លោក កែ មុន្នីវុធ ប្រធាននាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានគូសបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីសថា មន្រ្តីជំនាញនៃក្រសួងកសិកម្ម បានចាប់ផ្ដើម នៅដើមឆ្នាំ២០២២នេះតែម្ដង ពោលគឺនៅថ្ងៃទី២ ខែមករា លើការវាយតម្លៃបណ្ដើរៗ នូវគុណភាព ផ្លែមៀនប៉ៃលិន និងត្រីប្រា សម្រាប់នាំចេញទៅប្រទេសចិន ខណៈខេត្តបាត់ដំបង និងប៉ៃលិន អាចជាខេត្តគោលដៅសម្រាប់នាំចេញផ្លែមៀនប៉ៃលិនលើកដំបូង។ ក៏ប៉ុន្តែទាក់ទិននឹងពេលវេលានៃការនាំចេញផ្លែមៀនប៉ៃលិន និងត្រីប្រា នេះដែរ មន្រ្តីជំនាញរូបនេះ នៅមិនទាន់អាចបញ្ជាក់លម្អិតឡើយថា នឹងអាចនាំចេញនៅពេលណា តែលោកមានក្ដីរំពឹងយ៉ាងមុតមាំថា ការនាំចេញនឹងអាចប្រព្រឹត្តទៅ នៅពេលឆាប់ៗខាងមុខ ក្រោយភាគីចិន បានបញ្ចប់ការត្រួតពិនិត្យ និងវាយតម្លៃគុណភាព។
ប្រធានដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ លោក កែ មុន្នីវុធ មានសុទិដ្ឋិនិយមថា ក្រោយកម្ពុជា អាចនាំចេញចេញមៀនប៉ៃលិន និងត្រីប្រា ទៅកាន់ប្រទេសចិនផ្ទាល់ អ្នកដាំដុះដំណាំមៀនប៉ៃលិន ក៏ដូចជា អ្នកចិញ្ចឹមត្រីប្រា នឹងមិនជួបបញ្ហាទីផ្សារ ដូចពេលកន្លងមកទៀតនោះទេ។ មន្ត្រីជំនាញរបស់ក្រសួងកសិកម្មរូបនេះ ក៏បានបញ្ជាក់ទៀតថា ក្រៅពីទីផ្សារប្រទេសចិន កម្ពុជា ក៏បាននិងកំពុងចរចាជាមួយភាគីថៃ ដើម្បីនាំផ្លែមៀនប៉ៃលិនទៅកាន់ទីផ្សារប្រទេសថៃ ខណៈកន្លងមក កម្ពុជា ក៏បាននាំចេញផ្លែមៀនប៉ៃលិនមួយចំនួន ទៅប្រទេសវៀតណាមខ្លះៗដែរ។
សូមបញ្ជាក់ថា ថ្មីៗនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានបញ្ជាក់ដែរថា ការវាយតម្លៃទាក់ទងនឹងដំណើរការនាំចេញមៀនប៉ៃលិនទៅចិន នឹងប្រព្រឹត្តិទៅនៅសប្តាហ៍ទី១ នៅខែមករា ឆ្នាំ២០២២ ដោយជ្រើសរើសចម្ការតំណាងមួយចំនួន និងរោងចក្រចំនួន១ នៅខេត្តប៉ៃលិន។ ខណៈដំណើរការចរចាបើកទីផ្សារផ្លែមៀនប៉ៃលិនទៅកាន់ទីផ្សារចិនដោយត្រង់ បានឈានដល់ដំណាក់កាលវាយតម្លៃហានិភ័យ ដោយចុះពិនិត្យផ្ទាល់នៅចម្ការ និងរោងចក្រវេចខ្ចប់ សម្លាប់សមាសភាពចង្រៃ៕