កន្លងមក ក្រុមហ៊ុនយក្សជប៉ុន Panasonicនេះ ក៏បានវិនិយោគរោងចក្រផលិតអាគុយរថយន្ដអគ្គិសនីឲ្យ Tesla នៅក្នុងអាមេរិកម្ដងរួចហើយកាលពីឆ្នាំ២០១៤ ប៉ុន្ដែ ការផលិតមិនអាចឆ្លើយតបបានគ្រប់គ្រាន់តាមតម្រូវការ ដូច្នេះ ទើបក្រុមហ៊ុន ពង្រីកការផលិតបន្ថែមនៅជប៉ុនវិញ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia ។
ក្រុមហ៊ុនជប៉ុន Panasonic នឹងចាប់ផ្តើមដំណើរការខ្សែចង្វាក់ផលិតកម្មសាកល្បង ក្នុងការផលិតអាគុយរថយន្ដអគ្គិសនីសម្រាប់ក្រុមហ៊ុន Tesla នៅរោងចក្រខេត្តវ៉ាកាយ៉ាម៉ា Wakayama ប្រទេសជប៉ុននៅឆ្នាំនេះ ខណៈដែលរោងចក្ររបស់ក្រុមហ៊ុននេះធ្លាប់បានផលិតថ្មលីចូម-អ៊ីយ៉ុងសម្រាប់កុំព្យូទ័រ និងទូរសព្ទចល័តផងដែរ ចាប់តាំងពីឆ្នាំ ២០១២មក។
ទន្ទឹមនេះ រោងចក្រនៅខេត្ត Wakayama ក៏ជាទីតាំងសម្រាប់កន្លែងស្រាវជ្រាវ និងអភិវឌ្ឍ និងនៅជិតទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Panasonic ផងដែរ។ ខេត្ត វ៉ាកាយ៉ាម៉ា ក៏ត្រូវបានគេចាត់ទុកជាទីទាំង ដ៏ល្អសម្រាប់ក្រុមហ៊ុន ដើម្បីពិនិត្យតាមដានការងារផលិតកម្មដ៏ធំមួយនេះ និងមានកម្លាំពលកម្មជំនាញគ្រប់គ្រាន់សម្រាប់ខ្សែចង្វាក់ផលិតកម្មខ្នាតធំផងដែរ។
កន្លងមក ក្រុមហ៊ុន Panasonic ក៏មានពិសោធន៍ដ៏ជូរចត់ម្ដងរួចហើយ ក្នុងការវិនិយោគនៅសហរដ្ឋមេរិកលើរោងចក្រផលិតអាគុយរថយន្ដអគ្គិសនីនេះ កាលពីឆ្នាំ ២០១៤ ដែលក្រុមហ៊ុនបានយល់ព្រមបណ្ដាក់ទុនសាងសង់រោងចក្រដ៏ធំនៅរដ្ឋ Nevada សហរដ្ឋអាមេរិកជាមួយក្រុមហ៊ុន Tesla ។ ប៉ុន្តែវាមានការពិបាកក្នុងការរៀបចំខ្សែចង្វាក់ផលិតកម្មថ្មីពីដំបូង និងជួបបញ្ហាកង្វះកម្លាំងពលកម្មជំនាញ ដោយកាលនោះ មានវិស្វករជប៉ុនប្រហែល ៣៥០ នាក់ប៉ុណ្ណោះ ដែលត្រូវបានបញ្ជូនមកឲ្យធ្វើការនៅរោងចក្រនោះ។
បញ្ហាកង្វះកម្លាំងពលកម្មជំនាញនេះ បានធ្វើឲ្យរោងចក្ររបស់ Panasonic ត្រូវចំណាយពេលដល់ទៅ ៤ ឆ្នាំ ដើម្បីសម្រេចបាននូវផលិតកម្មខ្នាតធំ ហើយវាបានពង្រីកការចំណាយសរុបនៃគម្រោងវិនិយោគនេះរហូតដល់ជាង ១ពាន់ ៨រយលានដុល្លារ។ ដូច្នេះហើយ ទើបក្រុមហ៊ុនសម្រេចបង្វែរមករកការផលិតនៅប្រទេសជប៉ុនវិញ ដោយសារតែមានកម្លាំងពលកម្មជំនាញគ្រប់គ្រាន់។
ទោះជាបែបនេះក្ដី ក្រុមហ៊ុន Panasonic ក៏កំពុងសម្លឹងមើលការចូលរួមក្នុងផែនការជាមួយក្រុមហ៊ុន Tesla ក្នុងការសាងសង់រោងចក្ររថយន្តអគ្គិសនីថ្មីមួយនៅក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិកផងដែរ ខណៈដែល ក្រុមហ៊ុនេះ កំពុងប្រឈមមុខនឹងកិច្ចការដ៏លំបាកក្នុងការបង្កើនបរិមាណផលិត ដើម្បីរក្សាកំណើនទីផ្សារ៕
អត្ថបទ ស៊ើង និមល់