របាយការណ៍ដែលមានចំណងជើងថា “ការនាំឱ្យមានចំណាកស្រុក៖ បទពិសោធន៍នៃភូមិមួយអំពីបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងការចំណាកស្រុកឆ្លងដែន” គឺអង្គការលីកាដូ បានផ្ដោតទៅលើភូមិមួយនៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់ឱ្យបានស៊ីជម្រៅ អំពីទំនាក់ទំនងរវាងបំណុលមីក្រូហិរញ្ញវត្ថុ និងការចំណាកស្រុកនៅតាមតំបន់ព្រំដែន តាមរយៈការធ្វើបទសម្ភាសន៍ជាមួយ ៣០គ្រួសារ។
លោកស្រី ណាលី ពីឡូក នាយិកាអង្គការលីកាដូ បាននិយាយនៅក្នុងរបាយការណ៍ថា៖ “គ្រួសារជាច្រើនបានចាកចេញពីផ្ទះ និងពីប្រទេសកំណើតរបស់ពួកគាត់ ដើម្បីទៅរកប្រាក់សងបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ”។
លោកស្រីបានបន្តទៀតថា៖ “ពេលនេះ អតីតពលករចំណាកស្រុករាប់សែននាក់ មិនអាចធ្វើការនៅក្នុងប្រទេសថៃទៀតបានទេ ដោយសារបញ្ហាវីរុសកូវីដ១៩ ដូច្នេះ អង្គការលីកាដូសង្ឃឹមថា រាជរដ្ឋាភិបាលនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាចជួយអ្នកខ្ចីប្រាក់ទាំងនេះ ដោយផ្អាកការសងបំណុល និងប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនម្ចាស់ទ្រព្យវិញ”។
យោងតាមរបាយការណ៍នេះ មន្ត្រីឥណទានមួយចំនួនបានលើកទឹកចិត្ត ឬទាមទារឱ្យចំណាកស្រុក ជាលក្ខខណ្ឌដំបូង ដើម្បីបានកម្ចី ហើយកម្ចីជាច្រើនត្រូវបានផ្ដល់ឱ្យជាប្រាក់បាតថៃ ផងដែរ។
អង្គការ លីកាដូ បានអះអាងថា ចាប់តាំងពីការសិក្សាស្រាវជ្រាវត្រូវបានធ្វើឡើងក្នុងខែកញ្ញា ឆ្នាំ២០១៩ អ្នកចំណាកស្រុកជាង ៨ម៉ឺននាក់ បានចាកចេញពីប្រទេសថៃ ត្រឡប់មកកម្ពុជាវិញ ដោយសារការឆ្លងរាលដាលជាសកលនៃវីរុសកូវីដ១៩។
ការបាត់បង់ប្រាក់ចំណូលភ្លាមៗនេះ នាំឱ្យគ្រួសារទាំងនេះប្រឈមនឹងហានិភ័យនៃការរំលោភសិទ្ធិមនុស្សបន្ថែមទៀត ដោយសារបំណុលមីក្រូហិរញ្ញវត្ថុរបស់ពួកគាត់ ក្នុងនោះមានការបង្ខំឱ្យលក់ដីសងបំណុល ជាដើម។ នេះបើយោងតាមអង្គការ លីកាដូ។
អង្គការ លីកាដូ ក៏បានសំណូមពរឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងរដ្ឋាភិបាលធ្វើការជាមួយគ្នា ដើម្បីផ្អាកការសងបំណុល និងសង្ឃឹមថា អ្នកវិនិយោគបរទេសរបស់គ្រឹះស្ថានទាំងនោះ នឹងអាចវាយតម្លៃឡើងវិញចំពោះការផ្ដល់ប្រាក់កម្ចីជារូបិយវត្ថុបាត ក៏ដូចជាធ្វើការស៊ើបអង្កេតឱ្យបានពេញលេញថា តើប្រាក់កម្ចីទាំងនេះបាននាំឱ្យមានការធ្វើចំណាកស្រុកខុសច្បាប់ ការជួញដូរមនុស្ស ឬការរំលោភសិទ្ធិមនុស្ស ផ្សេងទៀត ឬយ៉ាងណា។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានច្រានចោលរបាយការណ៍នេះ ដោយបាននិយាយថា ការសិក្សានេះមិនបានឆ្លុះបញ្ចាំងពីតថភាពពិតនៃប្រទេសកម្ពុជា ឬក៏អតិថិជនទាំងអស់ក្នុងវិស័យមីក្រូហិរញ្ញវត្ថុឡើយ ហើយការសិក្សានេះគ្រាន់តែបានច្បិចយកបញ្ហាធ្ងន់ធ្ងរពីតំបន់ដែលមានអត្រាចំណាកស្រុកខ្ពស់ជាងគេក្នុងប្រទេសប៉ុណ្ណោះ។
លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាននិយាយតាមរយៈអ៊ីម៉េលដូច្នេះថា “ចំណាកស្រុកគឺជាបាតុភូតសាកល ដែលកំពុងតែកើតមានឡើងទូទាំងសាកលលោក។ ហើយវាជាប់ពាក់ព័ន្ធនឹងបញ្ហាប្រឈម ក៏ដូចជា ឱកាសផ្សេងៗទៀតផងដែរ។”
លោក ផល វ៉ាន់ឌី បានបន្តដូច្នេះថា “ការដែលច្បិចយកតែផ្នែកអវិជ្ជមានខ្លាំងបំផុត ពីតំបន់ដែលមានអត្រាចំណាកស្រុកខ្ពស់ជាងគេ មករំលេចឡើង ហើយភ្ជាប់បញ្ហាទាំងអស់មកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជារឿងមិនត្រឹមត្រូវទេ ហើយបង្កើតជារូបភាពមិនល្អដល់វិស័យមីក្រូហិរញ្ញវត្ថុទាំងមូល ដែលបាននិងកំពុងបម្រើប្រជាជនខ្មែរ ២,២លាននាក់ តាមរយៈសេវាហិរញ្ញវត្ថុដ៏សម្បូរបែប ទាន់ពេលវេលា និងប្រកបដោយនិរន្តរភាព។”
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអះអាងបន្តថា តាមរយៈការផ្តល់នូវសេវាហិរញ្ញវត្ថុផ្លូវការរបស់ខ្លួន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបាននិងកំពុងជួយធ្វើឲ្យប្រជាជនខ្មែរមានសេរីភាព និងជម្រើសក្នុងការធ្វើអ្វីមួយដែលល្អសម្រាប់ខ្លួនគាត់ ក៏ដូចជា បានជួយឲ្យប្រជាជនអាចចាប់យកឱកាសក្នុងការទៅធ្វើការនៅក្រៅប្រទេស ដូចជា ប្រទេសជប៉ុន កូរ៉េ ថៃ ជាដើម ពោលគឺមិនមែនចំណាកស្រុកដើម្បីតែសងបំណុលនោះទេ៕