ហ្វូងមនុស្សបានចេញដើរតាមផ្លូវកាលពីចុងសប្តាហ៍មុននៅក្នុងទីក្រុងអ៊ូរុមឈី (Urumqi) តំបន់ស៊ីនជាំង ដោយបានស្រែកថា «សូមបញ្ចប់វិធានការបិទខ្ទប់!»។ ការតវ៉ាមិនពេញចិត្តពីពលរដ្ឋនេះទៀតសោត ធ្វើឡើងបន្ទាប់ពីមានអគ្គីភ័យដ៏សាហាវមួយ ឆក់យកជីវិតមនុស្សអំឡុងពេលបិទខ្ទប់។ ទាំងនេះបើរូបភាពវីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គមរបស់ចិន។
ទីភ្នាក់ងាររ៉យទ័របានរាយការណ៍ថា វីដេអូនេះត្រូវបានផ្សព្វផ្សាយពីទីក្រុងអ៊ូរុមឈីជាទីដែលពលរដ្ឋភាគច្រើនក្នុងចំណោមពលរដ្ឋសរុប៤លាននាក់កំពុងជាប់គាំង ក្នុងវិធានការបិទខ្ទប់ ដោយពួកគេមិនត្រូវបានអនុញ្ញាតឱ្យចេញពីផ្ទះរហូតដល់រយៈពេល ១០០ ថ្ងៃឯណោះ។
ចំណែកនៅរដ្ឋធានីប៉េកាំងវិញ ពលរដ្ឋមួយចំនួនដែលស្ថិតនៅក្រោមវិធានការបិទខ្ទប់នេះបានធ្វើការតវ៉ាទ្រង់ទ្រាយតូច ឬក៏ប្រឈមមុខនឹងមន្ត្រីមូលដ្ឋានជុំវិញការរឹតបន្តឹងការដើរហើររបស់ពួកគេដោយអ្នកខ្លះបានបង្ខំឱ្យអាជ្ញាធរលើកវិធានការបិទខ្ទប់នេះមុនកាលកំណត់ថែមទៀត។
បន្ទាប់ពីមានការតវ៉ា មន្ត្រីនៅទីក្រុងអ៊ូរុមឈី បានធ្វើសន្និសីទព័ត៌មានភ្លាមៗ ដោយបានបដិសេធថា វិធានការបិទខ្ទប់នេះមិនបានរាំងស្ទះដល់ការរត់គេចខ្លួន និងការជួយសង្គ្រោះនៅក្នុងគ្រោះអគ្គិភ័យនោះទេ។
សូមជម្រាបថា កាលពីថ្ងៃអាទិត្យម្សិលមិញ ការតវ៉ាប្រឆាំងបានរីករាលដាលទៅកាន់ទីក្រុងជាច្រើនទៀត រួមទាំងនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុទីក្រុងសៀងហៃផងដែរ។ នៅទីក្រុងសៀងហៃដដែល ដែលជាទីក្រុងដែលមានប្រជាជនច្រើនជាងគេរបស់ប្រទេសចិន អ្នកស្រុកបានប្រមូលផ្តុំគ្នាកាលពីយប់ថ្ងៃសៅរ៍ដើម្បីអុតភ្លើងទៀន រំឭកដល់អ្នកស្លាប់ដោយភ្លើងឆេះនៅក្រុង អ៊ូរុមឈី តំបន់ស៊ីនជាំង។
ចិនកំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងកូវីដ១៩រលកថ្មី ដែលបានជំរុញឱ្យមានការបិទខ្ទប់ម្តងហើយម្តងទៀត និងការរឹតបន្តឹងផ្សេងៗ នៅក្នុងទីក្រុងនានាទូទាំងប្រទេស ខណៈដែលទីក្រុងប៉េកាំងប្រកាន់ខ្ជាប់នូវគោលនយោបាយសូន្យកូវីដ ទោះបីពិភពលោករួមរស់ជាមួយវីរុសក៏ដោយ។ ចំនួនករណីឆ្លងនៅចិនបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនថ្ងៃជាមួយនឹងការឆ្លងថ្មីជិត ៤ម៉ឺនករណី៕
អត្ថបទ ៖ សុខ ជា