លោកជំទាវឧកញ៉ា កែវ មុំ ដែលជាអគ្គនាយិកាក្រុមហ៊ុនផលិតនំស្រួយ លីលី នឹងបង្ហាញពីផ្នត់គំនិតសហគ្រិនភាពមួយចំនួនទាក់ទងនឹងការបង្កើតនិងដឹកនាំអាជីវកម្មមួយឆ្ពោះទៅរកមាគ៌ានៃការរីកចម្រើនដោយចីរភាព។
បើខ្លាចបញ្ហា កុំចង់ធ្វើសហគ្រិន!
ឆ្លើយតបនៅក្នុងកិច្ចសម្ភាសន៍ជាមួយ ខេមបូណូមីស លោកជំទាវឧកញ៉ា កែវ មុំ ដែលជាសហគ្រិនស្ត្រីឆ្នើមមួយរូបនៃវិស័យឧស្សាហកម្ម បានលើកឡើងថា គ្មានអាជីវកម្មជោគជ័យណាមួយ ដែលមិនធ្លាប់ឆ្លងកាត់ការលំបាកនោះឡើយ ប៉ុន្ដែ អ្វីដែលនៅពីក្រោយនៃភាពជោគជ័យនៃអាជីវកម្មនោះ គឺតែងតែមានសហគ្រិនដែលមានចិត្តមុះមុត តស៊ូមិនចុះញ៉មនឹងឧបសគ្គ។
លោកស្រីបន្ថែមថា កាលពីដំបូងឡើយ អាជីវកម្មរបស់លោកស្រីធ្លាប់ហែលឆ្លងនូវការលំបាកមិនតិចនោះទេ ទាក់ទងនឹងកង្វះខាតដើមទុន បច្ចេកទេស ទីផ្សារ និងការគ្រប់គ្រងជាដើម។ ទោះយ៉ាងណា អ្នកស្រីបានលើកឡើងថា ការប្រកាន់ខ្ជាប់នូវការអត់ធ្មត់ ព្យាយាមខ្ពស់ សុជីវភាព សច្ចៈធម៌ និងគុណធម៌ បានធ្វើឲ្យឧកញ៉ា កែវ មុំ អាចឆ្លងផុតរាល់ការព្យុះភ្លៀងដែលបានបោកបក់មកលើនាវាអាជីវកម្មរបស់លោកស្រី។
បើកចិត្តរៀនពីអ្នកដទៃ ពិសេសអ្នកជោគជ័យ!
សម្រង់សម្ដីមួយឃ្លារបស់លោកមហាត្មិះគន្ធី បានលើកឡើងថា «រស់ឲ្យដូចគ្មានថ្ងៃស្អែក រៀនឲ្យដូចគ្មានថ្ងៃស្លាប់» មានន័យថា ចូរឲ្យយើងគ្រប់គ្នាប្រើជីវិតរស់នៅប្រចាំថ្ងៃឲ្យតម្លៃបំផុត ហើយត្រូវចេះបើកចិត្តរៀនពីអ្វីដែលថ្មីជានិច្ច ពិសេសគឺរៀនពីអ្នកដទៃ តែក៏ត្រូវជ្រើសរើសប្រភេទមនុស្សដែលត្រូវយកជាគំរូដែរ។
ស្រដៀងគ្នាទៅនឹងពាក្យប៉ុន្មានឃ្លានេះដែរ ឧកញ៉ា កែវ មុំ បានបង្ហើបឲ្យដឹងថា ការសេពគប់ ក៏ដូចជារាប់អានអ្នកពូកែៗ ឬអ្នកជោគជ័យក្នុងវិស័យជំនួញ គឺជាឱកាស ក៏ដូចជាដើមទុនមួយដែលបានជួយឲ្យលោកស្រីបានដឹកនាំអាជីវកម្មជោគជ័យមកទល់ពេលបច្ចុប្បន្ន។
សហគ្រិនស្ត្រីដែលកំពុងមានឈ្មោះបោះសំឡេងរូបនេះ បានឲ្យដឹងយ៉ាងដូច្នេះថា «កាលពីមុន ខ្ញុំជួបរឿងលំបាកៗច្រើនណាស់នៅក្នុងដំណើរអាជីវកម្ម ឬអាចថាខ្វះខាតសឹងតែគ្រប់បែបយ៉ាង តែពេលដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលជាច្រើន និងចូលរួមជាសមាជិកសមាគមធុរកិច្ចផ្សេងៗ ក៏ដូចជាទទួលបានការចែករំលែកនូវគំនិតយោបល់ពីបុគ្គលពូកែៗ និងជោគជ័យជាច្រើន បានធ្វើឲ្យខ្ញុំទទួលបានបទពិសោធន៍ល្អ និងគំនិតថ្មីៗបន្ថែម ដើម្បីប្រើជាយុទ្ធសាស្ត្រក្នុងការដឹកនាំអាជីវកម្មរបស់ខ្ញុំចេញពីបញ្ហាទាំងឡាយដែលតែងកើតមានជារៀងរាល់ថ្ងៃ»។
ឧកញ៉ា កែវ មុំ បានវាយតម្លៃចំពោះការរៀនសូត្រ ក៏ជាចែករំលែកបទពិសោធន៍ពីអ្នកពូកែៗនៅជុំវិញខ្លួនថា គឺជាចំណេះដឹងដ៏សំខាន់ និងជ្រាលជ្រៅបំផុត ដែលមិនអាចរករៀននៅសាលាបានទេ ហើយចំណេះដឹងនោះទៀតសោត គឺអាចយកប្រើប្រាស់ដោះស្រាយបញ្ហាបានយ៉ាងមានប្រសិទ្ធភាព ព្រោះវាសុទ្ធសឹងជាបទពិសោធន៍ផ្ទាល់។
ទោះយ៉ាងណា អ្នកស្រីបានសង្កត់ធ្ងន់ដែរថា ការធ្វើអាជីវកម្មត្រូវតែគិតគូរឲ្យបានម៉ត់ចត់បំផុតទាក់ទងនឹងការបង្កើតនិងរក្សាស្ដង់ដារ ប្រព័ន្ធគ្រប់គ្រង និងគុណភាព សោភ័ណភាពផលិតផល នោះទើបអាចធ្វើឲ្យអាជីវកម្មអាចធានាបាននូវចីរភាព។
សូមបញ្ជាក់ថា ឧកញ៉ា កែវ មុំ គឺជាសហគ្រិនស្ត្រីឆ្នើមមួយរូប និងជាអគ្គនាយិកាក្រុមហ៊ុនផលិតនំស្រួយ លីលី ដែលមានជារោងចក្រផលិតនំក្នុងស្រុក និងមានសមត្ថភាពផលិតប្រមាណ៥តោនក្នុងមួយថ្ងៃ ហើយក៏មាននាំចេញទៅកាន់បរទេស ដូចជា អាមេរិក កូរ៉េ ភូមា អូស្ត្រាលី ម៉ាឡេស៊ី និងវៀតណាម ជាដើម ហើយថ្មីៗនេះ ក្រុមហ៊ុនអ្នកស្រីក៏គ្រោងនឹងនាំផលិតផលទៅប្រទេសចិន និងអ៊ីតាលីផងដែរ៕