ខណៈដែលមេដឹកនាំពិភពលោក អ្នកតស៊ូមតិ ក្រុមអ្នកធ្វើការងារពាក់ព័ន្ធនឹងបរិស្ថាន និងបុគ្គលផ្សេងៗទៀត ជួបប្រជុំនៅឯសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុ (COP26) នៅទីក្រុងក្លាហ្គោនៅសប្តាហ៍នេះ យើងចង់ឃើញមានការចាត់វិធានការយ៉ាងមុះមុត និងការប្តេជ្ញាចិត្តនានា ដើម្បីសម្រេចឲ្យបាននូវទិសដៅទប់ស្កាត់ការឡើងកម្ដៅភពផែនដី មិនឲ្យលើសពី ១,៥អង្សាសេ។
ក្រុមហ៊ុន Meta ដែលកន្លងមកមានឈ្មោះថា Facebook ក៏នឹងដើរតួនាទីរបស់ខ្លួនផងដែរ។ ក្នុងនាមជាក្រុមហ៊ុនលំដាប់ពិភពលោកមួយដែលភ្ជាប់ទំនាក់ទំនងមនុស្សជាង ៣ពាន់លាននាក់ជារៀងរាល់ខែ យើងមានឱកាស និងមានការទទួលខុសត្រូវលើការធ្វើឱ្យមានការផ្លាស់ប្តូរពិតប្រាកដមួយ។
ការងារនេះចាប់ផ្តើមពីយើងផ្ទាល់មុនគេ។ ដោយចាប់ផ្តើមកាលពីឆ្នាំមុន យើងសម្រេចបានការបញ្ចេញឧស្ម័នកាបូនសូន្យសម្រាប់ប្រតិបត្តិការពិភពលោករបស់យើង ហើយយើងបានប្រើប្រាស់ថាមពលកកើតឡើងវិញ ១០០%។ យើងបានកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់របស់យើងបាន ៩៤% គិតចាប់ពីឆ្នាំ២០១៧ មក យើងបានវិនិយោគគ្រប់គ្រាន់ទៅលើថាមពលពីកម្លាំងខ្យល់ និងពីពន្លឺព្រះអាទិត្យ ដើម្បីប្រើប្រាស់ក្នុងប្រតិបត្តិការរបស់យើងទាំងអស់ ហើយយើងគាំទ្រគម្រោងនានាដែលលុបបំបាត់ការបញ្ចេញឧស្ម័នកាបូនចេញពីបរិយាកាស។ យើងក៏បានកំណត់គោលដៅប្រកបដោយមហិច្ឆិតា ផងដែរសម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់របស់យើង ដើម្បីឱ្យមានការបញ្ចេញកាបូនសូន្យ និងកំណត់គោលដៅសម្រាប់ប្រតិបត្តិការចំនួន៤ របស់យើងដើម្បីធ្វើប្រព្រឹត្តិកម្មទឹកសម្រាប់ប្រើប្រាស់ឡើងវិញឱ្យបានចំនួនលើសពីបរិមាណដែលយើងប្រើប្រាស់នៅត្រឹមឆ្នាំ២០៣០។
ប៉ុន្តែការងារប៉ុណ្ណេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមមានអំណាចក្នុងការធ្វើឱ្យមនុស្សផ្សារភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក ដើម្បីបង្កើតឱ្យមានការផ្លាស់ប្តូរវិជ្ជមាន បន្លឺសំលេងរបស់ជនដែលគេមិនយកចិត្តទុកដាក់ និងចែករំលែកព័ត៌មានដ៏មានឥទ្ធិពល។ ជារៀងរាល់ថ្ងៃ យើងមើលឃើញមនុស្សប្រើប្រាស់សេវារបស់យើង ដើម្បីបង្កើនការយល់ដឹង រៀបចំវិធានការ និងបញ្ចេញសំឡេងរបស់ពួកគេអំពីបញ្ហាជាច្រើនពាក់ព័ន្ធនឹងបរិស្ថាន។ យើងចង់ធ្វើការងាររបស់យើងតាមរយៈការជួយមនុស្សឱ្យស្វែងរកព័ត៌មានដែលត្រឹមត្រូវ និងផ្អែកលើវិទ្យាសាស្រ្ត ក៏ដូចជាដោះស្រាយបញ្ហាព័ត៌មានមិនពិតផងដែរ។
លើកកម្ពស់ព័ត៌មានអំពីអាកាសធាតុដែលអាចជឿទុកចិត្តបាន
កាលពីឆ្នាំមុន យើងបានដាក់ដំណើរការមជ្ឈមណ្ឌលវិទ្យាសាស្រ្តអាកាសធាតុនៅលើ Facebook ដើម្បីបង្ហាញជូនអ្នកប្រើប្រាស់នូវធនធានពិតប្រាកដ ដែលទទួលបានពីអង្គការពាក់ព័ន្ធនឹងអាកាសធាតុឈានមុខគេនានានៅក្នុងពិភពលោក ដូចជាក្រុមការងារអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ អង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ និងអង្គការជាង ២០០ផ្សេងទៀត។ អង្គការទាំងនេះក៏អាចស្វែងរកវិធានការដែលពួកគេអាចធ្វើបាននៅក្នុងការងារផ្ទាល់របស់ពួកគេ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ សព្វថ្ងៃនេះ យើងកំពុងចាប់ផ្តើមពង្រីកមជ្ឈមណ្ឌលនេះទៅកាន់ប្រទេសជាង ១០០ រួមទាំងកម្ពុជាផងដែរ។
យើងក៏កំពុងបន្ថែមផ្នែកថ្មីមួយផងដែរ ដែលបង្ហាញការបញ្ចេញឧស្ម័នផ្ទះកញ្ចក់របស់ប្រទេសនានា ធៀបនឹងការប្តេជ្ញាចិត្ត និងទិសដៅរបស់ប្រទេសទាំងនោះ ដូច្នេះអ្នកប្រើប្រាស់អាចមានការស្វែងយល់កាន់តែប្រសើរថាតើប្រទេសរបស់ពួកគេសព្វថ្ងៃស្ថិតនៅចំណុចណា និងថាតើមានអ្វីដែលចាំបាច់ត្រូវធ្វើបន្ថែមទៀត។
ការដោះស្រាយបញ្ហាព័ត៌មានមិនពិតអំពីអាកាសធាតុ
យើងមានការទទួលខុសត្រូវលើការដោះស្រាយបញ្ហាព័ត៌មានមិនពិតអំពីអាកាសធាតុនៅលើសេវារបស់យើង ដែលនេះគឺជាមូលហេតុដែលយើងធ្វើការងារជាមួយស្ថាប័នផ្ទៀងផ្ទាត់ការពិត (fact-checking) ឯករាជ្យជាង ៨០ស្ថាប័ននៅជុំវិញពិភពលោកដើម្បីពិនិត្យមើល និងផ្តល់ចំណាត់ថ្នាក់មាតិកា រួមទាំងមាតិកាអំពីការប្រែប្រួលអាកាសធាតុផងដែរ។ នៅពេលស្ថាប័នទាំងនេះផ្តល់ចំណាត់ថ្នាក់មាតិកាមួយថាជាមាតិកាក្លែងក្លាយ យើងកាត់បន្ថយការចែកចាយរបស់មាតិកានោះ ដូច្នេះមនុស្សកាន់តែតិចនឹងមើលឃើញមាតិកានោះ ហើយយើងនឹងបង្ហាញបម្រាមមួយ ដែលមានពន្យល់ព័ត៌មានបន្ថែមអំពីមាតិកានោះ។ ហើយយើងដាក់ពិន័យដល់អ្នកដែលនៅតែចែករំលែកព័ត៌មានមិនពិត។
ការចាត់វិធានការលើការប្រែប្រួលអាកាសធាតុ
កម្មវិធី Messenger កំពុងគាំទ្រដល់អង្គការសហប្រជាជាតិតាមរយៈការលើកទឹកចិត្តឱ្យមានការសន្ទនាអំពីការប្រែប្រួលអាកាសធាតុ និងការជួយមនុស្សឱ្យចាត់វិធានការ។ ដោយមានជំនួយពី Spectrm អង្គការសហប្រជាជាតិនឹងដាក់ដំណើរការកម្មវិធីជជែកកម្សាន្ត ActNow របស់ខ្លួនក្នុងពេលឆាប់ៗនេះដែលកម្មវិធីនេះត្រូវបានធ្វើបច្ចុប្បន្នភាពថ្មី ដោយមានវិធានការថ្មីចំនួន១០ ដែលអ្នកអាចយកមកអនុវត្តបានដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ កម្មវិធីនេះអាចរកបាននៅលើកម្មវិធី Messenger កម្មវិធី Instagram និងនៅលើគេហទំព័ររបស់អង្គការសហប្រជាជាតិ។
ការចែករំលែកព័ត៌មានវិទ្យាសាស្រ្តអំពីអាកាសធាតុក្នុងសន្និសីទ COP26
ក្នុងអំឡុងសនិ្នសីទ COP26 នៅទីក្រុងក្លាហ្គោ យើងនឹងមានការចែករំលែកព័ត៌មានពីអ្នកជំនាញ និងអ្នកវិទ្យាសាស្រ្តនៅក្នុងមាតិកាថ្មីដែលត្រូវបានបង្កើតឡើងដើម្បីជូនដំណឹង និងជំរុញឱ្យមានការចាត់វិធានការ។ យើងមានស្ទូឌីយោផ្សាយផ្ទាល់មួយនៅឯសន្និសីទនោះ ដែលយើងនឹងរៀបចំកិច្ចសន្ទនាជាច្រើនភាគពីស្ទូឌីយោនោះ ដោយមានការចូលរួមពីក្រុមអ្នកជំនាញនិងអ្នកវិទ្យាសាស្រ្តល្បីឈ្មោះខាងផ្នែកប្រែប្រួលអាកាសធាតុ។ យើងនឹងដាក់ដំណើរការ Podcast ជាស៊េរីថ្មីមួយ ហៅថា Climate Talks ដែលរៀបចំដោយ Sophia Li។ យើងនឹងផ្សាយផ្ទាល់កិច្ចសន្ទនា Say It With Science នៅលើការផ្សាយផ្ទាល់ Facebook ដែលបកស្រាយអំពីបញ្ហាសុខភាព និងការប្រែប្រួលអាកាសធាតុ។ នៅលើ @instagram យើងបានដាក់ដំណើរការបទវិចារណកថាជាច្រើនភាគ ក្រោមប្រធានបទ “ផែនដីរបស់យើងស្ថិតក្នុងវិបត្តិ” ដែលនិយាយអំពីរឿងរ៉ាវរបស់សកម្មជន និងស្ថាប័នដែលធ្វើការងារលើការបង្កើនការយល់ដឹង និងការផ្តល់អំណាចដល់អ្នកដទៃឱ្យចាត់វិធានការនៅក្នុងសហគមន៍មូលដ្ឋានរបស់ពួកគេ។
មានវិធានការមួយចំនួនដែលយើងកំពុងធ្វើក្នុងនាមជាក្រុមហ៊ុននិងភ្លែតហ្វមមួយ ដើម្បីព្យាយាម ធ្វើឱ្យមានការផ្លាស់ប្តូរប្រកបដោយវិជ្ជមាន។ គោលដៅរបស់យើងមិនត្រឹមតែក្លាយជាក្រុមហ៊ុនដែលមាននិរន្តរភាពបំផុតមួយនោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យមានភាពកាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់ និងនិយោជិតរបស់យើងផងដែរ។ ប្រសិនបើយើងទាំងអស់គ្នាបំពេញកាតព្វកិច្ចរៀងៗខ្លួនរបស់យើង រាប់ចាប់ពីមេដឹកនាំពិភពលោក រដ្ឋាភិបាល រហូតដល់ក្រុមហ៊ុនឯកជន និងបុគ្គលម្នាក់ៗ យើងអាចងើបឈរឡើងដើម្បីតតាំងនឹងបញ្ហានេះរួមគ្នាបាន៕