ប្រធានអាជ្ញាធរល្បែងរបស់ប្រទេសហ្វីលីពីនបាននិយាយកាលពីថ្ងៃអង្គារទី២១មីនាថា ប្រទេសហ្វីលីពីនកំពុងសម្លឹងរកការប្រមូលប្រាក់ប្រហែល ៨០ ពាន់លានប៉េសូ ឫប្រមាណជិត១ពាន់៥រយលានដុល្លារ ពីការលក់ភាគហ៊ុនកាស៊ីណូតូចៗ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ។
លោក អាល់លីជេនដ្រូ តេងខូ (Alejandro Tengco) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Pagcor ដែលជាទីភ្នាក់ងារ កំពុងប្រតិបត្តិការកាស៊ីណូរបស់រដ្ឋបានអះអាងថា នេះគឺការរំពឹងទុករបស់បណ្តាកាស៊ីណូ ដែលគ្រប់គ្រងនិងប្រតិបត្តិករអាជីវកម្មដោយរដ្ឋ ហើយដើម្បីជំរុញកាស៊ីណូឲ្យក្លាយជាប្រភព ចម្បងនៃប្រាក់ចំណូលបន្ថែមទៀតនោះ។
លោកបានអះអាងថា ដើម្បីជំរុញឲ្យកាស៊ីណូកាន់តែចូលរួមលើកកំពស់សេដ្ឋកិច្ច និងទេសចរណ៍ អាជ្ញាធរកំពុងតែមានផែនការផ្តល់ឲ្យក្រុមហ៊ុនកាស៊ីណូនានា អាចស្នើសុំសិទ្ធិឯកជននីយកម្ម របស់កាស៊ីណូពួកគេបាន។
មកដល់ពេលនេះ គេដឹងថា រដ្ឋាភិបាលហ្វីលីពីនកំពុងតែគ្រប់គ្រងកាស៊ីណូ ចំនួន ៤៤កន្លែង ហើយប្រតិបត្តិការកាស៊ីណូរបស់រដ្ឋទាំងនេះ បានបង្កើតប្រាក់ចំណូលសរុបត្រឹមតែ១៦ ពាន់លានប៉េសូ ឫ ជាង ២៩០ លានដុល្លាប៉ុណ្ណោះ ខណៈដែលវិស័យកាស៊ីណូទាំងមូលត្រូវបានគេដឹងថា រកបានប្រាក់ចំណូល៤ពាន់លានដុល្លារកាលពីឆ្នាំ២០២២ ។
នៅមុនពេលដែលមានការរីករាលដាលដោយមេរោគកូវីដ ១៩ វិស័យកាស៊ីណូនៅហ្វីលីពីន គឺអាចរកប្រាក់ចំណូលសរុបដល់ទៅជាង ៤ពាន់៧រយលានដុល្លារ ហើយប្រាក់ចំណូលនេះរំពឹងថា នឹងអាចមានប្រហែលនឹងកម្រិតមុនកូវីដ១៩ឡើងវិញ នៅឆ្នាំ២០២៤ខាងមុខនេះ។ ការងើបឡើងវិញ នៃវិស័យកាស៊ីណូនេះ ត្រូវបានរំពឹងថា គឺដោយសារការកើនឡើងវិញនៃភ្ញៀវទេសចរចិន និងការរីកចម្រើននៃកាស៊ីណូថ្មីៗនៅខាងក្រៅទីក្រុងម៉ានីល៕
អត្ថបទ ៖ សរ សុជាតិ