ក្រុមហ៊ុនគ្រប់គ្រងផ្សារទំនើប Parksonមួយនេះ បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ថា ក្រុមហ៊ុននឹងស្វែងរកការអនុញ្ញាតពីម្ចាស់ភាគហ៊ុន ដើម្បីលក់ផ្សារទំនើបរបស់ខ្លួន ដែលជាសាខាមួយ ក្នុងចំណោមសាខាចំនួន៤ចុងក្រោយនៅវៀតណាម ទៅឲ្យក្រុមហ៊ុនក្នុងស្រុកក្នុងតម្លៃ ១០លានដុល្លារអាមេរិក។
អគារផ្សារទំនើប Parkson ដែលគ្រោងដាក់លក់នេះ មានទំហំ ២៣.០០០ ម៉ែត្រការ៉េ និងស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម និងអគារស្នាក់នៅ TD Plaza នៅក្នុងសង្កាត់ Ngo Quyen និងត្រូវបានគ្រោងលក់ទៅឲ្យក្រុមហ៊ុនម្ចាស់អគារផ្ទាល់តែម្ដង គឺក្រុមហ៊ុន Thuy Duong Construction and Trading Jsc។
ក្រុមហ៊ុន Thuy Duong ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ និងមានការវិនិយោគលើអចលនទ្រព្យ និងសំណង់អគារស្នាក់នៅ។ក្រុមហ៊ុន Parkson Retail Asia បានបញ្ជាក់ថា តម្លៃព្រមព្រៀងលក់សាខាផ្សារទំនើប Parkson នេះ គឺមានក្រោមតម្លៃទីផ្សារដល់ទៅ ៥០ម៉ឺនដុល្លារអាមេរិក ហើយប្រាក់ដែលបានមកពីការលក់ផ្សារទំនើបនេះ នឹងជួយពង្រឹងលំហូរសាច់ប្រាក់ និងកាត់បន្ថយបំណុលរបស់ក្រុមហ៊ុន។
បន្ទាប់ពីការលក់សាខាផ្សារទំនើបនេះទៅ ក្រុមហ៊ុនសិង្ហបុរី ដែលជាប្រតិបត្តិករផ្សារទំនើប Parkson នៅវៀតណាមនេះ នឹងបន្ដប្រតិបត្តិការលើផ្សារ Parkson ចំនួន ៣សាខាប៉ុណ្ណោះ គឺមាន២សាខានៅ ទីក្រុងហូជីមិញ និង១ទៀត នៅទីក្រុង ដាណាង។
ផ្សារ Parkson បានចូលមកក្នុងប្រទេសវៀតណាមតាំងពីឆ្នាំ២០០៥ និងបានបើកសាខាដល់ទៅ ៩សាខា ក្នុងរយៈពេលល ៩ឆ្នាំ។ ប៉ុន្ដែ តាំងពីឆ្នាំ២០១៥មក ផ្សារទំនើបនេះ បានបិទទ្វារចំនួន ៣ សាខានៅក្នុងទីក្រុង ហូជីមិញ និង២សាខានៅទីក្រុងហានូយ ក្រោយពីមានបញ្ហាប្រាក់ចំណេញធ្លាក់ចុះខ្លាំង។
តាមទិន្នន័យដែលរៀបរៀងដោយសារព័ត៌មាន VN Express បានបង្ហាញថា ក្រុមហ៊ុនផ្សារទំនើប Parkson នេះ មិនត្រឹមតែមានការធ្លាក់ចុះប្រាក់ចំណេខ្លាំងនៅវៀតណាមប៉ុណ្ណោះទេ នៅប្រទេសផ្សេងទៀត ដូចជាឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ក៏មានការធ្លាក់ចុះដែរ។
នៅវៀតណាម តាមរបាយការណ៍ក្រុមហ៊ុនគ្រប់គ្រងផ្សារទំនើប Parkson បានឲ្យដឹងថា នៅក្នុង៣ត្រីមាសដំបូងនៃឆ្នាំសាពើពន្ធ២០២០នេះ ក្រុមហ៊ុនមានការខាតបង់ប្រមាណ ៨,៥លានដុល្លារអាមេរិក ហើយការខាតបង់នៅទីផ្សារវៀតណាមនេះ គឺខាតបង់ធំជាងគេបើធៀបនឹងទីផ្សារផ្សេងទៀតដូចជាឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងកម្ពុជា។
គួរបញ្ជាក់ថា ផ្សារទំនើប Parkon នេះក៏ធ្លាប់ប្រកាសនឹងចូលមកក្នុងទីផ្សារកម្ពុជាដែរ ប៉ុន្ដែ ក៏ត្រូវអាក់ខានទៅវិញ។ ក្នុងនោះដែរ ក្រុមហ៊ុនផ្សារ Parkson នេះ ក៏មានការប្ដឹងផ្ដល់គ្នាជាមួយក្រុមហ៊ុនម្ចាស់អគារជួល ហើយតុលាការកម្ពុជាក៏បានកាត់ក្ដីឲ្យក្រុមហ៊ុនផ្សារទំនើប Parksonនេះ ចាញ់ និងត្រូវបានបង្គាប់ឲ្យសងសំណងទៅកាន់ក្រុមហ៊ុនម្ចាស់អគារជួលរាប់រយលានដុល្លារអាមេរិកផងដែរ៕