៀលក៏មានដែរ។ តម្លៃឡើងចុះនេះ ធ្វើឲ្យលោកយាយ ជា ហឿន មានអារម្មណ៍អាក់អន់ចិត្តនៅពេលបន្លែធ្លាក់ថ្លៃ ព្រោះបន្លែវៀតណាមដែលមានតម្លៃថោកជាង និងទុកបានយូរជាងបន្លែខ្មែរ បានវាយលុកទីផ្សារនៅកម្ពុជាខ្លាំង។
ងាកទៅចាប់អារម្មណ៍ជាមួយលោកយាយ ញិល ប៉េង អាយុ ៦៤ឆ្នាំ ដែលកំពុងអង្គុយបោចស្មៅ និងជ្រួយដីលើរងស្ពៃ បានឲ្យដឹងថា ក្នុងមួយខែ លោកយាយកាត់ស្ពៃម្តងបានចន្លោះពី ៥០០ ទៅ ៩០០គីឡូក្រាម ដែលមានឈ្មួញមកដឹកដល់ផ្ទះតែម្តង។
លោកយាយ ញិល ប៉េង បានបញ្ជាក់ច្បាស់ៗថា អ្នកស្រីពិតជាប្រើជីច្រើន និងបាញ់ថ្នាំគីមី ៣ដងក្នុងមួយខែ ដើម្បីសម្លាប់សត្វល្អិត។
លោកយាយមានប្រសាសន៍ថា ៖ «បើអត់មានសត្វល្អិត គឺបាញ់ថ្នាំតែ៣ដង អាចកាត់មួយសាបានហើយ ប៉ុន្តែ ដីនៅទីនេះ មានសត្វល្អិតច្រើនណាស់ បើអត់បាញ់ថ្នាំ គឺអត់បានផលទេ»។
ពលរដ្ឋភាគច្រើននៅទីនេះ និយមដាំបន្លែដោយប្រើប្រាស់ជីគីមី និងបាញ់ថ្នាំគីមីច្រើន ខណៈមានគ្រួសារតិចតួចប៉ុណ្ណោះ ដែលយល់ព្រមទទួលបច្ចេកដាំដុះបន្លែតាមបែបធម្មជាតិ ដោយមានភ្នាក់ងារអង្គការផ្នែកកសិកម្មចុះមកបង្រៀន និងទទួលទិញយកកសិផលក្នុងតម្លៃថ្លៃ។ ទោះបីមានអ្នកជិតខាងបញ្ចុះបញ្ចូលឲ្យដាំបន្លែបែបធម្មជាតិក៏ដោយ ក៏លោកយាយ ញិល ប៉េង មិនចូលរួមឡើយ។
លោកយាយប្រាប់ហេតុផលដូច្នេះថា៖ «ដាំបែបធម្មជាតិ កាត់ម្តងតិចៗ កាត់ ១០គីឡូអីវ៉ិន អាហ្នឹងបានតែគេដាំតិច តែខ្ញុំដាំច្រើនបួនប្រាំរយគីឡូ អ៊ីចឹងបានខ្ញុំខ្ជិលធ្វើ គេហៅឲ្យចូលដាំធម្មជាតិដែរ តែអត់ចូលទេ»។
បន្លែគីមីបានក្លាយជាក្តីបារម្ភរបស់អ្នកប្រើប្រាស់ ដែលធ្វើឲ្យមាននិន្នាការរបស់កសិករខ្លះ បានងាកមកដាំបន្លែតាមគោលការណ៍ធម្មជាតិ។ អ្នកស្រី លន សុផា អ្នកដាំបន្លែធម្មជាតិនៅភូមិប៉ារ៉ែន បានអះអាងថា អង្គការ សេដាក បានមកបង្រៀនឲ្យចេះធ្វើជីទឹក ជីកំប៉ុស្ត និងមេជីធម្មជាតិ ដោយប្រមូលដើមទន្ទ្រានខេត្ត និងស្លឹកឈើចម្រុះ និងសំណល់បន្លែជាដើម។
អ្នកស្រីប្រាប់បច្ចេកទេសដូចនេះថា៖ «អត់មានពិបាកភ័យរឿងគីមី រឿងគេផ្សេងខ្ញុំអត់ដឹងទេ តែខ្ញុំដាំអត់មានគីមីទេ ខ្ញុំប្រើរបស់ខ្លួនឯងទាំងអស់ ទោះយកទៅពិនិត្យដល់ណាក៏អត់មានគីមីនោះដែរ»។
អ្នកស្រីបន្តថា ស្ពៃខៀវគ្មានគីមី មានតម្លៃមួយគីឡូក្រាម ៣០០០រៀល ខណៈស្ពៃខៀវប្រើជីនិងថ្នាំគីមីមានតម្លៃត្រឹមជាង ១០០០រៀលប៉ុណ្ណោះ។ អ្នកស្រីបានអះអាងពីភាពខុសគ្នាថា បន្លែធម្មជាតិ មានតម្លៃស្ថិតស្ថេរ ដែលខុសពីបន្លែប្រើថ្នាំនិងជីគីមី មានតម្លៃឡើងចុះតាមមាត់ឈ្មួញ។ ក្នុងមួយខែ អ្នកស្រី លន សុផា ទទួលប្រាក់ចំណូលពី ២ ទៅ ៣លានរៀល ពីព្រោះអ្នកស្រីមិនចំណាយលុយទិញជីនិងថ្នាំគីមីឡើយ។
ឈរនៅក្បែរនោះដែរ លោក ដាំង ឌឿន អាយុ ៣២ឆ្នាំ អ្នកដឹកបន្លែពីភូមិនេះទៅលក់នៅផ្សារដើមគ បាននិយាយថា៖ «មានគេដើរទិញបន្លែក្នុងភូមិច្រើន ដូចដើរហែកឋិនអ៊ីចឹង។ ពេលល្ងាចម៉ោង២ ម៉ោង៣ ខ្ញុំដឹកចេញទៅផ្សារដើមគហើយ អ្នកមកពីខេត្តឡើងមកយកនៅផ្សារដើមគដែរហ្នឹង បើពួកខេត្តមកទិញច្រើន យើងលក់បានថ្លៃ តែបើអ្នកខេត្តអត់សូវមក យើងលក់បានថោកអ៊ីចឹងទៅ។ ចំណែក អ្នកខេត្តសៀមរាប គេឡើងមកទិញដល់ភូមិនេះតែម្តង គេដឹកតាមឡានរាល់ថ្ងៃ»។
តាមពិតទៅ បន្លែដែលបានចរាចរណ៍ក្នុងទីផ្សារនៅពេលបច្ចុប្បន្ននេះ ទាំងអ្នកលក់និងទាំងអ្នកទិញសុទ្ធតែពិបាកពិនិត្យរកការពិតខ្លាំងណាស់ ព្រោះ ពួកគេមិនមែនជាអ្នកជំនាញ។
អ្នកស្រី លី ចិន្តា អាជីវករនៅមុខរោងចក្រមួយនៅម្តុំអូរបែកក្អម ក្នុងទីក្រុងភ្នំពេញ បានផ្តល់បទសម្ភាសដល់ ខេមបូណូមីស ថា អ្នកស្រីមិនដឹងថា បន្លែនោះមានគីមី ឬមិនមានគីមីនោះទេ ព្រោះ សូម្បីតែអ្នកស្រី ក៏ហូបបន្លែទាំងនេះដែរ។
អ្នកស្រី អះអាងថា៖ «ខ្ញុំឮតែគេថា បន្លែគីមី ប៉ុន្តែ ខ្ញុំមិនដឹងថា មានឬមិនមាននោះទេ តែពេលខ្ញុំយកទៅស្ល ខ្ញុំតែងលាងជាមួយទឹកអំបិល ព្រោះខ្លាចគីមីដែរ»។
នៅក្បែរអ្នកលក់បន្លែរូបនេះ លោក យ៉ា ឈន អ្នករត់ម៉ូតូឌុបនៅក្បែរនោះ ដែលជាម៉ូយប្រចាំរបស់អាជីវករខាងលើ បាននិយាយថា៖ «ខ្ញុំបារម្ភដែរ ព្រោះ ខ្ញុំ និងកូន៤នាក់ទៀត ហូបបន្លែហ្នឹងរាល់ថ្ងៃ តែធ្វើម៉េច បើយើងរកលុយបានតិច មានលុយឯណាទិញបន្លែធម្មជាតិនៅហាងនោះ ព្រោះវាថ្លៃណាស់»។
ទាក់ទងនឹងកង្វល់ពលរដ្ឋជុំវិញបន្លែមានជាតិគីមីនេះ លោកវេជ្ជបណ្ឌិត អៀង សុធារ៉ា ប្រធានក្រុមហ៊ុនសហករណ៍សរីរាង្គ បានប្រាប់វិធីសាស្រ្តសាមញ្ញ និងងាយៗ ៤យ៉ាង ដើម្បីសង្កេតបន្លែមានជាតិគីមី ឬ គ្មានជាតិគីមី។
- ទីមួយ គេអាចសង្កេតដោយភ្នែកផ្ទាល់តែម្តង។ គេអាចប្រៀបធៀបរវាងស្ពៃធម្មជាតិ និងគីមី ដោយសម្គាល់លើពណ៌។
- ទីពីរ គេអាចយកបន្លែមកហិតក្លិនបាន។ ឧទាហរណ៍៖ ជីនាងវង គេអាចញី រួចហិតក្លិន បើវាមានក្លិនជី នោះវាជាជីធម្មជាតិ ព្រោះជីដែលដាក់ជីគីមីវាគ្មានក្លិននោះទេ។
- ទីបី គេប្រើអណ្តាតទំពាសិន មុនលេបចូលក្នុងក្រពះ យើងនឹងដឹងតែម្តង ដោយសង្កេតតាមរយៈបទពិសោធន៍ដែលយើងធ្លាប់ញ៉ាំកន្លងមក។
- ទីបួន ពេលញ៉ាំហើយ គេគួរសង្កេតថា បើបន្លែគ្មានជាតិគីមី នឹងធ្វើឲ្យមនុស្សមានកម្លាំង សប្បាយចិត្ត រីករាយ ឬធ្វើការបានច្រើនមិនសូវអស់កម្លាំង ប៉ុន្តែ បើបន្លែគីមី ពេលញ៉ាំហើយ ធ្វើឲ្យឈឺពោះ រាក និងមិនចង់ធ្វើអ្វីជាដើម។
ប៉ុន្តែ លោកវេជ្ជបណ្ឌិត អៀង ធារ៉ា បញ្ជាក់ថា របៀបសង្កេតនេះ ថ្វីត្បិតតែជួយបានខ្លះ ប៉ុន្តែ មិនទទួលបានលទ្ធផល១០០ភាគរយនោះឡើយ ពីព្រោះ មានតែការពិសោធន៍តាមលក្ខណៈវិទ្យាសាស្រ្តទេ ទើបមានលទ្ធផលច្បាស់លាស់។
តាមពិត នៅលើទីផ្សារកម្ពុជា គេពុំទាន់ដឹងថា បន្លែទាំងអស់សុទ្ធតែមានគីមី ឬគ្មានគីមីនោះទេ។ ប៉ុន្តែ កន្លងមក អគ្គនាយកដ្ឋានកាំកុងត្រូលដែលមានរថយន្តមន្ទីរពិសោធន៍ចល័តបានធ្វើសកម្មភាពត្រួតពិនិត្យបន្លែផ្លែឈើនៅតាមទីផ្សារ ដែលពេលខ្លះ ក៏រកឃើញបន្លែផ្លែឈើមួយចំនួនមានសារជាតិគីមីផងដែរ។
ទន្ទឹមនឹងក្តីបារម្ភនេះ មានអង្គការក្រៅរដ្ឋាភិបាលនិងវិស័យឯកជនមួយចំនួន បានងាកមកពង្រឹងការលក់កសិផលសរីរាង្គបែបធម្មជាតិផងដែរ។
លោក សម វិទូ ប្រធានអង្គការ សេដាក បានផ្តល់បទសម្ភាសដល់សារព័ត៌មាន ខេមបូណូមីស ថា បច្ចុប្បន្ន អង្គការ សេដាក បានបណ្តុះបណ្តាលកសិករជាង២ពាន់គ្រួសារ ឲ្យចេះដាំដុះបន្លែសរីរាង្គ និងមានផ្សារសេដាក ៧កន្លែងផ្សេងគ្នានៅភ្នំពេញ ដើម្បីប្រមូលទិញកសិផលធម្មជាតិពីកសិករ និងផ្តល់បន្លែធម្មជាតិ ជូនដល់អ្នកប្រើប្រាស់។
លោក សម វិទូ បានអះអាងថា ទាំងបន្លែក្នុងស្រុក ទាំងបន្លែនាំចូលពីខាងក្រៅប្រទេស ដែលកំពុងចរាចរណ៍នៅក្នុងទីផ្សារកម្ពុជា ស្ទើរតែ ៩៩ភាគរយ គឺមានជាតិគីមី។
លោកស្នើដល់រដ្ឋាភិបាលថា ៖ «ទីមួយ ក្រសួងកសិកម្ម គួរតែបញ្ជូនភ្ជាក់ងាររបស់ខ្លួនទៅបណ្តុះបណ្តាលកសិករអំពីគោលការណ៍កសិកម្មតាមបែបធម្មជាតិ កុំឲ្យពួកគាត់ប្រើសារធាតុគីមី បើប្រើគីមី ក៏គួរប្រើកុំឲ្យ ហួសកម្រិតសុវត្ថិភាព។ ទីពីរ ក្រសួង គួរទប់ស្កាត់ការនាំចូលសារធាតុគីមី និងថ្នាំពុលដែលច្បាប់ហាមឃាត់ និងទីបី កាំកុងត្រូល គួរតែឆែករកបន្លែគីមីក្នុងទីផ្សារ បន្ទាប់មក ត្រួតពិនិត្យជាតិពុល ឬគីមីក្នុងបន្លែផ្លែឈើនៅតាមច្រកព្រំដែន»។
កន្លងមក មានកសិដ្ឋានពីរនៅខេត្តព្រះសីហនុ និងខេត្តកោះកុង របស់ក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែររបស់ វេជ្ជបណ្ឌិត អៀង សុធារ៉ា ដែលមិនត្រឹមតែផ្គត់ផ្គង់បន្លែធម្មជាតិក្នុងស្រុកនោះទេ ប៉ុន្តែ កសិដ្ឋានធម្មជាតិនេះ ក៏ទទួលបានវិញ្ញាបនបត្រចម្ការបន្លែផ្លែឈើសរីរាង្គស្តង់ដារអឺរ៉ុបផងដែរ។
សូមបញ្ជាក់ថា កម្ពុជានាំចូលបន្លែពីបរទេសចំនួន ២០០តោន ទៅជាង ៤០០តោនក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ហើយបន្លែភាគច្រើននាំចូលពីប្រទេសវៀតណាម និងប្រទេសថៃ ហើយកម្ពុជាបានចំណាយលុយទិញបន្លែពីក្រៅប្រទេសជាង ២០០លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ។
នេះបើតាមរបាយការណ៍របស់មជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS) របស់លោក ច័ន្ទ សុផល អ្នកជំនាញសេដ្ឋកិច្ចដ៏ល្បីឈ្មោះ ដែលបានធ្វើការសិក្សាទីផ្សារបន្លែនៅទូទាំងប្រទេស៕