ចិន-ប៉ាគីស្ថាន

ប៉ាគីស្ថាន ខ្ចីលុយ ចិន ២៣០ លានដុល្លារ សង់ព្រលានយន្ដហោះអន្តរជាតិ


ប៉ាគីស្ថាន បានខ្ចីលុយ រដ្ឋាភិបាលចិន ២៣០ លានដុល្លារអាមេរិក ដើម្បីសាងសង់គម្រោងអាកាសយានដ្ឋានអន្តរជាតិទីក្រុងGwadar ដោយគម្រោងនេះ បានបានបើកដំណើរការសាង់សង់ហើយ កាលពីចុងខែមីនាកន្លងទៅនេះ។ តាម បណ្ដាញសារព័ត៌មានចិន CCTV បានឲ្យដឹងថា គម្រោងនេះ គឺ ជាលុយរបស់រដ្ឋាភិបាលចិនទាំងអស់ដែលបានផ្ដល់ឲ្យប្រទេសប៉ាគីស្ថាន ក្រោមគម្រោងច្រករបៀងសេដ្ឋកិច្ច ចិន ប៉ាគីស្ថាន។
ប៉ាគីស្ថាន ខ្ចីលុយ ចិន ២៣០ លានដុល្លារ សង់ព្រលានយន្ដហោះអន្តរជាតិ (https://www.straitstimes.com)
ដោយ

តាមសារព័ត៌មាន​ចិន ដដែលនេះ បានបញ្ជាក់ថា វត្តមាន​របស់​ព្រលាន​យន្ដហោះ​អន្តរជាតិថ្មីនេះ នឹងមានការ​តភ្ជាប់កាន់​តែច្រើន​ឡើង នូវតំបន់​ភាគខាងត្បូង​ឈៀង​ខាងលិច​នៃកំពង់ផែក្នុងទីក្រុង​ Gwadar ទៅកាន់​ពិភពលោក។ ក្រោមប្រាក់ជំនួយ ពីរដ្ឋាភិបាលចិន ២៣០ លានដុល្លារ ព្រលានយន្ដហោះថ្មីនេះ នឹងត្រូវសាងសង់​រួចរាល់​ក្នុងរយៈពេល​៣ឆ្នាំ។

គ្របដណ្ដប់លើផ្ទៃ ១៨ គីឡូម៉ែការ៉េ ព្រលានយន្ដហោះ​ទីក្រុង Gwadar ថ្មីនេះ នឹងត្រូវសាងសង់ឡើងដោយក្រុម​ហ៊ុនសាងសង់​ព្រលានយន្ដ​ហោះរបស់ចិន។

នាយករដ្ឋមន្ត្រី ប៉ាគីស្ថាន លោក Imran Khan បានលើកឡើងថា លោកក៏កំពុង​ស្វែងរកកិច្ចសហប្រតិបត្តិការ​ជាមួយរដ្ឋាភិបាលចិន ទាក់ទងនឹង​គម្រោងផ្លូវរថភ្លើង និងវិស័យ​កសិកម្ម និងនេសាទផងដែរ។ 

មន្ត្រីរដ្ឋាភិបាលចិន​អះអាងថា ក្នុងក្រប​ខណ្ឌគម្រោង​ច្រករបៀងសេដ្ឋកិច្ច ចិន ប៉ាគីស្ថាន ជាមួយនឹងគម្រោង​ខ្សែក្រវាត់មួយ ផ្លូវមួយ បានធ្វើឲ្យ​មិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរ បានចូលមកដល់ទម្រង់ថ្មីមួយ។

តាមមន្ត្រីជាន់ខ្ពស់ចិន ភាគីចិន និងប៉ាគីស្ថាន ក៏បាន​សម្រេចចិត្ត​ពង្រីក​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដំណាក់​កាលថ្មី បន្ថែមទៀត ក្នុងក្របខណ្ឌគម្រោង​ច្រករបៀងសេដ្ឋកិច្ច​ចិន ប៉ាគីស្ថាននេះ ជាមួយនឹង​ការសហការ​កាន់តែជិតស្និទ ក្នុងវិស័យឧស្សាហូបនីយកម្ម និងសង្គម តាមរយៈ​ការបង្កើតគម្រោងថ្មីៗបន្ថែមទៀត។

យ៉ាងណាមិញ គម្រោង ព្រលាន​យន្តហោះថ្មីនេះ​គ្រាន់តែជាការ​ចាប់ផ្តើម​ដំណាក់កាលថ្មី នៃកិច្ចសហប្រតិបត្តិការ​ប៉ុណ្ណោះ ហើយគម្រោង​ជាច្រើនទៀត​នឹងមក​ដល់ឆាប់ៗនេះ។

គួរបញ្ជាក់ដែរថា ប៉ាគីស្ថាន គឺជាប្រទេស​មួយ ដែលបានខ្ចី​លុយ​ពីប្រទេសចិន ច្រើនជាងគេ ពីគម្រោង​ខ្សែក្រវាត់១ និងផ្លូវ១ របស់ចិន ខណៈដែលមកទល់​ពេលនេះ ប្រទេសចិន បាន​ផ្ដល់កម្ចីដល់​ប៉ាគីស្ថាន​រហូតដល់ ជាង ៦០ ពាន់លានដុល្លារ​អាមេរិក។

បើតាមការ​ស្រាវជ្រាវ​របស់វិទ្យាស្ថាន​ក្រុមប្រឹក្សា​ទំនាក់ទំនង​អន្តរជាតិ (CFR) បានឲ្យដឹងថា ប៉ាគីស្ថាន បាន​ខ្ចីលុយពីរដ្ឋាភិបាលចិណ រហូតដល់ ៦៨ ពាន់លាន​ដុល្លារអាមេរិក ខណៈដែល​ចិន​បាន​បញ្ចេញ​លុយ​លើគម្រោង​ដ៏ពោរពេញ​ដោយមហិច្ឆតា​របសខ្លួននេះ អស់​២០០ ពាន់លាន​ដុល្លារ​អាមេរិកហើយ ទៅឲ្យប្រទេស​ប្រមាណ​ជាង ​៦០​។

ធនាគារ​វិនិយោគ​អាមេរិក Morgan Stanley បានព្យាករថា នៅឆ្នាំ២០២៧ ចិននឹង​ចំណាយលើ​គម្រោង​ផ្លូវមួយ ខ្សែក្រវាត់​មួយនេះ រហូតដល់ ១,២ ទៅ១,៣ ទ្រីលាន​ដុល្លារ​អាមេរិក។

តាម​ការស្រាវជ្រាវ​ខាងលើ​ឲ្យដឹងថា បំណុល​ដំបូង ដែល​ប៉ាគីស្ថាន ត្រូវទូទាត់​សង​ចិនវិញ នឹង​ត្រូវចាប់ផ្ដើម​សង​នៅឆ្នាំ​នេះហើយ ដែលត្រូវ​សង់ចាប់​ផ្ដើមពី ៣០០ លានដុល្លារ​អាមេរិក ទៅដល់​ឆ្នាំ២០២៦ គិតទៅ​កើនដល់ ៣,២ពាន់លាន។

នៅឆ្នាំ ២០១៥ ប៉ាគីស្ថាន​ បាន​ខ្ចីលុយ​ចិន ក្រោមគម្រោង ខ្សែក្រវាត់១ ផ្លូវ១ លើដំបូង ក្នុងទំហំ​ទឹកប្រាក់​ ៦ពាន់លាន ដើម្បី​ទិញ​កប៉ាល់មុជទឹក​៨គ្រឿង ពីចិន ដើម្បី​បំពេញ មហិច្ឆតា​យោធា​របស់ខ្លួន។ 

គួរដឹងថា ទំហំ GDP របស់​ប៉ាគីស្ថាន មានជាង ២៧៧ ពាន់លាន​ដុល្លារអាមេរិក និងមានកំណើន​៥,២% ខណៈដែល GDP per capita មាន ជាង ១.៦០០ ដុល្លារអាមេរិក នៅឆ្នាំ២០១៨។

គួរបញ្ជាក់ថា គម្រោង​ខ្សែក្រវ៉ាត់មួយ​ផ្លូវមួយនេះ គឺស្ថិតនៅ​ក្នុងគម្រោង ផ្លូវសូត្រ ដែលពោរពេញ​ដោយមហិច្ឆតា របស់មហា​អំណាចចិន ដែលបាន​ប្រកាស​បើកដំណើរ​ការ​ឡើងកាល​ពីឆ្នាំ ២០១៣ ហើយគម្រោងនេះ ជាផែន​ការមេ របស់ប្រទេស​ចិនសម្រាប់​ផ្តល់​ហិរញ្ញប្បទាន​ដល់ប្រទេស​នៅតំបន់​អាស៊ី​និងអឺរ៉ុប ហើយចិន​ខ្លួនឯង​នឹងទទួល​បានឥទ្ធិពល​វិញពី​តំបន់​ទាំងនោះ៕

None



អត្ថបទបន្ទាប់


សេដ្ឋកិច្ចវៀតណាម មានដំណើរយឺត នៅត្រីមាសទី១ ឆ្នាំនេះ!

បីខែដំបូង ឆ្នាំ ២០១៩នេះ កំណើនសេដ្ឋកិច្ចវៀតណាម សម្រេចបានប្រមាណ ៦,៨ % ដែលមានការថយចុះបន្តិចធៀបនឹងត្រីមាសទី១កាលពីឆ្នាំ២០១៨ ដែលមាន៧,៤%។ ក…

ផ្លូវ​ដែក​កម្ពុជា​នឹង​ត្រូវ​ដាក់​ដេញ​ថ្លៃ​ជា​សាធារណៈ មិន​មែន​'ចង​មុង'​ដេញ​ថ្លៃ​ទេ!

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​អះអាង​ថា ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ដែក​នៅ​កម្ពុជា នឹង​ត្រូវ​ដាក់​ឲ្យ​ដេញ​ថ្លៃ​ជា​សាធារណៈ ដោយ​ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ