អ្នកឧកញ៉ា លី ហួរ ជឿជាក់ថា តាមរយៈវត្តមានគម្រោងបុរីវិមានភ្នំពេញ វាមិនត្រឹមតែជួយលើកសោភណ្ឌភាពទីរួមស្រុកស្នួលប៉ុណ្ណោះទេ តែវាក៏នឹងជួយជំរុញឲ្យតម្លៃដីធ្លីនៅតំបន់នោះមានភាពល្អប្រសើរផងដែរ។ មហាសេដ្ឋីអចលនទ្រព្យរូបនេះ បានវាយតម្លៃថា អតិថិជនដែលមិនបានទិញអចលនវត្ថុក្នុងគម្រោងនេះ អាចនឹងមានការស្ដាយក្រោយដោយសារកំណើនតម្លៃអចលនទ្រព្យក្នុងរយៈពេល៣ឆ្នាំខាងមុខ នឹងកើនកាន់តែខ្ពស់។
នាពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់និងបើកលក់ជាផ្លូវការបុរីវិមានភ្នំពេញគម្រោងទី១៦ នៅទីរួមស្រុកស្នួល ខេត្តក្រចេះនាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន លី ហួរ ជឿជាក់ថា តាមរយៈវត្តមាន«មជ្ឈមណ្ឌលពាណិជ្ជកម្មស្នួល» វានឹងជួយឲ្យស្រុកស្នួលមានការផ្លាស់ប្តូរមុខមាត់ថ្មីក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ ផ្លាស់ប្តូរមុខមាត់ថ្មីនេះ គឺអ្នកឧកញ៉ា ចង់សំដៅដល់ការលើកសោភ័ណភាពពីការប្រកបអាជីវកម្ម ដែលគ្មានរបៀបរៀបរយ ឲ្យក្លាយជាតំបន់ដែលប្រមូលផ្តុំដោយអាជីវកម្ម និងពាណិជ្ជកម្មដ៏ល្អប្រណិត។
អ្នកឧកញ៉ា លី ហួរ វាយតម្លៃថា បុរីវិមានភ្នំពេញគម្រោងទី១៦ នឹងជួយប្រែក្លាយស្រុកស្នួលឲ្យក្លាយជាតំបន់ភាគឦសានដ៏មានសក្តានុពលមួយរបស់កម្ពុជានាពេលអនាគត ព្រោះតំបន់នេះនឹងបណ្តុំដោយផ្ទះអាជីវកម្មជាង៥០០ខ្នងផ្ទះ និងអគារពាណិជកម្មពាណិជ្ជកម្មជាច្រើនទៀត។ ក្រៅពីជួយលើកមុខមាត់ និងកែប្រែសោភ័ណភាពអាជីវកម្ម គម្រោងនេះ ក៏នឹងរួមចំណែកជួយលើកកម្ពស់ជីវភាពប្រជាពលរស់នៅតំបន់នោះ និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ។
អ្នកឧកញ៉ា លី ហួរ បានគូសបញ្ជាក់បន្ថែមថា អតិថិជនដែលមើលមិនឃើញពីចំណុចសំខាន់ និងសក្តានុពលរបស់គម្រោងនេះនាពេលបច្ចុប្បន្នអាចនឹងមានការស្តាយក្រោយក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ។ ស្តាយក្រោយក៏ដោយសារពួកគេនឹងពិបាកក្នុងការរកទិញអចលនវត្ថុនៅតំំបន់នោះ ដោយសារមានការឡើងថ្លៃខ្ពស់។
ជាមួយគ្នានេះលោក សាម ណាល់ អភិបាលស្រុកស្នួលជឿជាក់ថា តាមរយៈគម្រោងបុរីវិមានភ្នំពេញរបស់អ្នកឧកញ៉ា លី ហួរ វានឹងជួយទាក់ទាញក្រុមហ៊ុន និងវិនិយោគិនផ្សេងៗឲ្យមកបោះទុនវិនិយោគនៅស្រុកនេះកាន់តែច្រើនថែមទៀត ដែលវានឹងជួយកែប្រែមុខមាត់ស្រុកនេះឲ្យក្លាយតំបន់ពាណិជ្ជកម្មដ៏ទាក់ទាញ។ ហើយតាមរយៈគម្រោងនេះដែរ វាក៏នឹងជួយផ្តល់ការងារជូនប្រជាពល ដែលបានបាត់បង់ការងារធ្វើឲ្យដោយសារវិបត្តិកូវីដ-១៩ ផងដែរ។
បើតាមអ្នកឧកញ៉ា លី ហួរ កត្តាដែលធ្វើឱ្យក្រុមហ៊ុនរបស់អ្នកឧកញ៉ា អាចបោះទុនវិយោគអភិវឌ្ឍន៍សាងសង់អគារលំនៅឋានបានរហូតមកដល់បច្ចុប្បន្ននេះ គឺដោយសារតែក្រុមហ៊ុនបានយកចិត្តទុកដាក់លើគុណភាពសេវាកម្ម គុណភាពសំណង់ ទីតាំងអភិវឌ្ឍន៍ និងលក្ខខណ្ឌបង់ប្រាក់ ងាយស្រួលស្របទៅតាមស្ថានភាពកម្រិតជីវភាពរបស់អតិថិជន និងទៅតាមប្រភេទម៉ូតផ្ទះ។
សូមបញ្ជាក់ថា ក្រុមហ៊ុន លី ហូរ ឌីវឡុបម៉ិនវិមានភ្នំពេញ ឯក ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍សាងសង់ អគារលំនៅឋាន បានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១១ ដោយគិតមកទល់បច្ចុប្បន្នបង្កើតបានចំនួន ១៦គម្រោង ដែលបានសាងសង់នូវប្រភេទផ្ទះ និងអគារជាច្រើនដូចជា អគារពាណិជ្ជកម្ម ផ្ទះពាណិជ្ជកម្ម ភូមិគ្រឹះ ផ្ទះវីឡាទោល ផ្ទះវីឡាភ្លោះ ផ្ទះវីឡាកូនកាត់ និងផ្ទះល្វែងសម្រាប់លក់ជូនប្រជាពលរដ្ឋគ្រប់កម្រិតជីវភាព៕