ក្រោយពេលដែលពលរដ្ឋដែលរស់នៅទីក្រុងម៉ានិល ប្រទេសហ្វីលីពីនបានទៅចាក់វ៉ាក់សាំងមានចំនួនតិចតួច និង មានពលរដ្ឋកាន់តែច្រើនឡើងៗ ហាក់បីដូចជារារែកក្នុងចិត្តក្នុងការចាក់វ៉ាក់សាំងផងដែរនោះ បុរសខ្លាំងរបស់ហ្វីលីពីន លោក ឌូទែរតេ បានថ្លែងប្រាប់ទៅពលរដ្ឋតាមរយៈកញ្ចក់ទូរទស្សន៍ក្នុងសន្និសីទសារព័ត៌មានមួយកាលពីដើមសប្តាហ៍នេះថា៖ វាជាជម្រើសរបស់អ្នកទាំងអស់គ្នា ថាតើគួរទៅចាក់វ៉ាក់សាំង ឬ ចង់ឲ្យអាជ្ញាធរចាប់ដាក់គុក?
ប្រធានាធិបតី ហ្វីលីពីន បាននិយាយថា ៖ ពេលនេះប្រទេសជាតិកំពុងស្ថិតក្នុងវិបត្តិហើយលោកពិតជាខកចិត្ត នៅដែលឃើញប្រជាជនហ្វីលីពីន មិនស្តាប់តាមរដ្ឋាភិបាល។
ការថ្លែងបែបនេះ ហាក់មានការផ្ទុយស្រឡះពីការលើកឡើងរបស់មន្ត្រីសុខាភិបាលហ្វីលីពីន ដែលបានគូសបញ្ជាក់ថា ពលរដ្ឋត្រូវបានរដ្ឋលើកទឹកចិត្តឲ្យមកទទួលយកវ៉ាក់សាំងកូវីដ-១៩ ហើយការសម្រេចចិត្ត ថាចាក់ ឬ មិនចាក់នោះ គឺស្ថិតក្នុងលក្ខខណ្ឌស្ម័គ្រចិត្ត។
គិតត្រឹមថ្ងៃទី២០ខែមិថុនា មានពលរដ្ឋហ្វីលីពីនតែជាង២លាននាក់ប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ បានចំនួន២ដូស ហើយបើធៀបនឹងចំនួនប្រជាជនសរុបជាង ១១០លាននាក់របស់ខ្លួននោះ អត្រាចាក់វ៉ាក់សាំងនេះ គឺស្ថិតនៅក្នុងកម្រិតមួយទាបខ្លាំងណាស់។
រដ្ឋាភិបាលហ្វីលីពីនមានគោលដៅចាក់វ៉ាក់សាំងដល់ពលរដ្ឋឲ្យបានយ៉ាងហោចណាស់ ៧០លាននាក់នៃចំនួនប្រជាជនសរុប។
គួរជម្រាបថា បច្ចុប្បន្នហ្វីលីពីនមានអ្នកឆ្លងកូវីដ-១៩សរុបដល់ទៅជាង ១លាន៣សែននាក់ហើយ ក្នុងនោះស្លាប់ជាង ៣ពាន់៧រយនាក់៕